ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថា រុស្ស៊ី​ប្រហែល​ជា​ផ្ដល់​ដំបូន្មាន​ដល់​អ៊ីរ៉ង់​អំពី​ការទប់ទល់​នឹង​ក្រុម​បាតុករ


រូបឯកសារ៖ ពលរដ្ឋ​អ៊ីរ៉ង់​តវ៉ា​ចំពោះ​ការស្លាប់​របស់​ស្ត្រី​វ័យ ២២ឆ្នាំ នាង Mahsa Amini បន្ទាប់ពី​នាង​ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន​ក្នុង​ទីក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២២។
រូបឯកសារ៖ ពលរដ្ឋ​អ៊ីរ៉ង់​តវ៉ា​ចំពោះ​ការស្លាប់​របស់​ស្ត្រី​វ័យ ២២ឆ្នាំ នាង Mahsa Amini បន្ទាប់ពី​នាង​ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន​ក្នុង​ទីក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២២។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Karine Jean-Pierre បាន​បញ្ជាក់​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden គាំទ្រ​ប្រជាពលរដ្ឋ​អ៊ីរ៉ង់ និង​បាន​និយាយ​ថា​ប្រហែល​ជា​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ក្រុម​បាតុករ​នៅ​អ៊ីរ៉ង់។

អ្នកស្រី Jean-Pierre បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «យើង​ឈរ​ជាមួយ​ពលរដ្ឋ​និង​ស្ត្រី​អ៊ីរ៉ង់​ដ៏​អង់អាច​ក្លាហាន ដែល​នៅ​ពេល​នេះ​ពួកគេ​កំពុង​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន»។

អ្នកស្រី​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក «មាន​ក្ដី​បារម្ភ​ថា​រដ្ឋាភិបាល​រុស្ស៊ី​ប្រហែល​ជា​កំពុង​ផ្ដល់​ដំបូន្មាន​ដល់​រដ្ឋាភិបាល​អ៊ីរ៉ង់​អំពី​វិធី​អនុវត្ត​នៅ​ក្នុង​ការ​ទប់ទល់​នឹង​ការ​តវ៉ា ដោយសារតែ​រុស្ស៊ី​មាន​បទពិសោធន៍​ដ៏​ទូលំទូលាយ​នៅ​ក្នុង​ការ​បង្ក្រាប​បាតុកម្ម​សាធារណៈ»។

អ្នកស្រី​បាន​បន្ថែម​ថា ភ័ស្តុតាង​ដែល​បង្ហាញ​ថា​អ៊ីរ៉ង់​កំពុង​ជួយ​រុស្ស៊ី​នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​គឺ​មាន​ភាព «ច្បាស់​ក្រឡែត​និង​ជា​សាធារណៈ‍»។

កន្លង​មក ប្រទេស​អ៊ុយក្រែន​និង​ដៃគូ​បស្ចិម​ប្រទេស​របស់​ខ្លួន​ដែល​រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ បាន​បញ្ជាក់​ថា ដ្រូន​ដែល​កងកម្លាំង​រុស្ស៊ី​បាន​ប្រើ​ដើម្បី​វាយ​ប្រហារ​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​ដោយ​អ៊ីរ៉ង់។ រុស្ស៊ី​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រើ​ដ្រូន​របស់​អ៊ីរ៉ង់​ទេ ហើយ​អ៊ីរ៉ង់​ក៏​បាន​បដិសេធ​ផង​ដែរ​ថា​ខ្លួន​មិន​បាន​ផ្តល់​ដ្រូន​ទាំង​នេះ​ឱ្យ​រុស្ស៊ី​នោះ​ឡើយ។

អ្នកស្រី Jean-Pierre បាន​និយាយ​ថា៖ «អ៊ីរ៉ង់​និង​រុស្ស៊ី​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​គ្នា​នៅ​ពេល​ដែល​ពួកគេ​កាន់តែ​ឯកោ​ឡើង។ សារ​របស់​យើង​ចំពោះ​អ៊ីរ៉ង់​គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ឈប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​និង​ឈប់​បញ្ជូន​សព្វាវុធ​ទៅ​ឱ្យ​រុស្ស៊ី​ដើម្បី​សម្លាប់​ប្រជាពលរដ្ឋ​អ៊ុយក្រែន»។

នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​នោះ​ដែរ អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby បាន​និយាយ​ថា រុស្ស៊ី​និង​អ៊ីរ៉ង់​កំពុង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រំលោភ​លើ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ស៊ីវិល​របស់​ពលរដ្ឋ​អ៊ីរ៉ង់ និង​ដើម្បី​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​របស់​ពលរដ្ឋ​អ៊ុយក្រែន។

លោក Kirby បាន​ថ្លែង​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ឈរ​ជាមួយ​នឹង​ស្ត្រី​និង​ពលរដ្ឋ​អ៊ីរ៉ង់​ទាំង​អស់​ដែល​បំផុស​គំនិត​ដល់​ពិភពលោក​ទាំងមូល​ដោយសារ​ភាព​ក្លាហាន​របស់​ពួកគេ។ យើង​នឹង​បន្ត​ចាត់​វិធានការ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា់​ដោយ​សន្តិវិធី»៕

XS
SM
MD
LG