លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុកថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុកធ្ងន់ធ្ងរមួយរបស់កម្ពុជា បើទោះបីជាអត្រាមនុស្សស្លាប់ដោយជំងឺនេះ បានថយចុះច្រើនក៏ដោយ។ សារលិខិតរបស់លោក ហ៊ុន សែន ដែលធ្វើឡើងដើម្បីប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បានបញ្ជាក់ឲ្យដឹងថា ពីឆ្នាំ២០១១-២០១៧ មានចំនួនករណីឈឺដោយជំងឺគ្រុនចាញ់ ត្រូវបានកាត់បន្ថយពីជាង៦ម៉ឺនករណី មកនៅត្រឹមជាង៣ម៉ឺនករណី និងចំនួនស្លាប់បានកាត់បន្ថយពី ៩៣នាក់មកនៅត្រឹម តែ១នាក់ប៉ុណ្ណោះ។
មេដឹកនាំប្រទេសកម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្ដាហ៍នេះ បានប្រកាសពីជោគជ័យនៃការកម្ចាត់ជំងឺគ្រុនចាញ់ ដោយធ្វើឱ្យអត្រានៃអ្នកស្លាប់ដោយជំងឺនេះ បន្តធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុតមួយ។ នេះបើយោងតាមសារលិខិតរបស់លោក ហ៊ុន សែន ដែលធ្វើឡើងសម្រាប់ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នាថ្ងៃទី២៥ ខែមេសាខាងមុខនេះ។
សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៨ ដែលអង្គភាពព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលបានចុះផ្សាយនៅថ្ងៃអង្គារនេះបានសរសេរតាមន័យដើមថា៖
«ចាប់តាំងពីឆ្នាំ២០១១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ២០១១-២០២៥ របស់រាជរដ្ឋាភិបាល តាមប្រភពរបាយការណ៍ប្រចាំឆ្នាំក្នុងសេវាសុខាភិបាលសាធារណៈរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ពីឆ្នាំ២០១១-២០១៧ មានចំនួនករណីឈឺត្រូវបានកាត់បន្ថយពី ៦២.៥៨០ករណី មកនៅត្រឹម ៣៦.៤៥៦ករណី និងចំនួនស្លាប់បានកាត់បន្ថយពី ៩៣នាក់មកនៅត្រឹម ១នាក់ បានន័យថា អត្រាស្លាប់ក្នុងចំណោមមនុស្ស ១០០ ០០០នាក់ បានថយចុះពី ០,៦៥នាក់ មកនៅត្រឹម ០,០០៦នាក់ ដែលជោគជ័យមុនគោលដៅគ្រោងទុកឆ្នាំ ២០១៩»។
ការថយចុះនៃអត្រាមនុស្សស្លាប់ដោយជំងឺគ្រុនចាញ់នេះ គឺបានមកពីផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ ២០១១-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិជាក់ស្ដែង ឈានឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់ទូទាំងប្រទេស។
យោងតាមសារលិខិតដដែលរបស់លោក ហ៊ុន សែន នោះ កម្ពុជាបានជ្រើសរើសយកប្រធានបទ «ត្រៀមរួចជាស្រេច ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់»ដើម្បីប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់។
លោក ហ៊ុន សែន បានផ្ដល់សេចក្ដីពន្យល់ចំពោះការជ្រើសរើសប្រធានបទនេះថា«សមស្របនឹងដំណើរវិវត្តនៃសភាពការណ៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងធ្វើការអភិវឌ្ឍតាមព្រំដែន និងតំបន់អេកូទេសចរធម្មជាតិ ព្រៃភ្នំ ដែលប្រឈមនឹងអត្រាឈឺ ស្លាប់ដោយជំងឺគ្រុនចាញ់នៅឡើយ»។
