ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថា ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា វីរុស​កូរ៉ូណា​ថ្មី​មាន​ប្រភព​ពី​មន្ទីរពិសោធន៍​ចិន


លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo ថ្លែង​នៅ​ក្នុង​សន្និសីទ​នៅ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា ជំងឺ​រាតត្បាត​កូវីដ១៩ មាន​ប្រភព​មក​ពី​មន្ទីរ​ពិសោធន៍​មួយ​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន មិន​មែន​មក​ពី​ផ្សារ​មួយ​កន្លែង​នៅ​ក្បែរ​នោះ​នោះ​ទេ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់​ថា​តើ​សហរដ្ឋ​អាមេរិក​ជឿ​ថា វីរុស​នេះ​ត្រូវ​បាន​បញ្ចេញ​ដោយ​ឆន្ទៈ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

មន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា ខ្លួន​កំពុង​ស៊ើបអង្កេត​ថា​តើ​ការ​ផ្ទុះ​ឡើង​ដំបូង​បង្អស់​នៃ​ជំងឺ​កូវីដ១៩ នេះ គឺ​បណ្ដាល​មក​ពី​ការ​ប៉ះពាល់​សត្វ​ព្រៃ ឬ​ក៏​បណ្ដាល​មក​ពី​ឧបទ្ទវហេតុ​កើត​ឡើង​នៅ​មន្ទីរពិសោធន៍​មួយ​កន្លែង​នៃ​វិទ្យាស្ថាន​សិក្សា​ពី​វីរុស​នៃ​ទីក្រុង Wuhan។

លោក Pompeo បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី «សប្ដាហ៍​នេះ» របស់​ទូរទស្សន៍ ABC News ថា៖ «ចូរ​ចាំ​ថា ប្រទេស​ចិន​មាន​ប្រវត្តិ​ចម្លង​មេរោគ​ដល់​ពិភពលោក និង​មាន​ប្រវត្តិ​ដំណើរការ​មន្ទីរពិសោធន៍​ដែល​មិន​ស្រប​តាម​ស្ដង់ដារ​ត្រឹមត្រូវ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ពិភពលោក​ជួប​ប្រទះ​នឹង​វិបត្តិ​វីរុស ដោយសារតែ​ការ​បរាជ័យ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​របស់​ចិន»។

លោក Pompeo បាន​និយាយ​ថា មាន «ការ​ជឿជាក់​កម្រិត​ខ្ពស់» ដែល​ថា វីរុស​នេះ​មាន​ប្រភព​មក​ពី​មន្ទីរពិសោធន៍​នៅ​ទីក្រុង Wuhan របស់​ចិន ដែល​សិក្សា​អំពី​វត្តមាន​នៃ​វីរុស​នេះ​នៅ​ក្នុង​សត្វ​ប្រចៀវ។

លោក Pompeo បាន​បន្ថែម​ថា លោក​ឯកភាព​ជាមួយ​នឹង​ការ​មូល​មតិ​គ្នា​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក ដែល​ថា វីរុស​នេះ «មិន​មែន​បង្កើត​ឡើង​ដោយ​មនុស្ស»។

ប៉ុន្តែ លោក​បាន​រិះគន់​ប្រទេស​ចិន​ថា​បាន​ពន្យារពេល​ជូន​ដំណឹង​ដល់​ពិភពលោក​អំពី​ហានិភ័យ​ដែល​កំពុង​កើត​ឡើង​ដោយសារ​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG