ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​បញ្ជូន​ក្រុម​ប្រយុទ្ធ​នៃ​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទៅ​មជ្ឈិម​បូព៌ា ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​របស់​អ៊ីរ៉ង់


នេះ​ជា​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Abraham Lincoln។

សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​ក្រុម​ប្រយុទ្ធ​នៃ​នាវា​ដឹក​យន្តហោះ​ចម្បាំង និង​កង​កម្លាំង​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton និយាយ​ថា​ជា «សញ្ញា និង​ការ​ព្រមាន​នៃ​បញ្ហា​ដែល​កាន់តែ​តានតឹង​ឡើង‍» ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់។

នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក Bolton បាន​បញ្ជាក់​ថា វិធានការ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី «ផ្ញើ​សារ​ដ៏​ច្បាស់លាស់ និង​មិន​យល់​ច្រឡំ​មួយ​ទៅ​កាន់​របប​ដឹកនាំ​របស់​អ៊ីរ៉ង់​ថា ការ​វាយ​ប្រហារ​ណា​មួយ​លើ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក ឬ​ក៏​លើ​ផល​ប្រយោជន៍​របស់​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក នឹង​ប្រឈម​នឹង​ការ​ប្រើ​កម្លាំង​ដោយ​មិន​បន្ធូរ​ដៃ‍»។

លោក​បាន​បន្ថែម​ថា សហរដ្ឋ​អាមេរិក «គ្មាន​បំណង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​របប​ដឹកនាំ​របស់​អ៊ីរ៉ង់​ទេ ប៉ុន្តែ​យើង​ត្រៀម​ខ្លួន​ពេញលេញ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ណា​មួយ ទោះបីជា​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ ឬ​ក៏​ដោយ​កង​កម្លាំង​អ៊ីរ៉ង់​ធម្មតា​ក៏​ដោយ‍»។

រដ្ឋាភិបាល​អាមេរិក​មិន​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​អំពី​ការ​គំរាមកំហែង​ណា​មួយ​ជាក់លាក់​នោះ​ទេ។

ក្រៅ​ពី​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Abraham Lincoln ក្រុម​ប្រយុទ្ធ​នេះ​ក៏​មាន​ផង​ដែរ​នូវ​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ នាវា​ពិឃាដ និង​ពល​ទាហាន​ជើង​ទឹក​ជាង ៦ ពាន់​នាក់ នៅ​ពេល​ដែល​ក្រុម​នេះ​ចាកចេញ​ពី​កំពង់ផែ​សហរដ្ឋ​អាមេរិក​កាល​ពី​ដើម​ខែ​មេសា។

នៅ​ពេល​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​ទៅ​កាន់​ទ្វីប​អឺរ៉ុប រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​បដិសេធ​មិន​លើក​ឡើង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សហរដ្ឋ​អាមេរិក​សម្រេច​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​ត្រូវ​បាន​ពិចារណា​មួយ​រយៈ​មក​ហើយ ហើយ​រដ្ឋបាល​លោក​ប្រធានាធិបតី Donald Trump មាន «ហេតុផល​ត្រឹមត្រូវ‍» ក្នុង​គោល​បំណង​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ដល់​រដ្ឋាភិបាល​អ៊ីរ៉ង់​អំពី​វិធី​ដែល​សហរដ្ឋ​អាមេរិក​នឹង​ឆ្លើយតប​ចំពោះ​សកម្មភាព​របស់​អ៊ីរ៉ង់៕

XS
SM
MD
LG