ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ទូរស័ព្ទ​ថ្មី​កំណត់​ពពួក​មូស​តាម​សំឡេង​ហើរ


រូបឯកសារ៖ មូស Aedes aegypti ត្រូវបានគេដាក់មើលនៅក្នុងទ្រុងមូសនៅមន្ទីរពិសោធន៍មួយក្នុងទីក្រុង Cucuta ប្រទេស Colombia។
រូបឯកសារ៖ មូស Aedes aegypti ត្រូវបានគេដាក់មើលនៅក្នុងទ្រុងមូសនៅមន្ទីរពិសោធន៍មួយក្នុងទីក្រុង Cucuta ប្រទេស Colombia។

សំឡេងយំ​ដ៏​ស្រួយ​របស់​សត្វ​មូស​មួយ​ក្បាល​គឺ​ជា​សំឡេង​ដ៏​គួរ​ឲ្យ​រំខាន​មួយ។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​​ប្រើ​សំឡេង​នោះ​ដើម្បី​​រក​ពពួក​សត្វ​មូស​ដែល​គ្រោះថ្នាក់។

សត្វ​មូស​បាន​សម្លាប់​មនុស្ស​រាប់រយ​ពាន់​នាក់​រាល់​ឆ្នាំ​ ដោយ​បាន​ចម្លង​មេរោគ​ដែល​បង្កឲ្យ​មាន​ជំងឺ​ដូចជា​ជំងឺ​គ្រុន​ចាញ់ ​គ្រុន​ឈាម​និង​គ្រុន​លឿង។​ ឥឡូវ​នេះ​អ្នក​ស្រាវ​ជ្រាវ​បាន​ប្រើ​សំឡេង​នេះ​ដើម្បី​បង្កើត​ជា​កម្មវិធី​ទូរស័ព្ទ​ថ្មី​មួយ​ឬឧបករណ៍​ដែល​ប្រើប្រព័ន្ធ​ Android​ ឬ iOS​ ដែល​នឹង​ជួយ​ត្រួត​ពិនិត្យ​ថា​តើ​សត្វ​ល្អិត​ដ៏​ប្រល័យ​នេះ​មកពីទី​ណា។

អ្នកស្រី ​Haripriya Vaidehi Narayanan ​និយាយ​ថា ​អ្នក​ណា​ដែល​មាន​ទូរស័ព្ទ​ចល័ត​អាច​ជួយដោះ​ស្រាយ​បញ្ហា​ជំងឺ​ទាំង​នោះ​ ដោយ​ប្រើ​កម្មវិធី​ Abuzz ​ដើម្បី​កំណត់​ប្រភេទ​សត្វ​មូស។

«បើសិន​ជាពួកគេ​ឃើញ​សត្វ​មូស​មួយ​ក្បាល​នៅ​ជុំវិញ ​ពួកគេ​អាច​បើក​ទូរស័ព្ទ​បើក​កម្មវិធី ​App ​ហើយ​លើក​ទូរស័ព្ទ​តម្រង់​ទៅ​ជិត​មូស​ហើយ​ចុច​ប៊ូតុងថត»។

អ្នក​ស្រី ​Narayanan បាន​ចាប់​ផ្តើម​ធ្វើការ​លើ​គម្រោង​នេះកាលពី​អ្នក​ស្រី​ជា​និស្សិតថ្នាក់​អនុបណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ Stanford។ ឥឡូវ​អ្នក​ស្រីធ្វើការ​ផ្នែកការ​សិក្សា​ប្រព័ន្ធ​ការពារ​សព៌ាង្គ​កាយ​ប្រឆាំង​នឹងមេរោគ ​(Immunology) នៅ​សាកល​វិទ្យាល័យ​ California ក្នុងទីក្រុង Los Angeles។

«ដូច្នេះ​នៅពេល​នោះ ​នៅពេល​ដែល​សត្វ​មូស​បាន​បក់ស្លាប​របស់​វាហើយ​ចាប់ផ្តើម​ហើរ វា​នឹង​បង្កើត​សំឡេង​នោះ​ សំឡេងដ៏​គួរ​ឲ្យ​រំខាន​ហើយ​វា​ជាសំឡេង​ដែល​កម្មវិធី​ Abuzz​ នឹងថត​ទុក​»។

