អង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានអំពាវនាវឱ្យមានការជម្លៀសជាបន្ទាន់នូវមនុស្សមានជំងឺនិងរងរបួសរាប់រយនាក់ចេញពីប៉ែកខាងកើតនៃក្រុង Aleppo ក្នុងប្រទេសស៊ីរី។
អង្គការ WHO ស្ទង់ប្រមាណថា កុមារមានប្រមាណមួយភាគបីនៃពួកជនស៊ីវិលដែលបានស្លាប់ និងត្រូវរបួសកាលពីពីរសប្តាហ៍មុននេះ។
លោក Rick Brennan នាយកផ្នែកគ្រាមានអាសន្ននៃអង្គការ WHO បាននិយាយថា «ស្ថានការណ៍មិនអាចវាស់វែងបានទេ។ បើតាមពួកមន្ត្រីសុខាភិបាលនៅទីនោះថា មានមនុស្ស៣៣៨នាក់បានស្លាប់កាលពីពីរអាទិត្យមុននេះដោយសារការទម្លាក់គ្រាប់បែក ដោយមានរួមបញ្ចូលទាំងកុមារ១០៦នាក់ផងដែរ។ មនុស្ស៨៤៦នាក់ទៀតបានត្រូវរបួសដោយមានរួមបញ្ចូលទាំងកុមារ២៦១នាក់ផងដែរគឺជិតមួយភាគបីនៃអ្នករងរបួសទាំងអស់»។
លោកប្រធានាធិបតីស.រ.អាបារ៉ាក់អូបាម៉ាបានថ្កោលទោសយ៉ាងខ្លាំងដល់ «ការវាយប្រហារតាមអាកាសដ៏ព្រៃផ្សៃរបស់កងយន្តហោះចម្បាំងរុស្សី និងរបស់របបគ្រប់គ្រងស៊ីរី» លើក្រុមជនស៊ីវិលនៅក្នុងផ្នែកខាងកើតនៃក្រុង Aleppo។
អាជ្ញាធរសេតវិមានបាននិយាយថា លោកអូបាម៉ាបានមានប្រសាសន៍តាមទូរសព្ទជាមួយលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel កាលពីថ្ងៃព្រហស្បតិ៍។ ឥស្សរជនទាំងពីរនាក់នេះបានយល់ស្របគ្នាថា ប្រទេសរុស្សីនិងរបបគ្រប់គ្រងរបស់ប្រធានាធិបតីស៊ីរី Bashar al-Assad មាន «ការទទួលខុសត្រូវពិសេស» ក្នុងការបញ្ឈប់ការប្រយុទ្ធគ្នា និងអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌៕