ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ថៃ​ចេញ​គោលការណ៍​ថ្មី​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​ចូល​ប្រទេស​របស់​ខ្លួន ស្របពេល​ដែល​ចិន​បើក​ព្រំដែន​ឡើងវិញ


ភ្ញៀវទេសចរ​ទៅ​ទស្សនា​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។
ភ្ញៀវទេសចរ​ទៅ​ទស្សនា​ព្រះបរមរាជវាំង​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣។

ប្រទេស​ថៃ​នឹងតម្រូវ​ឱ្យអ្នក​ធ្វើ​ដំណើរ​អន្តរជាតិ​ទាំង​អស់​ត្រូវ​បង្ហាញ​ភស្តុតាង​ថា ​ខ្លួនបាន​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺកូវីដ១៩ពេញលេញ​រួច​ហើយ​មុន​ពេល​ចូល​មកដល់​ប្រទេសថៃ​នោះ។ នេះ​បើ​តាមអាជ្ញាធរ​អាកាសចរណ៍​របស់​ប្រទេស​នេះ​ ខណៈខ្លួន​កំពុង​ត្រៀម​រៀបចំការមក​ដល់​នៃ​អ្នក​ទេសចរ​ជា​ច្រើន​ថែម​ទៀត​ក្នុង​ពេល​ដែល​ប្រទេស​ចិន​បាន​បើក​ឡើវិញ​នូវ​ព្រំដែនរបស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌​មាន Reuters។

អាជ្ញាធរ​អាកាស​ចរណ៍​ស៊ីវិល​ថៃបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយកាល​ពី​ថ្ងៃ​សៅរ៍​ថា​ ចាប់​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះតទៅ​ គ្រប់​អ្នកដំណើរ​អន្តរជាតិទាំង​អស់​ ​ដែល​មក​ដល់ប្រទេសថៃ​ចាប់​ពី​ព្រលឹម​ថ្ងៃ​ចន្ទ​នេះ​ត្រូវ​តែ​បង្ហាញថា​ ពួក​គេ​បាន​ចាក់វ៉ាក់សាំង​គ្រប់ដូស​រួច​ហើយ ឬក៏​បង្ហាញ​លិខិតដែល​បញ្ជាក់​ថា​ ពួកគេ​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ ក្នុង​រយៈពេល៦ខែ​ចុង​ក្រោយ​នេះ។

ចំពោះ​អ្នក​ដំណើរ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ត្រូវ​បង្ហាញ​លិខិត​បញ្ជាក់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​គេមិន​បាន​ចាក់វ៉ា់ក់សាំងការពារ​ជំងឺ​នេះ។

អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថៃ​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍​នានា​ត្រូវ​ទទួល​ខុសត្រូវលើ​ការត្រួត​ពិនិត្យមើល​នូវ​ឯកសារ​នានា​មុន​អនុញ្ញាត​ឱ្យ​អ្នក​ដំណើរ​ឡើង​យន្តហោះ​របស់​ខ្លួន​ ហើយ​អាជ្ញាធរ​នេះ​ ក៏បាន​បង្ហោះលើ​គេហទំព័រ​របស់​ខ្លួន​នូវបញ្ជីវ៉ាក់សាំង​កូវីដ១៩ប្រភេទ​ណា​ដែលតម្រូវ​ឱ្យ​ចាក់វ៉ាក់សាំង​ប៉ុន្មាន​ដូស​នោះ​ផង​ដែរ។

វិធានការ​នេះ​នឹង​នៅ​ជា​ធរមាន​ យ៉ាងហោចណាស់​ក៏​ដល់​ដំណាច់ខែ​មករាឆ្នាំ​២០២៣​នេះ​ផង​ដែរ។ នេះបើតាមការ​បញ្ជាក់​របស់​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថៃ។

ការតម្រូវ​ឱ្យ​ចាក់​វ៉ាក់​សាំង​នេះ​ ត្រូវ​បានប្រទេស​ថៃ​លុបចោលម្តង​រួច​មក​ហើយ​ កាល​ពី​ខែ​តុលា​កន្លង​ទៅ​ ប៉ុន្តែ​ត្រូវ​បាន​កែប្រែ​ឡើង​វិញ​ ​ខណៈពេល​ដែល​ប្រទេស​ចិន​បាន​បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ​ បន្ទាប់ធ្វើការ​បន្ធូរ​បន្ថយ​នូវ​គោលនយោបាយ​គ្មាន​ជំងឺកូវីដ​១៩​របស់​ខ្លួនមក។

ជើង​ហោះហើរ​ពាណិជ្ជកម្ម​លើក​ទី១របស់​ចិន​មកកាន់​ប្រទេស​ថៃ ​តាម​រយៈ​ក្រុមហ៊ុន​អាកាស ចរណ៍ Xiamen Airlines flight MF833 នឹង​ត្រូវ​មក​ដល់​រាជធានី​បាងកក ពី​ទីក្រុង Xiamen ប្រទេស​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​ដោយ​ដឹក​អ្នក​ដំណើរ​ប្រមាណ​២៨៦​នាក់។ នេះ​បើតាមលោក​ស្រី Traisuree Taisaranakul អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ​ដែល​បាន​និយាយនៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ការ​តម្រូវ​ថ្មី​សម្រាប់​អ្នក​ដំណើរ​អន្តរជាតិចូល​មក​ប្រទេស​ថៃនៅ​ពេល​នេះ​ មិនអនុវត្ត​ទៅ​លើជនជាតិ​ថៃ​ដែល​កាន់​លិខិត​ឆ្លង​ដែនរបស់​ខ្លួន​ ឬ​អ្នក​ដំណើរ​ដែល​ឆ្លង​កាត់​នោះ​ឡើយ៕

XS
SM
MD
LG