ជំងឺ​ជាច្រើន​ដែល​កើត​ចេញពី​សត្វ​មូស​មិន​មានវិធី​ព្យាបាល​ឬ​វ៉ាក់សាំង​នោះ​ទេ​ ដូច្នេះ​ការ​ផ្តោត​លើ​សត្វ​មូស​គឺ​ជា​វិធានការ​ល្អ​បំផុត​ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ។

«បើសិនជា​យើង​នឹង​ដោះ​ស្រាយ​ជំងឺ​ដែល​បង្ក​ដោយ​សត្វ​មូស​ ដូចជា​ជំងឺ​គ្រុន​ចាញ់ ​ឬ​គ្រុន​ឈាម​ជំហាន​សំខាន់​បំផុត​គឺ​ត្រូវ​ដឹង​ថា​សត្វ​មូស​មកពីណា»។

ប៉ុន្តែ​ការ​តាមដានសត្វ​មូស​ តាម​ទម្លាប់​ធម្មតាអាច​ត្រូវការ​ពេលវេលា​ច្រើន​ហើយ​ថ្លៃ ដោយសារ​វា​ត្រូវ​ការ​កម្លាំង​ពលកម្ម​ច្រើន​ដើម្បី​ចាប់វា​ និង​អ្នក​វិទ្យាសាស្ត្រ​ដែល​ត្រូវបាន​បណ្តុះ​បណ្តាល​ដើម្បី​កំណត់​ប្រភេទ​សត្វ​ល្អិត​ដ៏​តូចនេះ។

សត្វ​មូស​មាន​ចំនួន​ប្រហែល ​៣.៥០០​ ពូជ​ខុសៗ​គ្នា​ ប៉ុន្តែ​មាន​ពូជ​តែ​ចំនួន​៤០​ប៉ុណ្ណោះ ​ដែល​គ្រោះ​ថ្នាក់ដល់​មនុស្ស។ នេះបើ​យោង​តាម​លោក Manu Prakash សាស្ត្រាចារ្យ​ជីវៈវិស្វកម្ម​នៃ​សាកល​វិទ្យាល័យ​ Stanford និង​ជា​អ្នកស៊ើប​អង្កេត​ចម្បងរបស់​គម្រោង​នេះ។

«នៅ​ខាងក្រោយ​ផ្ទះ​របស់​អ្នក តើ​អ្នក​មាន​សត្វ​មូស​មួយ​ក្បាលដែល​រំខាន​ឬ​ក៏​អ្នក​មាន​សត្វ​មូស​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់?»

ដើម្បីឆ្លើយ​នឹង​សំណួរ​នោះ ក្រុម​របស់​លោក Prakash បាន​សម្រេចចិត្ត​ស្តាប់។ នៅពេល​ដែល​សត្វ​មូស​បក់ស្លាប​ចុះ​ឡើង ពួកវា​បង្កើត​ជាសំឡេងប្លែក​នោះ។ គ្រប់ពូជ​សត្វ​មូស​ទាំង​អស់​បញ្ចេញ​សំឡេង​ខុស​គ្នា​បន្តិចបន្តួច។

អ្នក​ប្រើប្រាស់​ថត​សំឡេង​សត្វ​មូស​មួយ​ក្បាល​តាម​រយៈកម្ម​វិធី Abuzz នៅ​លើ​ទូរស័ព្ទ។ ត្រឹម​តែ១ឬ២ ​វិនាទីគឺ​គ្រប់​គ្រាន់​ហើយ។ កម្ម​វិធី​នោះ​ប្រៀបធៀប​សំឡេង​នោះ​នឹង​មូលដ្ឋាន​ទិន្នន័យ​មួយ​សម្រេច​ថា​តើ​សត្វ​មូស​នោះ អាច​ជា​ពូជ​អ្វី។

