ចំនួនមនុស្សដែលបានឆ្លងមេរោគដែលបង្កជំងឺកូវីដ១៩ នៅជុំវិញពិភពលោក បន្តកើនឡើងឥតឈប់ឈរ ដោយត្រឹមថ្ងៃសុក្រ ចំនួននេះបានកើនដល់ជិត ១៤ លាននាក់។ នេះបើតាមតួលេខចុងក្រោយពីពីសាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបន្តនាំមុខពិភពលោកខាងចំនួនអ្នកឆ្លង ដោយមានអ្នកឆ្លងជាង ៣លាន ៥សែននាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីល មានអ្នកឆ្លងជាង ២លាននាក់ ហើយប្រទេសឥណ្ឌា នៅពេលនេះ មានអ្នកឆ្លងជាង ១លាននាក់។
កាសែត New York Times បានរាយការណ៍ ថា សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ មានអ្នកឆ្លងថ្មីក្នុងមួយថ្ងៃកើនដល់ជាង ៧៥.០០០ នាក់ ដែលមិនធ្លាប់មានពីមុន។ ហើយចំនួនអ្នកស្លាប់ក៏បានកើនដល់ជិត ១.០០០នាក់ ក្នុងមួយថ្ងៃ។
នៅប្រទេសប្រេស៊ីលវិញ វីរុសកូរ៉ូណាបន្តឆ្លងដល់ពលរដ្ឋឥតឈប់ឈរ ដោយក្រសួងសុខាភិបាលប្រេស៊ីល បានរាយការណ៍ថា មានអ្នកឆ្លងជាង ២លាននាក់ និងអ្នកស្លាប់ពីជំងឹកូវីដ១៩ ចំនួនជាង ១.០០០នាក់ ក្នុងមួយថ្ងៃ។ អ្នកជំនាញសុខភាពនៅទីនោះបានបន្ទោសរដ្ឋាភិបាលសហព័ន្ធចំពោះតួលេខខ្ពស់នេះ។
ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro កន្លងមក បានមើលស្រាលជំងឺកូវីដ១៩ ហើយក្នុងរយៈពេល ២សប្តាហ៍កន្លងទៅនេះ លោកបានធ្វើតេស្តឃើញវិជ្ជមានពីរដងថា មានវីរុសបង្កជំងឺកូវីដ១៩។
ប៉ុន្តែ ក៏ដំណឹងល្អខ្លះដែរ ពីជុំវិញពិភពលោកនៅក្នុងសប្តាហ៍នេះ ដូចជានៅប្រទេសអេស្ប៉ាញ ដោយកាលពីថ្ងៃព្រសហ្បតិ៍ ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បានសរសើរប្រទេសអេស្ប៉ាញថា បានទទួលជោគជ័យក្នុងការប្រែក្លាយស្ថានភាពការរាតត្បាតធ្ងនធ្ងរនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ និងអាចគ្រប់គ្រងបាននៅពេលនេះ។
លោកបញ្ជាក់ថា អេស្ប៉ាញបានបង្ហាញថា ទោះការរាតត្បាតជំងឺនេះស្ថិតនៅក្នុងដំណាក់កាលណាក៏ដោយ ក៏ថ្នាក់ដឹកនាំប្រទេសនិងពលរដ្ឋនីមួយៗ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំសុខាភិបាលអាចកំណត់ និងគ្រប់គ្រងទិសដៅនៃការចម្លងមេរោគនេះបាន។
កាលពីចុងខែមីនា និងដើមខែមេសា ប្រទេសអេស្ប៉ាញបានរាយការណ៍អំពីការឆ្លងថ្មីរហូតដល់ ១០.០០០ករណី ក្នុងមួយថ្ងៃ៕