ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​គាំទ្រ​ការ​ចាក់​វ៉ាក់សាំង​គ្រុនចាញ់​ដល់​កុមារ​នៅ​ទ្វីប​អាហ្វ្រិក


រូបឯកសារ៖ វេជ្ជបណ្ឌិត​ធ្វើតេស្ត​កុមារ​រក​ជំងឺ​គ្រុនចាញ់​នៅ​មន្ទីរពេទ្យIthani-Asheri នៅ​ក្រុង Arusha ប្រទេស​តង់សានី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។ (Reuters)

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ស្នើ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុនចាញ់​ដល់​កុមារ​នៅ​តំបន់​ភាគ​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក (sub-Sahara Africa) និង​នៅ​ក្នុង​តំបន់​ផ្សេង​ទៀត​នៅ​ទ្វីប​នេះ ដែល​មាន​អត្រា​ឆ្លង​ជំងឺ​គ្រុនចាញ់​ក្នុង​កម្រិត​មធ្យម​ទៅ​កម្រិត​ខ្ពស់។

វ៉ាក់សាំង​គ្រុនចាញ់​ដែល​គេ​ស្គាល់​ថា Mosquirix បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​បង្ការ​ជំងឺ​គ្រុនចាញ់​នៅ​ក្នុង​កម្មវិធី​សាកល្បង​វ៉ាក់សាំង​នេះ​លើ​កុមារ​ជាង ៨០០.០០០ នាក់​នៅ​ក្នុង​ប្រទេស​ហ្គាណា កេនយ៉ា និង​ម៉ាឡាវី តាំងពី​ឆ្នាំ ២០១៩ មក។

អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ជំងឺ​គ្រុនចាញ់​គឺជា​ឃាតករ​កំពូល​សម្លាប់​កុមារ​នៅ​ក្នុង​តំបន់​ភាគ​ខាង​ត្បូង​វាល​ខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក ដោយ​បាន​ធ្វើ​ឲ្យ​កុមារ​អាយុ​ក្រោម៥ឆ្នាំ​ជាង ២៦០.០០០ នាក់​ស្លាប់​ជា​រៀងរាល់​ឆ្នាំ។

វ៉ាក់សាំង​គ្រុនចាញ់​នេះ​តម្រូវ​ឲ្យ​ចាក់៤ដូស​ដើម្បី​ទប់ទល់​នឹង​មេរោគ P. falciparum «ដែល​ជា​ប្រភេទ​ប៉ារ៉ាស៊ីត​គ្រុនចាញ់​ដ៏​ប្រល័យ​បំផុត​នៅ​លើ​ពិភពលោក និង​ដ៏​រាលដាល​បំផុត​នៅ​ទ្វីប​អាហ្វ្រិក»។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក។

អ្នកស្រី​វេជ្ជបណ្ឌិត Matshidiso Moeti ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ទ្វីប​អាហ្វ្រិក បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា៖«អស់​រយៈពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ជំងឺ​គ្រុនចាញ់​បាន​តាម​បន្លាច​តំបន់​ភាគ​ខាង​ត្បូង​វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក ដោយ​បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះ​ធ្ងន់ធ្ងរ»។

អ្នកស្រី​បាន​បន្ថែម​ថា៖«យើង​ធ្លាប់​បាន​ប៉ង​ប្រាថ្នា​ចង់​ឲ្យ​មាន​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​បង្ការ​ជំងឺ​គ្រុនចាញ់ ហើយ​ឥឡូវ​នេះ​ជា​លើក​ដំបូង​បង្អស់ យើង​មាន​វ៉ាក់សាំង​ដូច​នេះ​ដែល​ស្នើ​ឲ្យ​ប្រើប្រាស់​ឲ្យ​បាន​ទូលំទូលាយ។ ការ​ស្នើ​ឡើង​នៅ​ថ្ងៃ​នេះ​បាន​ផ្ដល់​នូវ​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​សម្រាប់​ទ្វីប​អាហ្វ្រិក ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​ជំងឺ​គ្រុនចាញ់ ហើយ​យើង​រំពឹង​ថា កុមារ​អាហ្វ្រិក​ជា​ច្រើន​ទៀត​នឹង​មាន​ការ​ការពារ​ពី​ជំងឺ​គ្រុនចាញ់​និង​ធំធាត់​ឡើង​ជា​មនុស្ស​ពេញ​វ័យ​ដែល​មាន​សុខភាព​ល្អ»។

បើ​តាម​អង្គការ​សុខភាព​ពិភពលោក ទិន្នន័យ​ដែល​បាន​មកពី​កម្មវិធី​សាកល្បង​វ៉ាក់សាំង​នេះ​បាន​បង្ហាញ​ថា កុមារ​ជាង ២ ភាគ ៣ ដែល​មិន​បាន​ដេក​ក្នុង​មុង ទទួល​បាន​ប្រយោជន៍​ពី​វ៉ាក់សាំង​នេះ ហើយ​វ៉ាក់សាំង​នេះ​ជួយ​កាត់​បន្ថយ​បាន ៣០% មិន​ឲ្យ​មាន​អាការៈ «ជំងឺ​គ្រុនចាញ់​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត»។

កាសែត The Wall Street Journal បាន​រាយការណ៍​ថា វា​អាច​ត្រូវការ​ពេល​រាប់​ឆ្នាំ​ទៀត​ទើប​វ៉ាក់សាំង​នោះ​មាន​គ្រប់គ្រាន់​នៅ​គ្រប់​ទី​កន្លែង។

អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន GlaxoSmithKline អង្គការ PATH និង​អង្គការ​ស្រាវជ្រាវ​មួយ​ចំនួន​ទៀត​នៅ​ទ្វីប​អាហ្វ្រិក បាន​ចំណាយ​ពេល ៣០ ឆ្នាំ ដើម្បី​បង្កើត​វ៉ាក់សាំង​នេះ៕

XS
SM
MD
LG