ក្រុម​បង្កើត​កម្មវិធី​និយាយ​ថា​ ពួកគេ​នឹង​អាច​ឃ្លាំមើល​មូសបាន​ក្នុង​លក្ខណៈទ្រង់​ទ្រាយធំ​ជាង​មុន​ដោយសារ​តែ​ឧបករណ៍​មិន​ថា​ទូរស័ព្ទ​ដៃ​ឬ​ស្មាតហ្វូ​ន​ណា​មួយ គឺ​បាន​ស្ថិត​នៅ​ក្នុង​ហោប៉ៅ​របស់​មនុស្ស​រាប់​ពាន់លាន​នាក់​រួចទៅ​ហើយ។

លោក Prakash និយាយ​ថា៖ «ការឃ្លាំមើល​នេះ​មិន​ត្រូវការ​ទូរស័ព្ទ​ស្មាតហ្វូន​ទំនើបទេ គឺ​គ្រាន់តែ​ទូរស័ព្ទដៃ​ធម្មតា​មួយ​គឺ​ល្អ​គ្រប់​គ្រាន់​ហើយ»។

តាម​រយៈ​ការ​ប្រមូល​ទិន្នន័យ​សត្វ​មូស​ពី​មនុស្ស​ជាច្រើន​នៅទូទាំង​ពិភពលោក ​កម្មវិធី​នេះ​នឹង​បង្កើត​ជា​ផែន​ទី​ថា​តើ​សត្វ​មូស​ដែល​មាន​គ្រោះថ្នាក់​មាន​នៅទីណា។ វា​នឹង​ជួយ​អ្នក​វិទ្យាសាស្ត្រ​និង​អាជ្ញាធរផ្នែក​សុខាភិបាល​ទស្សន៍​ទាយថា​តើជំងឺ​អាចផ្ទុះនៅទីណា​ហើយ​តើទីណាគួរ​តែធ្វើ​ការ​គ្រប់គ្រង​សត្វ​មូស។

លោក Prakash ជឿថា​ការចូលរួម​របស់​សហគមន៍ ​ប្រភេទ​នេះ​គឺជាគន្លឹះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ធំៗ​ដូចជា​ជំងឺ​កើត​ដោយ​សារ​មូស។

លោក Prakash និយាយ​ថា៖ «ចំនួន​មនុស្ស​ចូល​រួម​កាន់ច្រើន​នឹង​ធ្វើឲ្យ​កម្មវិធី​នេះ​កាន់តែ​ប្រសើរ។ ដូច្នេះ​យើង​ពិ​តជា​រំភើប​ណាស់​ បើសិនជា​មាន​មនុស្ស​រាប់រយ​ពាន់​នាក់ថត​សំឡេង​មូស​រាល់​ថ្ងៃ​ជា​ពិសេ​ស​នៅជុំវិញ​ពិភព​លោក វា​នឹង​បង្កើត​ជា​សហគមន៍​មួយ​ដែល​យើង​ត្រូវការ​ជាចាំបាច់»។

កម្មវិធី​ទូរស័ព្ទ​ Abuzz ​នឹង​អាច​ទាញយក ​(download)​ មកប្រើ​ដោយ​ឥត​គិតថ្លៃ​បាន​នៅក្នុង​ពេល​១​ឬ២​ខែ​ទៀត។ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់គេហទំព័រ abuzz.stanford.edu ។

អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ទៀត​នៅ​សាកល​វិទ្យាល័យ​ Oxford ក្នុង​ចក្រភព​អង់គ្លេស​ កំពុង​បង្កើត​កម្មវិធីទូរស័ព្ទ​ស្រដៀង​គ្នា​ហៅ​ថា Mozzwear ដើម្បី​ស្វែង​រក​មូស​បង្កជំងឺ​គ្រុនចាញ់​តាម​រយៈ​សំឡេង​របស់​វា។

ទោះ​បី​ជា​សំឡេង​នេះ​ធ្វើ​ឲ្យ​ពួកយើង​ទាំង​អស់​គ្នា​ប្រញាប់​សម្លាប់​សត្វល្អិត​ដ៏គួរ​ឲ្យ​ធុញនេះ​ភ្លាមៗ អ្នក​ស្រាវជ្រាវ​នានា​សង្ឃឹម​ថាលោកអ្នកនឹង​ដក​ទូរស័ព្ទរបស់​អ្នក​ចេញមក ហើយ​ថត​សំឡេង​វា​ជាមុន​សិន៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG