ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេតវិមាន៖ បញ្ហា​អ៊ុយក្រែន​នឹង​ស្ថិត​នៅ​លើ​របៀប​វារៈ​កំពូល​ក្នុង​កិច្ចប្រជុំ​របស់​អូបាម៉ា និង​ពូទីន


លោក​ Putin និយាយ​តាម​ទូរស័ព្ទ​ជាមួយ​លោក​ អូបាម៉ា។

សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា បញ្ហា​ប្រទេស​អ៊ុយក្រែន​នឹង​នៅ​លើ​របៀប​វារៈ​កំពូលនៅពេល​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​និង​ប្រធានាធិបតី​រុស្ស៊ី​ជួប​គ្នា​នៅ​ក្នុង​បុរី​ញូយ៉ក​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយនេះ ​ហើយ​ថា ​លោក​ប្រធានា​ធិបតី​ បារ៉ាក់ អូបាម៉ា ​នឹង​ប្រាប់​ប្រធានា​ធិបតី​រុស្ស៊ី Vladimir Putin ថា ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ដល់​រដ្ឋាភិបាល​ស៊ីរី​គឺ​ជា​ការ​ភ្នាល់​ចាញ់​មួយ។

លោក Josh Earnest អ្នកនាំពាក្យ​សេតវិមាន​ក៏​បាន​និ​យាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែរ​ថា ​ជំ​នួប​ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​សំណើ​របស់​លោក Putin។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​លោក Dmitry Peskov អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា ​ជំនួប​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយការ​ព្រម​ព្រៀង​គ្នាទៅ​វិញ​ទៅ​មក ហើយ​ថា បញ្ហា​ប្រទេស​ស៊ីរី​នឹង​ស្ថិត​នៅ​លើ​របៀប​វារៈ​កំពូល។ ​លោក ​និយាយ​ទៀត​ថា បញ្ហា​អ៊ុយក្រែន​នឹង​ត្រូវ​ពិភាក្សា ​ប្រសិនបើ​ពេលវេលា​អំណោយផល។

ជំនួប​នោះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​ថា រុស្ស៊ី​កំពុង​បង្កើន​វត្តមាន​យោ​ធា​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី​ដើម្បី​ជួយ​ប្រធានាធិបតី​ Bashar al-Assad​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​ឧទ្ទាម​ដែល​កំពុង​ស្វះស្វែង​ទម្លាក់​លោក​ចេញ​ពី​តំណែង ​រួម​ទាំង​ក្រុម​រដ្ឋ​ឥស្លាម​ផង​ដែរ។

​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់ដែល​មិន​ប្រាប់​ឈ្មោះ​របស់​រដ្ឋបាល​អូបាម៉ា​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នឹង​ឆ្លៀត​ឱកាស​នៃ​ជំនួប​នេះ​ដើម្បី​ពិភាក្សា​បញ្ហា​ប្រទេស​អ៊ុយក្រែន​ ហើយ​និង​ផ្តោត​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ​រុស្ស៊ី​ធ្វើ​ទៅ​តាម​ការ​តាំង​ចិត្ត​របស់​ខ្លួន ឬ​ធ្វើ​តាមកិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ដែល​បាន​ធ្វើ​ឡើង​រវាង​រដ្ឋាភិបាល​អ៊ុយក្រែន​ និង​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី៕

XS
SM
MD
LG