នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ញញឹមស្រស់ស្រាយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ឧស្សាហកម្មមួយ កាលពីចុងខែឧសភាកន្លងទៅនេះ ដែលនៅទីនោះ លោកនាយករដ្ឋមន្រ្តី បានសួរនាំអំពីសុខភាពរបស់កម្មករ និងយកដៃទះក្មេងៗលេងថើរៗ ពេលចុះទៅពិនិត្យមើលកម្មករនៅតាមផ្ទះរបស់ពួកគេ ក៏ដូចជាថ្លែងសរសើរពីផលិតផលបាសបំពងសំឡេង ដែលកំពុងត្រូវបានផលិតនៅរោងចក្រក្នុងតំបន់ឧស្សាហកម្មនោះ។
ដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃការបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីមានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩នេះ នៅទូទាំងប្រទេសវៀតណាម ទីដែលមិនមានសញ្ញានៃការរាតត្បាតនៃជំងឺនេះខ្លាំងក្លា ដូចនៅប្រទេសជាច្រើនទៀតក្នុងពិភពលោក។
ដំណឹងអាក្រក់អំពីជំងឺកូវីដ១៩ នៅប្រទេសផ្សេងទៀត បានក្លាយជាដំណឹងល្អទៅវិញ នៅក្នុងករណីខ្លះសម្រាប់ប្រទេសវៀតណាម។ ដោយមិនមានករណីអ្នកឆ្លងថ្មីនៅក្នុងប្រទេសក្នុងរយៈពេល ៤៦ថ្ងៃ បានអនុញ្ញាតឲ្យប្រទេសនេះ អាចបើកសេដ្ឋកិច្ចឡើងវិញ និងមានឱកាសទទួលផលចំណេញជាងបណ្តាប្រទេសដទៃទៀត។
ធនាគារ HSBC បានហៅការរើបឡើងវិញនៃសេដ្ឋកិច្ចវៀតណាមនេះថា «Pho'nomenal Vietnam» ដែលជាបន្សំពាក្យចេញពីពាក្យថា «Pho» (ហ្វឺ) ដោយសំដៅទៅលើគុយទាវហ្វឺនៅវៀតណាម និងពាក្យថា «Phenomenal» មានន័យថា «អស្ចារ្យ» នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីខែឧសភា និងបានអះអាងថា វៀតណាមជាប្រទេសតែមួយគត់នៅក្នុងតំបន់ដែលមានសេដ្ឋកិច្ចរីកចម្រើនក្នុងឆ្នាំ ២០២០។
លោក Devendra Joshi និងលោក Herald van der Linde អ្នកយុទ្ធសាស្រ្តផ្នែកទ្រព្យសមតុល្យនៅធនាគារ HSBC បានរៀបរាប់នៅក្នុងរបាយការណ៍ខាងលើថា «យើងគិតថា ភាពចលាចលបង្កឡើងដោយជំងឺកូវីដ១៩ និងភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលកំពុងតែបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសមួយចំនួន មិនមែនជាបញ្ហាសម្រាប់វៀតណាមនោះទេ»។
សង្រ្គាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក គឺគ្រាន់តែជាឧទាហរណ៍នៃដំណឹងអាក្រក់សម្រាប់ប្រទេសមួយចំនួន ដូចជា អតិថិជនត្រូវចំណាយច្រើនជាងមុន ដោយសារតែការតម្លើងពន្ធ ប៉ុន្តែមិនបានបង្កជាផលប៉ះពាល់ដល់វៀតណាមនោះទេ។ ផ្ទុយទៅវិញ វៀតណាមត្រូវបានគេហៅថា ជាអ្នកទទួលផលចំណេញនៅក្នុងសង្រ្គាមពាណិជ្ជកម្មនេះ ដោយសារតែក្រុមហ៊ុននានា បានផ្លាស់ចេញពីប្រទេសចិនទៅបោះទីតាំងនៅក្នុងប្រទេសនេះ។
