សេតវិមានបានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមិនមានទាន់ទំនាក់ទំនងជាផ្លូវការណាមួយជាមួយនឹងរដ្ឋាភិបាលហ្វីលីពីនទាក់ទងនឹងការគំរាមកំហែងទៅលើការកាត់ផ្តាច់ចំណងមិត្តភាពខាងផ្នែកយោធារវាងប្រទេសទាំងពីរនៅឡើយនោះទេ។
សេចក្តីថ្លែងការណ៍របស់សេតវិមានចេញនៅថ្ងៃតែមួយដែលលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានគំរាមកាត់ផ្តាច់ចំណងមិត្តភាពខាងផ្នែកយោធាជាមួយនឹងសហរដ្ឋអាមេរិកជាលើកទី២ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោក Duterte បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយនៅក្នុងទីក្រុង Tokyo ដែលពេលនោះលោកកំពុងធ្វើដំណើរទស្សនកិច្ចថ្ងៃទី២នៅក្នុងដំណើរទស្សនកិច្ចផ្លូវការដែលមានរយៈពេលបីថ្ងៃនៅក្នុងតំបន់ដែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិក។ លោកបានថ្លែងថា លោកចង់ឲ្យប្រទេសហ្វីលីពីន មានសេរីភាពពីវត្តមានរបស់យោធាបរទេសក្នុងរយៈពេល២ឆ្នាំទៅមុខ បើទោះជាលោកត្រូវធ្វើការកែប្រែឡើងវិញ ឬលុបចោលកិច្ចព្រមព្រៀងក៏ដោយ។
កងទ័ពអាមេរិកមួយចំនួនតូចឈរជើងនៅកោះ Mindanao ដែលជាកោះភាគខាងត្បូង ដើម្បីជួយដល់ប្រតិបត្តិការប្រឆាំងនឹងអំពើភេរវកម្ម ដែលប្រឆាំងនឹងជនបះបោរឥស្លាមនៅក្នុងស្រុក៕