ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេត​វិមាន៖ លោក​​ ត្រាំ ​ជឿ​ថា​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នាំ​ឲ្យ​លោក​មិន​បាន​ឈ្នះ​ឆ្នោត​«ដោយ​ប្រជាប្រិយភាព»


ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែង​នៅ​ពេល​ជួប​ជាមួយ​មេដឹកនាំ​ក្រុមហ៊ុន​រថយន្ត​នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​២៤ ខែ​មករា។

សេតវិមាន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ​នៅ​តែ​ជឿ​ថា​ការ​បោះ​ឆ្នោត​របស់​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​រាប់​លាន​នាក់​បាន​នាំ​ឲ្យ​លោក​ធ្លាក់​ប្រជា​ប្រិយ​ក្នុង​ពេល​បោះ​ឆ្នោត​ កាល​ពី​ខែវិច្ឆិកា។

លោក​ Sean Spicer អ្នកនាំ​ពាក្យ​សេតវិមាន​និយាយ​ថា​ «នេះ​ជា​ជំនឿ​មួយដែល​លោក​នៅ​តែ​ជឿជា​បន្ត»។ លោក​បាន​ប្រាប់​អ្នក​យកព័ត៌មានមួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ថ្មី​រំលឹកពី​ការ​បោះ​ឆ្នោត ​នៅ​ក្នុងពិធី​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​សភា ​ដោយ​និយាយ​ឡើង​វិញ​ថា​ ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ក្នុង​ប្រទេស​បាន​បោះ​ឆ្នោត​ជូន​គូ​ប្រជែង​របស់​លោក គឺ​លោកស្រី ​Hillary Clinton ​នៃ​គណបក្ស​ប្រជាធិបតេយ្យ។ លោក Spicer ​មិន​បាន​ផ្តល់​ភស្តុតាង​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​នេះ​ទេ។

ក្រុម​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត​ដែល​បាន​ពិនិត្យ​មើល​កា​រ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា និយាយ​ថា ​ស្ទើរ​តែ​គ្មាន​ការ​បង្ហាញ​ភ័ស្តុតាង​អ្វី​ទាល់​តែ​សោះ​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ហើយ​ពួក​គេ​ប្រាកដ​ថា​គ្មាន​ការ​លួច​បន្លំ​ដល់​ថ្នាក់​ធំ​ដូច​លោក​ ត្រាំ ​បាន​អះ​អាង​នោះ​ទេ៕

XS
SM
MD
LG