ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សេដ្ឋកិច្ច​សាកល​ OECD​ ថា​ កូវីដ១៩​ជា​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ


រូបឯកសារ៖ លោក Angel Gurria អគ្គលេខាធិការ​នៃ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ OECD ថ្លែងនៅក្នុងជំនួបមួយនៅក្រុងអាថែន ប្រទេសក្រិក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។

អង្គការ​សេដ្ឋកិច្ច​សាកល​សំខាន់​មួយ​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩​បាន​នាំ​ឲ្យ​មាន​ឱនភាព​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ពិភពលោក​អស់​រយៈ​ពេល​ជិត​មួយ​សតវត្សរ៍ ហើយ​ស្ថានភាព​សេដ្ឋកិច្ចនឹង​អាច​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​មុន​ស្ថានភាព​នេះ​បាន​ធូរស្បើយ​វិញ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយនៅ​ក្នុង​ទី​ក្រុង​ប៉ារីស លោក Angel Gurria អគ្គលេខាធិការ​នៃ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ OECD បាន​ពិពណ៌នា​នូវ​ស្ថានភាពកូវីដ១៩​ថា​ជា​វិបត្តិ​សុខភាព សេដ្ឋកិច្ច និង សង្គម​ធ្ងន់ធ្ងរ​បំផុត​ដែល​ជំនាន់អ្នកនៅ​រស់​រាន​សព្វ​ថ្ងៃ​នេះ​បាន​ជួប​ប្រទះ។​

លោក​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​សាកល​នឹង​ធ្លាក់​ចុះ​យ៉ាង​តិច​៦%​ក្នុង​ឆ្នាំ​នេះ ដែល​ជា​ការ​ព្យាករណ៍​ធ្ងន់ធ្ងរ​បំផុត​របស់​អង្គការ​នេះ​ក្នុង​រយៈ​ពេល​៦០​ឆ្នាំ។ ហើយ​ការ​ព្យាករណ៍​នេះ​មិន​រួម​បញ្ចូល​ករណី​ដែល​មាន​ការ​ផ្ទុះ​រាតត្បាត​ថ្មី​នៃ​កូវីដ១៩​នៅ​ចុង​ឆ្នាំ​២០២០​នេះ​ផង។

លោក​ថា ប្រសិន​បើ​ជំងឺ​កូវីដ​១៩​នឹង​ផ្ទុះ​រាតត្បាត​ជា​ថ្មី​នៅ​ចុង​ឆ្នាំ​នេះ​ទៀត នោះ​សេដ្ឋកិច្ច​សាកល​អាច​ធ្លាក់​ចុះ​រហូត​៧,៦% ហើយ​គ្រប់​ប្រទេស​ទាំង​អស់​នឹង​ត្រូវ​រង​គ្រោះ​និង​មាន​មនុស្ស​រាប់​លាន​នាក់​នឹង​បាត់បង់​ការងារ។

អង្គការ​នេះ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ព្យាយាម​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់​និង​ចែកចាយ​ដល់​អ្នកត្រូវការ​ចាំ​បាច់​ដើម្បី​អាច​បន្ថយ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG