ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រ៉ូបត​ជួយ​ក្នុង​គ្រា​អាសន្ន​កូវីដ១៩


អ្នក​ជំងឺ​កូវីដ១៩​ស្ថិត​ក្នុង​ការ​ព្យាបាល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ជាមួយ​នឹង​រ៉ូបត​នៅ​មន្ទីរពេទ្យ Ospedale di Circolo ក្នុង​ក្រុង Varese ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។
អ្នក​ជំងឺ​កូវីដ១៩​ស្ថិត​ក្នុង​ការ​ព្យាបាល​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​ជាមួយ​នឹង​រ៉ូបត​នៅ​មន្ទីរពេទ្យ Ospedale di Circolo ក្នុង​ក្រុង Varese ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។

នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩​បាន​ផ្ទុះ​ឡើង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ហើយ​ក្រុម​មន្ត្រី​សុខាភិបាល​បាន​ថ្លែងថា​គ្រប់គ្នា​ត្រូវ​រក្សា​គម្លាត​២ម៉ែត្រ​ពីគ្នា​ អ្នកស្រី Tracy Stannard ដែល​ជា​ម្ចាស់​ផ្សារ Broad Branch ដឹង​ថា​ អាជីវកម្ម​របស់​អ្នកស្រីនឹង​លែង​អាច​ដំណើរការ​ដូច​មុន​ទៀត​​ហើយ។

អតិថិជន​បាន​នាំ​គ្នា​មក​ទិញ​ទំនិញ​ដើម្បី​ស្តុក​ទុក​យ៉ាង​ច្រើន​កុះករ។

អ្នកស្រី Stannard ថ្លែងថា៖ «យើង​ដឹង​ថា​ វា​នឹង​មាន​ហានិភ័យ​ខ្ពស់​បន្តិច​ហើយ​ ដែល​មាន​មនុស្ស​ជា​ច្រើននៅ​ក្នុង​ផ្សារ។ យើង​ចង់​ឲ្យ​អ្នក​ខ្លះ​នៅ​ខាង​ក្រៅ​ហាង»។

ប៉ុន្តែ​អ្នកស្រី​ក៏​ចង់​បន្ត​លក់​គ្រឿង​ទេស​ផង​ដែរ។

ដូច្នេះ​អ្នកស្រី​បាន​ងាក​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា Starship ដែល​ប្រើប្រាស់​រូបយន្ត​ ឬ​រ៉ូបតដឹក​ទំនិញ។​

អ្នកស្រី​ថ្លែងថា៖ «រ៉ូបតទំនង​ជា​ជម្រើស​ដ៏​ល្អ»។

នៅ​ពេល​ដែល​ការ​ប្រាស្រ័យ​ទាក់​ទង​រវាង​មនុស្ស​និង​មនុស្ស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព រូបយន្ត​ប្រហែល​ជា​មាន​ប្រយោជន៍​ជាង​ពេល​ណាៗ​ទាំង​អស់។ បើ​ទោះ​បី​ជា​សក្តានុពល​របស់​រូបយន្ត​ធំធេង​ក៏​ដោយ​ ក៏រូប​យន្ត​មិន​ទាន់មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​យក​តួនាទី​នេះ​នៅ​ឡើយ​ទេ។ នេះ​បើតាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ជំនាញ។

អ្នកល្បី​ក្នុង​ស្រុក

នៅ​ក្នុង​តំបន់​រស់​នៅ​ក្បែរ​ផ្សារ Broad Branch រ៉ូបត​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Starship បាន​ក្លាយ​ជា​តារា​ល្បី។ គ្រប់​ទីកន្លែង​ដែល​វាទៅដល់​ មនុស្សម្នា​នាំ​គ្នា​ឈប់​ ដើម្បី​ថត​រូប​និង​វីដេអូ​ជា​មួយ​នឹង​រ៉ូបត​ដែល​មាន​កង់៦ ពណ៌ស និង​មាន​ធុង​ទឹកកក​នៅ​តាម​ផ្លូវ។

រ៉ូបតទាំង​នោះ​ជួយ​ផ្សាយ​ពាណិជ្ជកម្ម​បាន​ល្អ​ ប៉ុន្តែ​មិន​បាន​ជួយ​ស្រោច​ស្រង់​អាជីវកម្ម​របស់​អ្នកស្រី​នោះ​ទេ។ អ្នកស្រី​ថ្លែងថា៖ «ប្រាក់​ចំណូល​មិន​គ្រាន់​អាច​ទ្រទ្រង់​អាជីវកម្ម​បាន​នោះ​ទេ​ ក្នុង​គ្រា​នេះ»។

ប៉ុន្តែ​អ្នកស្រី​ថ្លែងថា ពួកគេ​បាន​ជួយច្រើន។ បើ​មិនមាន​រ៉ូបត​ទាំង​នេះ​ទេ វា​នឹង​កាន់​តែ​ពិបាក​ជាង​នេះ គឺ​ត្រូវ​ប្រើប្រាស់​ឡាន​ច្រើន​ដើម្បី​ដឹក​ទំនិញ»។

ហើយ​អតិថិជន​សប្បាយ​ចិត្ត​ដែល​រ៉ូបត​អាច​ឲ្យ​ពួកគេ​រក្សា​គម្លាត​ពី​មនុស្ស។

លោកRob Okum ដែល​ជា​អតិថិជន​មួយរូប​ថ្លែងថា៖ «ខ្ញុំ​ចូលចិត្ត​ត្រង់​ថា រ៉ូបត​នោះ​នឹង​យក​ទំនិញ​ឲ្យ​ខ្ញុំ​ដល់​ផ្ទះ ហើយ​ខ្ញុំ​មិន​ចាំ​បាច់​ចេញ​ទៅ​ផ្សារ​នោះទេ។ វា​ងាយ​ស្រួល​ណាស់ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុវត្ថិភាព​ជាង​មុន​ច្រើន​ព្រោះ​ខ្ញុំអាច​រក្សា​គម្លាត​ពី​អ្នក​ដទៃ​បាន»។

នៅ​កន្លែង​ផ្សេង​ទៀត រ៉ូបត​របស់​ក្រុមហ៊ុន Starship កំពុង​ដឹក​ម្ហូប​អាហារ​ចេញ​ពី​ភោជនីយដ្ឋាន​ដល់​ផ្ទះ។ ក្រុមហ៊ុន​ផ្សេង​ទៀត​ដូចជា​ក្រុមហ៊ុន Kiwibot ក្រុមហ៊ុន Postmates និងក្រុមហ៊ុន Amazon​ ជាដើម​ ក៏​កំពុង​ប្រើប្រាស់​រ៉ូបត​ដើម្បី​ដឹក​ទំនិញ​ដល់​ផ្ទះ​អតិថិជន​ផង​ដែរ។

ទោះ​បី​ពេល​នេះ ហាក់ដូច​ជាឱកាស​ល្អ​សម្រាប់​អាជីកម្ម​បែប​នេះ​ក្តី​ក៏​អាជីវកម្ម​ដឹក​ជញ្ជូន​ដោយ​ស្វ័យប្រវត្តិ​បែប​នេះ​មិន​រីកចម្រើន​ដែរ។

លោក Jeff Burnstein ប្រធាន​សមាគម​ជំរុញ​ពាណិជ្ជកម្មវិស័យ​ស្វ័យប្រវត្តិកម្ម​ថ្លែងថា៖ «មាន​ការ​ប្រើប្រាស់​រ៉ូបត​ច្រើន​នាពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ឃើញ​មាន​ការ​រីកលូតលាស់​ក្នុង​ការ​ប្រើប្រាស់​រ៉ូបត​ខ្លាំង [សម្រាប់​ការ​ដឹកជញ្ជូន​បែប] នេះ​ទេ»។

ការ​ដឹក​ទំនិញ​ដល់​ផ្ទះ​ដោយ​ប្រើប្រាស់​រ៉ូបត​មាន​ប្រើប្រាស់​តែ​នៅ​ក្នុង​តំបន់​តូចៗ​មួយ​ចំនួន​ដែល​ផ្លូវដើរ​និង​ដង​ផ្លូវ​រាប​ស្មើ ហើយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មិន​ប្រកាន់​ឲ្យ​ពួកគេ​ដើរ​លើ​ផ្លូវដើរ​ជាមួយ​មនុស្ស។ លោក Burnstein ថ្លែងថា មាន​វិធី​ជា​ច្រើន​ដើម្បី​ដឹក​ទំនិញ​ដល់​ផ្ទះ​អតិថិជន។