ជំងឺកូវីដ១៩ គឺជាឧទាហរណ៍មួយទៀតបញ្ជាក់ពីភាពរឹងមាំរបស់វៀតណាម។ វៀតណាមធ្លាប់ទទួលរងឥទ្ធិពលនៃវីរុសកូរ៉ូណា ដែលបានបង្ខំឲ្យសាលារៀន និងក្រុមហ៊ុននានាបិទទ្វារអស់រយៈពេលរាប់សប្តាហ៍ ឬ រាប់ខែ និងបានកាត់បន្ថយកំណើនសេដ្ឋកិច្ចវៀតណាមមកត្រឹម ៣ កន្តក់សញ្ញា ៨ ភាគរយនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ ដែលជាអត្រាកំណើនសេដ្ឋកិច្ចទាបជាងគេបំផុតសម្រាប់វៀតណាម ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។
អ្នកវិភាគនិយាយថា ទោះបីជាយ៉ាងនេះក៏ដោយ ការរាតត្បាតនៃជំងឺកូវីដ១៩ ជាសាកលជាហេតុផលមួយដែលក្រុមហ៊ុនផ្សេងៗ រើទៅវៀតណាម។ ភាពអាសន្នបង្កឡើងដោយជំងឺនេះ បាននាំឲ្យមានការលុបចោលការហោះហើរ និងការបិទព្រំដែន ដែលបានបង្អាក់សង្វាក់ផ្គត់ផ្គង់លើសាកលលោក។ ការណ៍នេះបានធ្វើឲ្យក្រុមហ៊ុននានាបារម្ភថា ពួកគេកំពុងតែពឹងផ្អែកខ្លាំងលើក្រុមហ៊ុនផ្គត់ផ្គង់ដែលមានតែក្នុងប្រទេសមួយ ដូច្នេះការជំរុញឲ្យមានការផ្គត់ផ្គង់ពីច្រើនប្រភព មានន័យថា ក្រុមហ៊ុនបរទេសកាន់តែច្រើនឡើងទៅវិនិយោគនៅក្នុងប្រទេសវៀតណាម។
ការរក្សាគម្លាតពីគ្នានៅក្នុងសង្គម
លោក Joshi និងលោក van der Linde បាននិយាយក្នុងសម្តីដើមថា៖ «ជំងឺកូវីដ១៩ និងកំណើនភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន កំពុងតែជំរុញឲ្យក្រុមហ៊ុនផ្សេងៗផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់របស់ខ្លួន»។
សេដ្ឋកិច្ចវៀតណាមបានចាប់ផ្តើមរើបឡើងវិញដោយសន្សឹមៗ បន្ទាប់ពីរដ្ឋាភិបាលបានដកវិធានការបិទសកម្មភាពសេដ្ឋកិច្ចនៅតំបន់ភាគច្រើនក្នុងប្រទេសកាលពីពាក់កណ្តាលខែមេសា។ ពលរដ្ឋបានវិលត្រឡប់ទៅធ្វើការវិញ សិស្សានុសិស្ស បានចូលរៀនតាមសាលារៀនវិញ ដោយអនុវត្តតាមវិធានការដើម្បីការពារមិនឲ្យឆ្លងជំងឺកូវីដ១៩ ដែលមានដូចជា ហាងកាហ្វេបានរៀបចំកន្លែងអង្គុយឃ្លាតពីគ្នា ហើយហាងលក់ម្ហូបអាហារបិទស្កុតជាសញ្ញានៅលើឥដ្ឋ ដើម្បីឲ្យមនុស្សនៅដាច់ពីគ្នាពេលតម្រង់ជួរជាដើម។
ក្រុមហ៊ុនដែលបានចាត់វិធានការពារដូចខាងលើនេះ រួមមានក្រុមហ៊ុនរថយន្ត Ford Vietnam ផងដែរ។ ក្រុមហ៊ុននេះ បានចាត់វិធានការផ្សេងៗដូចជា ការលាងសម្អាតមេរោគចេញពីរថយន្តនៅពេលដាក់លក់ឬជួសជុល ការផ្លាស់ប្តូរមកប្រើមធ្យោបាយបង់ប្រាក់ដោយមិនប្រើក្រដាសប្រាក់ និងការពិគ្រោះយោបល់ផ្នែកលក់ដោយមិនជួបមុខគ្នាផ្ទាល់។
