ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​ឈប់​បាញ់​គ្នា​នៅ​អ៊ុយក្រែន​ខាង​កើត​ត្រូវ​បាន​គោរព​អស់​រយៈ​មួយ​សប្តាហ៍​ហើយ


Myroslava Gongadze អ្នក​យក​ព័ត៌មាន​របស់​ VOA សម្ភាសន៍​លោក​ប្រធានាធិបតី​អ៊ុយក្រែន Petro Poroshenko នៅ​ក្នុង​ក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ Petro Poroshenko ​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ មាន​ការ​គោរព​កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​មួយ​អាទិត្យ​មក​ហើយ​នៅ​ក្នុង​ផ្នែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។​

ថ្លែង​តាម​ទូរទស្សន៍​ជាតិ​នៃ​ប្រទេស​អ៊ុយក្រែន​ លោក​ Poroshenko​ បាន​មាន​ប្រសាសន៍​ថា ​នេះ​ជា​លើក​ដំបូង​ហើយ​ចាប់​តាំង​ពី​កិច្ច​ព្រមព្រៀង​នេះ​ដែល​ត្រូវ​បាន​រៀបចំ​ឱ្យ​មាន​ឡើង​ដោយ​ពួក​បស្ចឹមប្រទេស​ត្រូវ​បាន​ចុះហត្ថលេខា​ក្នុង​ក្រុង​មីនស្កិ៍ (Minsk) កាល​ពី​ខែ​កុម្ភៈ​ ដែល​គ្មាន​ទាហាន​អ៊ុយក្រែន​ណាម្នាក់​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​ទេ។​

ក៏​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​របាយ​ការណ៍​ថា​ទាហាន​ និង​ជន​ស៊ីវិល​មួយ​ចំនួន​បាន​បាត់បង់​ជីវិត​ ឬ​ត្រូវ​របួស​ចាប់តាំង​ពី​ថ្ងៃ​ពុធ​មក។ ក្រុម​ទាម​ទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្សី​ក៏​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ដែរ​ថា​ ជន​ស៊ីវិល​ម្នាក់​ត្រូវ​បាន​សម្លាប់​នៅ​ជិត​ក្រុង​ Donetsk ​ដោយសារ​ការ​បាញ់​ដោយ​កងទ័ព​អ៊ុយក្រែន។​

កិច្ច​ព្រមព្រៀង​ឈប់បាញ់​គ្នា​ដើម្បី​បញ្ឈប់​សង្គ្រាម​ក្នុង​ប៉ែក​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​មាន​ការ​សៅហ្មង​ដោយ​មាន​ឧប្បត្តិហេតុ​ដ៏​ប្រល័យ​សឹង​តែ​រាល់​ថ្ងៃ​ហើយ​ចំនួន​មនុស្ស​ស្លាប់​ទាំង​អស់​មាន​៦ពាន់​៨រយ​នាក់។​

នៅ​ក្នុង​ការ​ប៉ុនប៉ង​ថ្មី​មួយ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ រដ្ឋាភិបាល​អ៊ុយក្រែន​និង​ក្រុម​អ្នក​តំណាង​នៃ​ក្រុម​ទាមទារ​បំបែក​រដ្ឋ​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​សន្យា​កាល​ពី​សប្តាហ៍​មុន​ថា​នឹង​អនុវត្ត​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​គ្នា​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី១​ ខែ​កញ្ញា​ទៅ៕

XS
SM
MD
LG