ភាព​កខ្វក់ ​និង​គ្រោះថ្នាក់

លោក Burnstein ថ្លែងថា រ៉ូបតត​តែងតែ​សក្តិសម​នឹង​ការងារ​ណា​ដែល​ភាព​កខ្វក់​និង​គ្រោះថ្នាក់ ហើយ​ការ​រាលត្បាត​នៃ​ជំងឺ​កូវីដ១៩​កំពុង​ផ្តល់​ឱកាសថ្មី​មួយ​ចំនួន។

រ៉ូបតបាញ់​ថ្នាំ​សម្លាប់​មេរោគ​កំពុង​កម្ចាត់​មេរោគ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​ប្រទេស​ប៊ែលហ្ស៊ិក​និង​កំពុង​កម្ចាត់​មេរោគ​នៅ​តាម​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នៅ​ទីក្រុង​ហុងកុង។

លោក Burnstein បាន​ថ្លែងថា៖ «ប្រសិន​បើ​អ្នក​នៅ​ក្នុង​មន្ទីរពេទ្យ​ ការិយាល័យ​ ឬ​ឃ្លាំង​ទំនិញ អ្នក​ប្រហែល​ចង់​ឲ្យ​រ៉ូបត​ធ្វើការងារ​កម្ចាត់​មេរោគ។ ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​មនុស្ស​មិនចាំបាច់​ចូល​ទៅ​ទីនោះ​ដើម្បី​កម្ចាត់​មេរោគ​ទេ។ រ៉ូបតជួយ​ធ្វើ​ឲ្យ​វា​មាន​សុវត្ថិភាព​ មុន​នឹង​មនុស្ស​ចូល​ទៅ​ធ្វើការ»។

រ៉ូបត​កំពុង​ជួយ​ដល់​បុគ្គលិក​ពេទ្យ​ឲ្យ​នៅ​មាន​សុខភាព​ល្អ​ ដោយ​រ៉ូបត​ជួយ​ដាក់​កម្រិត​លើ​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ពេទ្យ​និង​អ្នកជំងឺ​ដែល​ឈឺ។

ពួកគេ​អាច​យក​ម្ហូប​និង​ថ្នាំពេទ្យ​ដល់​អ្នក​ជំងឺ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​និង​ថៃ។

នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ រ៉ូបត​ដែល​មាន​បំពាក់​ម៉ាស៊ីន​ថតរូប និង​អេក្រង់ touchscreen ស្ថិត​នៅ​ក្បែរ​គ្រែ​អ្នក​ជំងឺ ដោយ​មើល​អ្នក​ជំងឺ ដូច្នេះ​គ្រូពេទ្យ​អាច​រក្សា​គម្លាត​ពី​អ្នកជំងឺ។

ការ​ប្រើប្រាស់​នៅ​មាន​កម្រិត

ប៉ុន្តែ នេះ​នៅ​គ្រាន់​តែ​ជា​ឧទាហរណ៍​តិច​តួច​តែ​ប៉ុណ្ណោះ។ ក្រុម​អ្នក​ជំនាញ​ថ្លែងថា រ៉ូបត​អាច​ធ្វើ​បាន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់។

លោក Howie Choset សាស្ត្រាចារ្យ​ផ្នែកការ​សិក្សា​រ៉ូបត​នៅ​ឯ​សាកលវិទ្យាល័យ Carnegie Mellon ថ្លែងថា៖ «រ៉ូបត​មាន​សក្តានុពល​ជាច្រើន។ ប៉ុន្តែ​ជា​អកុសល យើង​មិនមាន​ធនធាន​គ្រប់គ្រាន់​ដើម្បី​បង្កើត​នូវ​រ៉ូបត​ដែល​យើង​ត្រូវការ​សម្រាប់​ការ​រាលត្បាត​នៃ​ជំងឺ​កូវីដ១៩​ក្នុង​ពេល​ឥឡូវ​នេះ​ទេ»។

