ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ហ្វីលីពីន៖ ​មិន​ចង់​ឃើញ​វត្តមាន​របស់​ទាហាន​បរទេស​នៅ​ក្នុង​ទឹកដី​ហ្វីលីពីន


លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte និយាយ​ថា លោក​ ​មិន​ចង់​ឃើញ​វត្តមាន​របស់​ទាហាន​បរទេស​នៅ​ក្នុង​ទឹកដី​ហ្វីលីពីន។

លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក តាំង​ពី​លោក​ក្លាយជា​ប្រធានាធិបតី​មក។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

នៅ​ថ្ងៃ​ពុធ​នេះ លោក​បាន​និយាយ​ថា លោក​ចង់​ឲ្យ​ប្រទេស​ហ្វីលីពីន​មិន​មាន​វត្តមាន​ទាហាន​បរទេស​ណា​ទាំង​អស់ នៅ​ក្នុង​អំឡុង​ពេល​ពីរ​ឆ្នាំ​ទៅ​មុខ​ទៀត ប្រសិន​បើ​អាច​ទៅ​រួច។

លោក​បាន​ថ្លែង​ប្រាប់​ពាណិជ្ជករ​នៅ​ក្នុង​ទីក្រុង​តូក្យូ​ថា៖ «ខ្ញុំ​ចង់​ធ្វើ​ជា​មិត្តភក្ដិ​ជាមួយ​ប្រទេស​ចិន។ ខ្ញុំ​មិន​ត្រូវការ​អាវុធ​អ្វី​នោះ​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​មាន​ការ​តម្លើង​គ្រាប់​មីស៊ីល​នៅ​ក្នុង​ប្រទេស​ខ្ញុំ​នោះ​ទេ។ ខ្ញុំ​មិន​ចង់​មាន​ព្រលានយន្តហោះ​សម្រាប់​ទទួល​យន្តហោះ​ទម្លាក់​គ្រាប់បែក​នោះ​ទេ‍»។

ការ​លើក​ឡើង​របស់​លោក​យ៉ាង​ដូច្នេះ ចង់​សំដៅ​ទៅ​លើ​ទាហាន​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​វត្តមាន​នៅ​ក្នុង​ជំរំ​ទាហាន​ហ្វីលីពីន ៥ កន្លែង ដែល​បាន​បង្កើត​ឡើង​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​សន្តិសុខ ​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​អាណត្តិ​គ្រប់​គ្រង​របស់​ប្រធានាធិបតី​ហ្វីលីពីន​ពី​មុន មុន​ពេល​លោក Duterte ចូល​កាន់​តំណែង ដែល​កិច្ច​ព្រមព្រៀង​នេះ​គឺ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ភាព​ខ្លាំង​របស់​យោធា​ចិន​នៅ​ក្នុង​តំបន់​ដែល​កំពុង​តែ​កើន​ឡើង។

នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ លោក Duterte បាន​ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe។ បន្ទាប់ពី​ជួប​ជាមួយ​លោក Abe រួច​មក លោក Duterte នឹង​ចូលរួម​នៅ​ក្នុង​ពិធី​ជប់លៀង​ដែល​រៀបចំ​ទទួល​ដោយ​មេដឹកនាំ​ជប៉ុន។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក លោក Duterte មាន​គម្រោង​ជួប​ជាមួយ​នឹង​អធិរាជ​ជប៉ុន Akihito៕

XS
SM
MD
LG