ដើម្បីរក្សាបាននូវជោគជ័យនៃការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ពីប្រទេស លោក ហ៊ុន សែន បាន «អំពាវនាវឲ្យក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ វិស័យឯកជន អង្គការនានា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍ ជាពិសេសប្រជាជនគ្រប់រូប សូមបន្តចូលរួមនិងគាំទ្រដល់បេសកកម្មរបស់ក្រសួងសុខាភិបាល ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ និងសម្រេចតាមគោលដៅយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ ២០២៥»។
មេដឹកនាំកម្ពុជាដ៏យូរឆ្នាំរូបនេះ ក៏បានបន្ថែមថា ជំងឺគ្រុនចាញ់នៅតែជាបន្ទុកដ៏ធ្ងន់របស់កម្ពុជា ហើយបើយើងមិនទាន់លុបបំបាត់មេរោគគ្រុនចាញ់ឲ្យអស់ពីក្នុងខ្លួនមនុស្សគ្រប់ៗរូបទេនោះ សត្វមូសដែកគោលញី ដែលបន្តមាននៅក្នុងព្រៃ និងតំបន់ជុំវិញ នៅតែមានឱកាសបឺតឈាមចម្លងមេរោគគ្រុនចាញ់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងពីសហគមន៍មួយទៅសហគមន៍មួយដដែល។
ជំងឺគ្រុនចាញ់មិនមែនជាបញ្ហាប្រឈមរបស់កម្ពុជានោះទេ តែជំងឺនេះនៅបន្តវាយលុកប្រជាជនក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត និងប្រទេសក្នុងតំបន់។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញខាងជំងឺគ្រុនចាញ់។
កាលពីឆ្នាំ ២០១៧ ក្រុមអ្នកស្រាវជ្រាវត្រូវបានធ្វើឲ្យបារម្ភកាន់តែខ្លាំងដោយការលេចឡើងនៃពូជមេរោគគ្រុនចាញ់ស៊ាំថ្នាំមួយនៅក្នុងប្រទេសកម្ពុជា។
ប្រភពមេរោគនេះ ត្រូវគេស្គាល់ថា ជា «superbug» ដែលមានឥទ្ធិពលលើភាគច្រើននៃឱសថប្រឆាំងជំងឺគ្រុនចាញ់ ដូចជាប្រភេទថ្នាំ អាតថឺម៉ីសសេនីន (artemisinin) ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺគ្រុនចាញ់។ មេរោគ superbug ដំបូងឡើយត្រូវបានរកឃើញនៅក្នុងឆ្នាំ ២០០៨នៅប្រទេសកម្ពុជា ដែលឥឡូវបានរីករាលដាលទៅដល់ផ្នែកផ្សេងៗទៀតនៃប្រទេស វៀតណាម ថៃ និងប្រទេសលាវ។
នៅក្នុងខែកញ្ញា ឆ្នាំ ២០១៧ អ្នកវិទ្យាសាស្ត្រជាច្រើនមកពីអង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol និង Oxford (Mahidol Oxford Tropical Medicine Research Unit) ហៅកាត់ថា MORU បានចេញផ្សាយអត្ថបទមួយនៅក្នុងគេហទំព័រសុខាភិបាលឈ្មោះ The Lancet ដោយបាននិយាយថា ការរីករាលដាលនៃប្រភេទមេរោគ ប្លាស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម C580Y ទូទាំងតំបន់មេគង្គ គឺជាការគំរាមកំហែងធ្ងន់ធ្ងរដល់ការគ្រប់គ្រង និងលុបបំបាត់ជំងឺគ្រុនចាញ់។
យ៉ាងណាក៏ដោយ មន្ត្រីសុខាភិបាលកម្ពុជាទទួលបន្ទុកជំងឺគ្រុនចាញ់ ថ្លែងកាលពីពេលកន្លងមកថា ភាពស៊ាំថ្នាំរបស់ជំងឺគ្រុនចាញ់ មិនមែនជាកត្តាព្រួយបារម្ភសម្រាប់កម្ពុជានោះឡើយ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ-បាណកសាស្ត្រ (National Center for Parasitology, Entomology and Malaria Control) ហៅកាត់ថា CNM មានប្រសាសន៍ប្រាប់ VOA កាលពីពេលកន្លងមកថា លោកមិនត្រូវបានធ្វើឲ្យបារម្ភ ដោយជំងឺគ្រុនចាញ់ដែលស៊ាំថ្នាំនេះទេ។
លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានសំដៅលើថ្នាំ អាតថឺម៉ីសសេនីន-មេហ្វ្លឃ្វីន (artesunate-mefloquine) ដែលប្រើសម្រាប់ការព្យាបាលជំងឺគ្រុនចាញ់។
VOA មិនទាន់អាចទាក់ទង លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បាននៅឡើយទេនៅថ្ងៃអង្គារនេះ ដោយទូរស័ព្ទលោករោទ៍ តែគ្មានអ្នកទទួល។
ប្រទេសកម្ពុជា បានប្រើប្រាស់ថ្នាំ dihydroartemisinin (DHA)-piperaquine (PP) តែវាមានការកើនឡើងនៃភាពស៊ាំថ្នាំ ទើបបានប្ដូរទៅប្រើថ្នាំ Artesunate Mefloquine(ASMQ) វិញ។ ការស៊ាំនេះ ត្រូវបានរកឃើញនៅក្នុងភាគខាងលិចនៃប្រទេសកម្ពុជាក្នុងតំបន់ខេត្តប៉ៃលិន ដែលក្រោយមកបានរាលដាលដល់ភាគឦសានប្រទេសថៃ និងភាគខាងត្បូងនៃប្រទេសលាវ។ នេះបើយោងតាមអត្ថបទដែលបោះពុម្ពផ្សាយលើគេហទំព័រ The Lancet ជាវេទិកានៃការចែករំលែកចំណេះដឹងខាងសុខាភិបាល។
នៅទូទាំងសាកលលោក មានប្រជាជនប្រមាណជា ៣,២ពាន់លាននាក់ នៅក្នុងប្រទេស និងទឹកដីនានាចំនួន ៩៥ បានប្រឈមនឹងគ្រោះថ្នាក់នៃការឆ្លងជំងឺគ្រុនចាញ់។ ការស្លាប់ភាគច្រើនក្នុងតំបន់អាហ្វ្រិក បានកើតមានលើកុមារអាយុ ៥ឆ្នាំ និងក្រោមជាងនេះ ដែលស្មើនឹងជាង២ភាគ៣នៃការស្លាប់។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។
យ៉ាងណាក៏ដោយ កាលពីដើមខែមេសានេះ ក្រុមអ្នកស្រាវជ្រាវខាងសុខាភិបាល បានឲ្យដឹងពីការរកឃើញដ៏ភ្ញាក់ផ្អើលមួយគឺ ការផ្ដល់ថ្នាំប៉ារ៉ាសេតាម៉ុលធម្មតាដល់អ្នកមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ អាចជួយដល់អ្នកជំងឺនោះឲ្យរួចផុតពីការខូចខាតតម្រង់នោម ដែលបានបង្កការស្លាប់ដល់មនុស្សពេញវ័យមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរជាច្រើននាក់។
នេះបើយោងតាមសេចក្ដីប្រកាសមួយចេញផ្សាយដោយអង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol Oxford (Mahidol Oxford Tropical Medicine Research Unit) ហៅកាត់ MORU។
លោក Arjen Dondorp សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Oxford និងជាប្រធានអង្គភាពស្រាវជ្រាវឱសថក្នុងតំបន់ត្រូពិកនៃសាកលវិទ្យាល័យ Mahidol Oxford ត្រូវបានស្រង់ប្រសាសន៍ក្នុងសេចក្ដីប្រកាសនោះ តាមន័យដើមថា៖
«នេះជាការរកឃើញដែលមានសារសំខាន់មួយ ពីព្រោះការខូចតម្រង់នោមធ្ងន់ធ្ងរ គឺកើតមានជាទូទៅ ពោលគឺថាជារឿយៗ វាមានភាពស្មុគស្មាញនៅក្នុងអ្នកជំងឺដែលជាមនុស្សពេញវ័យ និងមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ»។
លោកបានបន្ថែមថា៖
«ជាការភ្ញាក់ផ្អើលមួយ ដែលថ្នាំប៉ារ៉ាសេតាម៉ុលសាមញ្ញ និងមានតម្លៃថោក អាចការពារតម្រងនោមរបស់អ្នកមានជំងឺគ្រុនចាញ់ធ្ងន់ធ្ងរ។ ហេតុដូចនេះ វាមានសក្ដានុពលក្នុងការបន្ថយការស្លាប់បង្កដោយជំងឺគ្រុនចាញ់»។
បើទោះជាអត្រាឆ្លងនៃជំងឺគ្រុនចាញ់ និងការស្លាប់ដោយជំងឺដ៏សាហាវនេះមានការធ្លាក់ចុះនៅប្រទេសកម្ពុជាក៏ដោយ ក៏ប៉ុន្តែ អ្នកជំនាញធ្វើការក្នុងវិស័យប្រយុទ្ធប្រឆាំងនឹងជំងឺនេះ នៅតែមានក្ដីបារម្ភខ្លាំងចំពោះប្រភេទជំងឺគ្រុនចាញ់ដែលស៊ាំនឹងថ្នាំ ដែលកំពុងបន្តមានវត្តមាននៅឡើយ៕