លោក Choset ថ្លែងថា ចំណាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​រ៉ូបត​នេះ​មិនទៀងទាត់​ក្នុង​គ្រា​វិបត្តិ​ចុង​ក្រោយ​នេះ។ លោកថ្លែងថា ឧទាហរណ៍ ក្រុម​ស្រាវជ្រាវ​របស់​លោក​បាន​បង្កើត​រ៉ូបត​រាង​ដូច​ពស់ ដែល​អាច​ចូល​ទៅ​កន្លែង​ចង្អៀត ដើម្បី​ស្វែងរក​ជនរងគ្រោះ​ពីការ​បាក់​អគារ។ វា​បាន​ជួយ​ដល់​ក្រុម​កាកបាទ​ក្រហម​នៅ​ទីក្រុង Mexico City ក្រោយ​មាន​គ្រោះ​រញ្ជួយដី​ឆ្នាំ២០១៧។

លោក​បាន​ថ្លែងថា៖ «ប៉ុន្តែ​យើង​ពេល​នោះ​ផលិត​វា​ពេល​មាន​ថវិកា​តិចតួច។ រ៉ូបត​មិន​មាន​គេ​ប្រើប្រាស់​រហូត​ដល់​មាន​គ្រោះ​រញ្ជួយដី ទើប​ម្នាក់ៗ​ចង់​បាន​រ៉ូបត​នោះ។ ប៉ុន្តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​ម្នាក់ៗ​ភ្លេច​រ៉ូបត​នោះ​បាត់»។

លោក Choset បានថ្លែងថា គេ​ត្រូវ​អភិវឌ្ឍ​រ៉ូបតបន្ថែម​ទៀត ប៉ុន្តែពិបាក​រក​ថវិកា​មក​ផលិត​វា​ណាស់។

មិនមែន​តែ​ក្នុង​វិស័យ​សិក្សា​ទេ​ដែល រ៉ូបត​មាន​ការ​ខ្វះខាត គឺ​ឧស្សាហកម្ម​រ៉ូបត​ទាំង​មូល​តែ​ម្តង​ដែល​កំពុង​ខ្វះខាត​ថវិកា។

អ្នកស្រី Andra Keay នាយក​គ្រប់គ្រង​ក្រុមហ៊ុន​រ៉ូបតSilicon Valley Roboticsថ្លែង​ថា៖ «យើង​ឃើញក្រុមហ៊ុន​រ៉ូបត​នានា​បិទ​ទ្វារ ជា​ពិសេស​កាលពី​ឆ្នាំ​មុន​ ដោយសារតែ​ពួកគេ​ឆាប់​ចូល​ទីផ្សារពេក»។​

ក្រុម​អ្នកវិនិយោគ​កំពុង​ស្វែង​រក​ចំណូល​មកវិញ​ឲ្យ​ឆាប់ ប៉ុន្តែ​ក្រុមហ៊ុន​ជាច្រើន​មិន​ទាន់​ចំណេញ​មកវិញ​នោះទេ។ វា​ត្រូវការ​ពេល​ប្រហែល១០ទៅ១៥ឆ្នាំ​ មុន​នឹង​ពួកគេ​អាច​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​និង​ម៉ូឌែល​ពាណិជ្ជកម្ម​របស់​ពួកគេ​ល្អ​ឥត​ខ្ចោះ។

អ្នកស្រី​ថ្លែងថា៖ «យើង​ត្រូវ​ការ​ភាព​អត់​ធ្មត់​ ក្នុង​គ្រា​ដែល​មាន​រ៉ូបត​ជំនាន់​ថ្មី​នេះ»។

ទោះ​ជា​យ៉ាង​នេះក្តី សម្រាប់​ពេល​ឥឡូវ​នេះ អ្នក​ធ្វើការជា​មនុស្ស​យន្ត​ ឬ​រ៉ូបត​ទាំងនេះ​មាន​តែ​នៅពេល​អនាគត​ទេ។

អ្នកស្រី​ថ្លែងថា៖ «នេះ​ជា​ឱកាស​មាស​សម្រាប់​វិស័យ​រ៉ូបតមែន។ ប៉ុន្តែ​យើង​អាច​ប្រើ​បាន​តែរ៉ូបត​ណា​ដែល​យើង​មាន​ស្រាប់»៕

ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា

XS
SM
MD
LG