ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​កម្ពុជា​អំពាវនាវ​ឲ្យ​ប្រយ័ត្ន​នឹង​គ្រុន​ឈីក ​ខណៈ​មនុស្ស​៦ពាន់​នាក់​ឈឺ


សត្វមូស​​មួយ​ក្បាល​កំពុង​បឺត​ជញ្ជក់​ឈាម​មនុស្ស។
សត្វមូស​​មួយ​ក្បាល​កំពុង​បឺត​ជញ្ជក់​ឈាម​មនុស្ស។

ក្រសួង​សុខាភិបាល​កម្ពុជា​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​នឹង​ជំងឺ​គ្រុន​ឈីក​(Chikungunya)​ ដែល​មាន​អាការៈ​ស្រដៀង​នឹង​គ្រុន​ឈាម​ដែរ ​ ខណៈ​ករណី​ជំងឺ​នេះ​បាន​កើន​ឡើង​ដល់​ទៅ​ប្រមាណ​៦​ពាន់​ករណី​នៅ​ទូទាំង​ប្រទេស។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០២០។​

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ​ យោង​តាម​ប្រព័ន្ធ​តាម​ដាន​ជំងឺ​គ្រុន​ឈាម​ថ្នាក់​ជាតិ​ជំងឺ​គ្រុន​ឈីក ​មាន​ករណី​សង្ស័យ​ចំនួន​៥៩៩៨​គិត​ត្រឹម​ថ្ងៃ​ទី​២៧ ​ខែ​កញ្ញា​ឆ្នាំ​២០២០ ​ដែល​កើត​ឡើង​នៅក្នុង​២១​រាជធានី​ខេត្ត ​ហើយ​ក្នុង​នោះ​ជាង​៨០​ភាគរយ​កើត​នៅ​ខេត្ត​សៀមរាប ​តាកែវ ​និង​ព្រះវិហារ។ ​ក្រសួង​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​ចំណោម​អ្នក​ឈឺ​គ្រុន​ឈីក​នេះ​ មាន​៥៤​ភាគ​រយ​ជា​មនុស្ស​ពេញវ័យ ​៣១​ភាគរយ​ជា​កុមារ​អាយុ​៥​ឆ្នាំ​ឡើង ​និង​១៥​ភាគ​រយ​ជា​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ។​

ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​រោគ​សញ្ញា​នៃ​ជំងឺ​គ្រុន​ឈីក​នេះ​កើត​មាន​ឡើង​ក្នុង​រង្វង់​២​ទៅ​៣​ថ្ងៃ ​ក្រោយ​មូល​ខ្លា​ញី​ខាំ ​ដោយ​មាន​អាការៈ​ក្តៅ​ខ្លួន​លើស​ពី​៣៨​អង្សារសេ ​ឈឺ​ក្បាល ​ឈឺ​ខ្លួន​ប្រាណ ​សន្លាក់​ដៃជើង និង​មាន​ចេញ​កន្ទួល​ក្រហម​នៅ​លើ​ដង​ខ្លួន​ ជាពិសេស​នៅ​តាម​ចំហៀង​ខ្លួន។​

ក្រសួងសុខាភិបាល​បញ្ជាក់​ថា៖ ​«អាការៈ​បែប​នេះ​អាច​នឹង​មាន​ស្រដៀង​គ្នា​ទៅ​នឹង​រោគ​សញ្ញា​គ្រុន​ឈាម​ដែរ ។​ សូម​បង​ប្អូន​ដែល​មាន​បញ្ហា​សុខភាព ​ត្រូវ​ប្រញាប់​ទៅ​ស្វែង​រក​ការ​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ ដែល​នៅ​ជិត​លោក​អ្នក​ ហើយ​ចៀស​វាង​ការ​ប្រើ​ប្រាស់​ថ្នាំ​ដោយ​ខ្លួន​ឯង​ ដែល​អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ ពិបាក​ព្យាបាល​ ឈាន​ទៅ​រក​ការ​ស្លាប់»។​

ប្រធាន​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ឈាម​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​ ប៉ារ៉ាស៊ីត​សាស្ត្រ​ និង​បាណក​សាស្ត្រ ​លោក ​លាង ឬទ្ធា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ៖​«អ្នក​ណា​ដែល​សង្ស័យ ​(ថា​មាន​ជំងឺ​នេះ)​ ត្រូវ​មក​មន្ទីរ​ពេទ្យ​រដ្ឋ​ជា​បន្ទាន់​ កុំ​ឲ្យ​នៅ​ផ្ទះ​មូស​ខាំ​ហើយ​ទៅ​ចម្លង​គេ​ទៀត»។​

កាល​ពី​ឆ្នាំ​មុន ​មិន​មាន​ករណី​ជំងឺ​ឈីក​នេះ​ទេ ​ដោយសារ​ជំងឺ​នេះ​វា​កើត​ឡើង​រៀង​រាល់​១០​ឆ្នាំ​ម្តង។ ​លោក​បន្ត​ថា​មិន​មាន​ករណី​ស្លាប់​ទេ​រហូត​មក​ដល់​ពេល​នេះ ​ហើយ​ក្នុង​ចំណោម​ករណី​សរុប​៦​ពាន់ ​ប្រមាណ​៩៦​ភាគរយ​បាន​ព្យាបាល​ជា​ហើយ។

លោក​ លាង​ ឬទ្ធា ​បន្ត​ថា​ គ្រុន​ឈីក​នេះ​ជា​ជំងឺ​ឆ្លង​ដែល​ចម្លង​ពី​មូស​ដែក​គោល​ញី ​ដូច្នេះ​លោក​ថា​ ប្រជា​ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំឲ្យ​មូស​ខាំ​ ហើយ​ប្រសិន​បើ​មាន​មាន​ជំងឺ​នេះ​ ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

គ្រុន​ឈីក​កើត​ឡើង​ដំបូង​បំផុត​នៅ​ឆ្នាំ​១៩៥២ ​នៅ​ប្រទេស​តង់ហ្សានី​នៃ​ទ្វីប​អាហ្វ្រិក។​ជំងឺ​នេះ​ធ្លាប់​ត្រូវ​បាន​រក​ឃើញ​ជា​ដំបូង​នៅ​កម្ពុជា ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ឆ្នាំ​១៩៦១ ​និង​នៅ​ឆ្នាំ​២០១១។​នេះ​បើ​តាម​ក្រសួង​សុខាភិបាល​កម្ពុជា៕

XS
SM
MD
LG