ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាពពិភព​លោក​ថា​ ជន​ជាតិ​អាហ្វ្រិក ៤៤ លាន​នាក់​ប្រឈម​គ្រោះ​ថ្នាក់​ដោយ​ជំងឺ​កូវីដ១៩


មន្ត្រី​ប៉ូលិស​ដែល​សម្រាក​ពី​ការងារ​​អង្គុយ​នៅលើ​កៅអី តម្រង់​ជួរ​រង់​ចាំ​ធ្វើ​តេស្ត​រក​មើល​មេរោគ​កូវីដ១៩ នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ២០២០។
មន្ត្រី​ប៉ូលិស​ដែល​សម្រាក​ពី​ការងារ​​អង្គុយ​នៅលើ​កៅអី តម្រង់​ជួរ​រង់​ចាំ​ធ្វើ​តេស្ត​រក​មើល​មេរោគ​កូវីដ១៩ នៅ​ទីក្រុង Johannesburg ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៧ ឧសភា ២០២០។

មនុស្ស​រហូត​ដល់​ទៅ ៤៤ លាន​នាក់​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ អាច​មាន​មេរោគ​កូរ៉ូណា​ ហើយ​១សែន​៩​ម៉ឺន​នាក់​ទៀត​ នឹង​ស្លាប់ ​ប្រសិន​បើ​ វីរុស​នោះ​ មិន​ត្រូវ​បាន​គេ​រាំង​ខ្ទប់​ទេ។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភព​លោក។

របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភព​លោក​ បាន​ពិនិត្យ​មើល​ប្រទេស​ចំនួន​៤៧​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក។ របាយការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​អត្រា​ឆ្លង​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ នឹង​មាន​ការ​យឺត​យ៉ាវ​ជាង​ផ្នែក​ផ្សេង​ទៀត​របស់​ពិភព​លោក​ក្នុង​អំឡុង​ឆ្នាំ​ដំបូង​នៃ​ការ​រាត​ត្បាត​ក៏​ដោយ​ ជំងឺ​កូវីដ១៩​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក អាច​ស្ថិត​នៅ​យូរ​នៅ​ក្នុង​អ្វី​ដែល​របាយការណ៍​បាន​ហៅ​ថា​ «ចំណុច​ក្តៅ»។

លោក​វេជ្ជបណ្ឌិត Matshidiso Moeti នាយក​ប្រចាំ​តំបន់​អាហ្វ្រិក​របស់​អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយ​ថា៖ «ជំងឺ​កូវីដ១៩​ អាច​ស្ថិត​នៅ​ក្នុង​ជីវិត​របស់​យើង​ជា​ច្រើន​ឆ្នាំ ប្រសិន​បើ ​វិធី​ដោះស្រាយ​ដែល​ជំរុញ​ឲ្យ​មាន​សកម្មភាព​ មិន​ត្រូវ​បាន​អនុវត្ត​ដោយ​រដ្ឋាភិបាល​ជា​ច្រើន​នៅ​ក្នុង​តំបន់​ទេ។ យើង​ចាំបាច់​ធ្វើ​តេស្ត​ តាម​ដាន​ ដាក់​មនុស្ស​ដែល​មាន​មេរោគ​ឲ្យ​នៅ​ដាច់​ពី​គេ​និង​ព្យាបាល»។

លោក ​Antonio Guterres ​អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ​ បាន​និយាយ​ថា​ អង្គការ​សហ​ប្រជាជាតិ កំពុង​បង្កើន​ការ​អំពាវនាវ​របស់​ខ្លួន​ដើម្បី​រក​ជំនួយ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ខ្លះ​នៅ​ក្នុង​ពិភពលោក​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូរ៉ូណា។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ធនាគារ​ពិភព​លោក​ បាន​អនុម័ត​ប្រាក់​កម្ចី​ក្នុង​គ្រា​អាសន្ន​ដែល​មាន​ទឹក​ប្រាក់​ ៥០៦ លាន​ដុល្លារ​សម្រាប់​ប្រទេស​អេក្វាទ័រ ដែល​កំពុង​ខិតខំ​ដោះ​ស្រាយ​ការ​ផ្ទុះ​ឡើង​ដ៏​អាក្រក់​បំផុត​មួយ​នៅ​តំបន់​អាមេរិក​ឡាទីន។

នាយក​វិទ្យាស្ថាន​សុខភាព​ជាតិ​សហរដ្ឋ​អាមេរិក បាន​ប្រាប់​គណៈ​កម្មាធិការ​ព្រឹទ្ធ សភា​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទីភ្នាក់ងារ​សុខាភិបាល បាន​ចូល​រួម​ជា មួយ​ឧស្សាហកម្ម​ឯកជន​ដើម្បី​បង្កើត​និង​ចែក​ចាយ​បច្ចេកវិទ្យា​ដែល​លោក​ បាន​និយាយ​ថា អាច​ធ្វើ​តេស្ត​មនុស្ស​រាប់​លាន​នាក់​នៅ​ចុង​រដូវ​ក្តៅ​ខាង​មុខ​ មុន​ពេល​រដូវ​គ្រុន​ផ្តាសាយ​ចាប់​ផ្តើម៕

XS
SM
MD
LG