ទីប្រឹក្សាសេដ្ឋកិច្ចកំពូលប្រចាំសេតវិមានបានបង្ហាញភាពជឿជាក់នៅក្នុងកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលកំពុងបន្តកើតឡើងនាពេលថ្មីៗនេះនៅក្នុងទីក្រុងប៉េកាំង។ នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោក Larry Kudlow បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ថា«ដំណើរការចរចានៅក្នុងក្រុងប៉េកាំងគឺមានដំណើរការល្អ»។
លោក Kudlow បានផ្តល់ព័ត៌មានមួយចំនួន ប៉ុន្តែបាននិយាយថា ប្រតិភូសហរដ្ឋអាមេរិកដែលដឹកនាំដោយតំណាងពាណិជ្ជកម្មលោក Robert Lighthizer កំពុងចរចាគ្រប់ចំណុចទាំងអស់នៅមុនកិច្ចប្រជុំជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃស្អែកនេះ។ លោក Kudlow បានថ្លែងថា«នេះគឺជាសញ្ញាដ៏ល្អមួយ»។
ក្រុមចរចាកំពុងធ្វើការដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយត្រឹមថ្ងៃទី១ខែមិនា ដើម្បីបញ្ចៀសការបង្កើនពន្ធគយពី១០ភាគរយទៅ២៥ភាគរយ ដោយសហរដ្ឋអាមេរិកលើទំនិញរបស់ចិនដែលមានទឹកប្រាក់ចំនួន២០០លានដុល្លារ។ លោកប្រធានាធិបតី Donald Trump បានស្នើកាលពីដើមសប្តាហ៍នេះថា ប្រសិនបើមានការវិវត្តន៍នៅក្នុងកិច្ចចរចា នោះថ្ងៃកំណត់នៃការតំឡើងពន្ធគយ នឹងអាចត្រូវពន្យាពេល។ នៅពេលសួរអំពីការពន្យាពេល លោក Kudlow បានឆ្លើយថា«មិនទាន់មានការសម្រេចនៅឡើយទេ»។
អ្នកវិភាគដូចជាលោក William Reinsch ដែលជាអតីតនាយកក្រុមប្រឹក្សាជាតិទទួលបន្ទុកពាណិជ្ជកម្មបរទេស និងជាទីប្រឹក្សាជាន់ខ្ពស់នៅឯមជ្ឈមណ្ឌលយុទ្ធសាស្រ្តនិងការសិក្សាអន្តរជាតិបានថ្លែងថា កិច្ចចរចាមានលក្ខណៈស្មុគស្មាញដោយតែនៅសល់ចំនុចបីផ្សេងទៀតកំពុងចរចាគ្នានៅឡើយ៕