រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ចោទប្រកាន់ថាអាមេរិក កំពុងព្យាយាមធ្វើឱ្យអ៊ីរ៉ង់ចុះចាញ់ និងផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ដោយព្យាយាមរារាំងពាណិជ្ជកម្មប្រេងអន្តរជាតិរបស់ប្រទេសនេះ។
ក្នុងបទសម្ភាសន៍មួយដែលផ្សាយក្នុងកម្មវិធីឈ្មោះ Fox News Sunday របស់បណ្តាញទូរទស្សន៍សហរដ្ឋអាមេរិក លោក Zarif បាននិយាយថា ក្រុមមិនល្អរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahuលោក John Bolton ទីប្រឹក្សាសន្តិសុខរបស់ស.រ.អា.និងពួកអ្នកដឹកនាំនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនិងអេមីរ៉ាតអារ៉ាប់រួម កំពុងព្យាយាមជំរុញឲ្យប្រធានាធិបតីអាមេរិកលោក Donald Trump ធ្លាក់ចូលទៅក្នុងការប្រឈមមុខគ្នាដែលគាត់មិនចង់»។
លោក Zarif បានថ្លែងថា «ពួកគេបានព្យាយាមនាំអាមេរិកចូលទៅក្នុងសង្គ្រាមមួយ ដោយមានគំនិតថា យ៉ាងហោចណាស់ធ្វើឲ្យអ៊ីរ៉ង់ផ្លាស់ប្តូរ។
លោក Bolton ដែលបានចូលក្នុងកម្មវិធី Fox News ដូចគ្នានេះដែរបាននិយាយថាគោលដៅរបស់អាមេរិកមិនមែនផ្លាស់ប្តូររបបនោះទេ ប៉ុន្តែផ្លាស់ប្តូរឥរិយាបថ ជាពិសេសបញ្ចប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងការសាកល្បងមីស៊ីល។ លោក Bolton បាននិយាយថា «ប្រជាជនអ៊ីរ៉ង់សមនឹងទទួលបានរដ្ឋាភិបាលល្អ»៕