លោក Pham Van Dung នាយកក្រុមហ៊ុន Ford Vietnam បានថ្លែងក្នុងសម្តីដើមថា៖
«ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បានបង្កការលំបាកសម្រាប់មនុស្សទូទៅ អាជីវកម្មនិងបណ្តាប្រទេសផ្សេងៗនៅលើពិភពលោក។ លោកបានបន្ថែមថា ក្រុមហ៊ុន Ford Vietnam មានការប្តេជ្ញាក្នុងការរក្សាសុវត្ថិភាពជាអាទិភាពចម្បងជូននយោជិក ទីភ្នាក់ងារ អតិថិជន និងដៃគូរបស់ខ្លួន»។
ឱកាសសម្រាប់ក្រុមហ៊ុនបង្កើតថ្មី
ស្របពេលដែលជំងឺកូវីដ១៩ ផ្តល់ឱកាសរីកចម្រើនក្នុងការបង្កើតកម្មវិធី App ផ្សេងៗ ដែលមានដូចជា ការប្រជុំជាវីដេអូតាមប្រព័ន្ធអ៊ីនធឺណិត និងការលក់ឧបករណ៍ហាត់កីឡានៅផ្ទះជាដើមនោះ ក្រុមហ៊ុនទើបបង្កើតថ្មីមួយចំនួននៅវៀតណាម ក៏មើលឃើញឱកាសផងដែរ។
ក្រុមហ៊ុន Vibeji ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ គឺជាកន្លែងដែលមនុស្សទូទៅអាចរកចំណូលបាន តាមរយៈការផ្តល់សេវាកម្មផ្សេងៗតាមវីដេអូ ដូចជា ទាយតាមសន្លឹកបៀរមើលជោគជាតារាសី និងការបង្រៀនធ្វើក្របសៀវភៅជាដើម។ ក្រុមហ៊ុន Vibeji និយាយថា នេះជាពេលវេលាដ៏ប្រសើរមួយនៅក្នុងការរក្សាគម្លាតពីគ្នា និងធ្វើការពីផ្ទះ។
លោក Tri Lecao នាយកប្រតិបត្តិក្រុមហ៊ុន Vibeji បានថ្លែងក្នុងសម្តីដើមថា៖
«យើងទាំងអស់គ្នាគួរតែចូលរួមចំណែកក្នុងអំឡុងពេលដ៏លំបាកមួយនេះ។ ការងាកមកធ្វើការ និងផ្តល់សេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត ជាផ្នែកមួយនៃដំណោះស្រាយ»។
ក្រុមហ៊ុននានានៅវៀតណាម កំពុងតែប្រយ័ត្នប្រយែងចំពោះលទ្ធភាពដែលវីរុសកូរ៉ូណា អាចផ្ទុះឡើងវិញទៀត។
លោក Herbert Laubicher-Pichler នាយករមណីយដ្ឋាន Alma Resort បាននិយាយថា ជាឧទាហរណ៍ នៅក្នុងវិស័យបដិសណ្ឋារកិច្ច ក្រុមហ៊ុនមិនអាចត្រឹមតែដាក់ទឹកអាកុលលាងដៃឲ្យអតិថិជនហើយគ្រប់គ្រាន់នោះទេ។ លោកបានអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នជាមួយនឹងសកម្មភាពដែលអាចបង្កគ្រោះថ្នាក់នៃការឆ្លងជំងឺកូវីដ១៩ ដូចជា ការបរិភោគនៅកន្លែងបរិភោគអាហារដែលមានដាក់កំប៉ុងគ្រឿងទេសនៅលើតុសម្រាប់ភ្ញៀវ ជាដើម។
លោក Laubicher-Pichler បាននិយាយថា៖
«យើងមិនអាចធ្វើអ្វីៗតាមទម្លាប់ដែលយើងធ្លាប់ធ្វើពីមុន ដោយធ្វើជាថា មិនមានអ្វីកើតឡើងនោះទេ។ យើងមិនចង់បាត់បង់នូវសមិទ្ធផលការងារល្អ ដែលសម្រេចបាននៅវៀតណាមមកទល់នឹងពេលនេះ នោះទេ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា