ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមានថា កិច្ចការទំនាក់ទំនងជាមួយប្រទេសចិនគឺជាជោគជ័យមួយ


រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដើរ​ពិភាក្សា​គ្នា​ក្រោយ​កិច្ច​ប្រជុំ​មួយ​នៅទីក្រុង Woodside រដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដើរ​ពិភាក្សា​គ្នា​ក្រោយ​កិច្ច​ប្រជុំ​មួយ​នៅទីក្រុង Woodside រដ្ឋ California កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋបាល​លោក​ Biden កំពុងសរសើរ​ការ​ឈោងរបស់​ខ្លួនទៅកាន់ប្រទេស​ចិន​ ដោយ​លើក​ឡើងពី​កិច្ច​សហប្រតិបត្តិការ​លើការ​ប្រឆាំង​គ្រឿងញៀន ការ​ពិភាក្សា​អំពីបញ្ញាសិប្បនិម្មិត AI និង​ការ​បន្ត​បង្កើត​ទំនាក់ទំនង​ផ្នែក​យោធាឡើងវិញ ​ថា​ជា​ភស្តុតាងនៃ​កិច្ច​សហប្រតិបត្តិការ ដែល​បាន​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គូប្រជែង​ទាំង​ពីរ។​

ទី​ប្រឹក្សា​សន្តិសុខជាតិ លោក Jake Sullivan បាន​ថ្លែងក្នុង​កម្មវិធីមួយ​របស់​ក្រុមប្រឹក្សាទំនាក់ទំនង​ការបរទេស កាល​ពី​ថ្ងៃ​ទី​ ៣០ ខែមករា​កន្លង​ទៅ​នេះ​ថា​៖ «ការងារ​ការទូត​ដ៏​សកម្ម​នេះ​ គឺ​ដើម្បីដោះស្រាយ​បញ្ហា​លំបាក​មួយចំនួន​ ហើយ​មិនមែន​ជាការ​ជួសជុលទំនាក់ទំនងទេ»។​

លោក​បាន​លើក​ឡើងអំ​ពី​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​នៅកោះតៃវ៉ាន់កាល​ពីខែ​មករា​ដែល​គ្មានឧប្បត្តិហេតុអ្វី​ធ្ងន់ធ្ងរ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ ហើយ​បាន​និយាយ​ថា មួយផ្នែក​គឺ​ដោយសារកិច្ចប្រឹងប្រែង​របស់អាមេរិក ចិន និង តៃវ៉ាន់ ក្នុងការ​កាត់​បន្ថយ​ការ​យល់​ច្រឡំ​និង​ការ​ភ័ន្តច្រឡំ​ក្នុងការទាក់ទងគ្នា​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ចាត់​ទុក​តៃវ៉ាន់​ជា​ខេត្តទទឹង​រឹងរូស​មួយ​របស់​ខ្លួន​ ហើយ​មិន​បានច្រាន​ចោលការ​ប្រើប្រាស់​កម្លាំង​យោធា​ ដើម្បី​ចូល​គ្រប់គ្រង​ពេញ​លេញ​ទៅ​លើ​កោះ​នេះឡើយ។

សុន្ទករថា​របស់​លោក ​Sullivan ធ្វើឡើងក្នុងកិច្ចប្រជុំ​ជាបន្តបន្ទាប់​របស់​មន្ត្រី​ជាន់ខ្ពស់ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​ថ្មីៗ​នេះ​ ដើម្បី​បង្ហាញ​ពីការ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋបាល​អាមេរិក លើ​ការរក្សា​ស្ថិរភាព​ក្នុង​ចំណងទាក់ទង​រវាង​អាមេរិក​និង​ចិន។

លោក Sullivan ​និយាយ​ថា​ ចំណុច​សំខាន់មួយគឺ​ការទាក់ទងគ្នា​រវាង​មេដឹកនាំ​និង​មេដឹកនាំ ដោយ​កត់សម្គាល់អំពី​ការសន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden​ និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹងធ្វើ​ឡើងក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​អាមេរិក​មួយ​រូប​បានប្រាប់​វីអូអេ​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក ​Antony Blinken រំពឹង​ថា​ នឹង​ធ្វើ​ទស្សនកិច្ច​នៅរដ្ឋធានី​ប៉េកាំង​ម្តង​ទៀត ​ក្នុង​ឆ្នាំ​នេះ។​

សារ​របស់​សេតវិមាន​កើត​មាន​ឡើង នៅ​ពេល​ដែលសង្គ្រាម​កំពុងបន្តអូស​បន្លាយ​នៅក្នុងប្រទេស​អ៊ុយក្រែននិង​តំបន់​មជ្ឈិម​បូព៌ា និង​ក្នុង​ពេល​ដែលលោកប្រធានាធិបតី Joe Biden កំពុង​បង្កើនយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដើម្បីឱ្យ​លោក​ជាប់ឆ្នោត​មួយអណត្តិទៀត​ ប្រឆាំង​នឹងគូប្រជែង​របស់​លោក​ គឺ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដែល​ទំនង​នឹង​ក្លាយ​ជា​បេក្ខជនប្រធានាធិបតីនៃ​គណបក្ស​សាធារណរដ្ឋ។ បញ្ហា​ប្រទេស​ចិនទំនង​ជា​អាច​ក្លាយ​ជា​ប្រធាន​បទ​ដ៏​តឹង​តែង​មួយ​សម្រាប់​គូប្រជែង​ទាំង​ពីរ។

លោក ​Trump កំពុង​រិះគន់​គោលនយោបាយ​ថាមពល​បៃតង​របស់​លោក​ Biden ដែល​ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ជំរុញ​ការផលិតទំនិញ​ក្នុង​ប្រទេសអាមេរិក និង​ការ​ទិញ​រថយន្ត​ប្រើ​ចរន្ត​អគ្គិសនី​ ដោយនិយាយ​ថា​ គោល​នយោបាយ​នេះនឹង​អនុញ្ញាត​ឱ្យ​ឧស្សាហកម្មផលិតរថយន្ត​អគ្គិសនី​ចិនដណ្តើម​ការងារ​របស់​ពលរដ្ឋ​អាមេរិកាំង។

រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថ្លែង​នៅក្នុង​ពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ​នៃ​ទំនាក់ទំនងការទូត​រវាង​សហរដ្ឋអាមេរិក​និង​ចិន នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
រូបឯកសារ៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ថ្លែង​នៅក្នុង​ពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ​នៃ​ទំនាក់ទំនងការទូត​រវាង​សហរដ្ឋអាមេរិក​និង​ចិន នៅ​ទីក្រុង​ប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា

លោក ​Sullivan បានលើកឡើង​អំពី​ជំនួបរបស់លោក​កាលពី​ពេល​ថ្មីៗ ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិនលោក ​Wang Yi និង​ការ​ចូលរួម​ពាក់ព័ន្ធ​ជា​ច្រើន​ទៀតរបស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋបាល​លោក​ Biden ជា​មួយភាគី​ចិន ​ដើម្បីដោះស្រាយ​បញ្ហា​មួយ​ចំនួន​ ដែល​មាន​សារៈសំខាន់ដល់​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក។​ បញ្ហា​ដែល​បាន​លើកឡើង​ទាំងនោះ​ រួម​មាន​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំងក្នុង​សង្គ្រាមរុស្ស៊ីប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន​ បញ្ហា​សិទ្ធិមនុស្ស​ ​ និង​ការ​បង្អាក់​សង្វាក់​ផ្គត់ផ្គង់​សាកល​ជា​ដើម។​

លោកបន្ថែម​ទៀត​ថា៖ «យើង​មិន​បាន​បន្ថយ​ការ​ផ្តោត​លើ​រឿង​សន្តិសុខ​ជាតិទេ ​ដូច​ជាការ​រឹត​បន្តឹង​ការ​វិនិយោគក្រៅ​ប្រទេស​ និង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ការគ្រប់គ្រង​ការនាំចេញរបស់​យើង​ជា​ដើម។ ផ្ទុយ​ទៅ​វិញ​យើង​យកកិច្ចប្រជុំ​ទាំង​នេះ ធ្វើ​ជា​ឱកាស​ដើម្បី​ពន្យល់អំពី​វិធានការ​ទាំង​នេះ​ និងអំពីអ្វី​ទៅ​ដែល​មិនមែន​ជាវិធានការ ដែល​មាន​សារៈសំខាន់​ដូច​គ្នា»។

លោក​ Sullivan លើក​ឡើងថា៖​ «សក្តានុពល​នៃ​រចនាសម្ព័ន្ធ​ប្រកួតប្រជែង មិន​ត្រូវ​ជា​ឧបសគ្គសម្រាប់ភាគី​ទាំង​ពីរក្នុង​ការ​ដោះស្រាយផលប្រយោជន៍​ទៅ​វិញ​ទៅមក​ ​និង​បញ្ហា​ពហុ​អន្តរជាតិឡើយ។ លោកបញ្ជាក់​ទៀត​ថា​៖ «គោលនយោបាយ​ចីរភាព​មួយ​របស់អាមេរិក​ចំពោះប្រទេសចិន​ គឺយល់ដឹងអំពី​ការពិត​ជាក់ស្តែង​ទាំងឡាយ​និង​ប្រឹងប្រែង​ ដើម្បី​ដោះស្រាយ​បញ្ហា»។ ​

លោក Sullivan បាន​បដិសេធ​មិនបញ្ជាក់​ថា​តើ​ចិន​ បាន​យល់ព្រម​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​លើ​រដ្ឋាភិបាល​ប្រទេស​អ៊ីរ៉ង់​ដែរ​ឬទេ ក្នុង​ការ​ជួយ​ទប់ស្កាត់ការវាយប្រហាររបស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហ៊ូធី (Houthi) ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់លើ​នាវាដឹក​ជញ្ជូន​ពាណិជ្ជកម្ម​ក្នុង​សមុទ្រ​ក្រហម​នោះ​។ កង​កម្លាំង​អាមេរិក​បានប៉ះទង្គិច​ជា​មួយ​ក្រុម​ហ៊ូធី​ក្នុង​ប្រទេស​យេម៉ែន​ និង​កម្លាំង​គាំទ្រ​អ៊ីរ៉ង់​ផ្សេង​ទៀត​នៅក្នុង​ប្រទេស​លីបង់​ អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ផង​ដែរ​ ដែល​បណ្តាល​មក​ពីសង្គ្រាមរវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​ក្នុងតំបន់​ហ្កាហ្សា​នោះ​ បាន​គំរាមកំហែង​ដល់​ការ​ចូល​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទៅ​ក្នុង​សង្គ្រាម​ដ៏​រីកធំ​មួយ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

ប្រតិបត្តិការ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​

ក្តី​បារម្ភ​នៅ​តែ​មាន​នៅ​ឡើយ​ រួមមាន​ការ​ភ័យខ្លាច​របស់​អាមេរិក​ដែល​ថា​ ​ប្រតិបត្តិការចូល​លួច​យក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីធឺណិត​របស់ចិន ​អាច​កើត​មានលើ​ហេដ្ឋារចនា​សម្ព័ន្ធនិង​បង្អាក់ដំណើរការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិកក្នុង​ខែ​វិច្ឆិកាខាង​មុខ។ ក្នុង​កិច្ចប្រជុំ​ជា​មួយ​សមាជិក​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ទី​ ៣១ ខែ​មករា នាយក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​ FBI លោក Christopher Wray និយាយ​ថា​ ក្រុម​អ្នកលួចវាយប្រហារតាម​ប្រព័ន្ធ​អ៊ីនធឺណិតរបស់​រដ្ឋាភិបាល​ចិន​ ​កំពុង​ផ្តោត​ទៅ​លើ​បណ្តាញ​អគ្គិសនី​អាមេរិក​ រោងចក្រ​ចម្រាញ់ទឹក​ស្អាត បំពង់​បង្ហូរ​ប្រេង​ និង​ប្រព័ន្ធ​ដឹកជញ្ជូនរបស់​អាមេរិក។

លោក Wray ចោទ​ប្រកាន់​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​យុទ្ធនាការ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដើម្បី​បង្ខិតបង្ខំ​និង​គំរាមកំហែង​ដល់​ពលរដ្ឋ​អាមេរិកាំង​ ​និង​អ្នក​រស់​នៅក្នុង​សហរដ្ឋអាមេរិក។​ ក្រុម​ប្រឹក្សា​ស៊ើបការណ៍​សម្ងាត់​ជាតិ​អាមេរិក​កាល​ពី​ខែ​ធ្នូ ក៏​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​ផង​ដែរ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ «យល់ព្រមជា​សម្ងាត់នូវ​កិច្ចប្រឹងប្រែង​នានា​ ដើម្បីព្យាយាមជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​មួយ​ចំនួន​ ដែលពាក់ព័ន្ធ​នឹង​សមាជិក​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ»។ ​

ទន្ទឹម​នឹង​នេះ​ដែរ​ ជម្លោះ​លើ​បន្ទះឈីប​កំពុង​បន្ត​ក្លាយជាការ​ផ្តោត​សំខាន់​ផង​ដែរ លើ​ការប្រកួតប្រជែងបច្ចេកវិទ្យា​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​ ​«អនុវត្ត​តាម​បែបអនុត្តរភាព​និង​ការ​សម្លុត​គំរាម​» ដោយ​បដិសេធ​មិន​ឱ្យ​ចិន​ប្រើប្រាស់​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ ដែលផលិត​បន្ទះ​ឈីប​ទំនើប​ ខណៈអាមេរិក​បាន​បង្កើន​សមត្ថភាពផលិត​បន្ទះ​ឈីប​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន៕​

លោក Jeff Seldin នៃវីអូអេ រាយការណ៍​បន្ថែម​លើ​សេចក្តីរាយការណ៍នេះ។

ប្រែសម្រួល​ដោយ​លោក ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG