ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ជំរុញ​ទាមទារ​ឲ្យ​សាងសង់​ជញ្ជាំង​នៅ​ព្រំដែន ខណៈ​មាន​លទ្ធភាព​បិទ​រដ្ឋាភិបាល


លោក Stephen Miller​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧។

សេតវិមាន​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្កើន​ការ​ទាមទារ​របស់​ខ្លួន​ឲ្យ​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​ដើម្បី​រារាំង​ដល់​ការ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ក្នុង​សហរដ្ឋអាមេរិក បើ​ទោះ​ជា​សេតវិមាន​ត្រូវ​បង្ខំ​ឲ្យ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​នៅ​ក្នុង​សប្តាហ៍​នេះ​ក៏​ដោយ។ ​

លោក Stephen Miller ដែល​ជា​ទីប្រឹក្សា​អន្តោប្រវេសន៍​ដ៏​សំខាន់​មួយ​រូប​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​ទៅ​កាន់​បណ្តាញ​សារព័ត៌មាន CBS ថា «យើង​នឹង​ធ្វើ​អ្វីៗ​ដែល​ចាំបាច់​ដើម្បី​សាងសង់​ជញ្ជាំង​នៅ​ព្រំដែន ដើម្បី​បញ្ឈប់​វិបត្តិ​អន្តោប្រវេសន៍​ដែល​កំពុង​កើតឡើង​នេះ‍»។

នៅ​ពេល​សួរ​ថា​ទោះ​ជា​ការ​ទាមទារ​នេះ​តម្រូវ​ឲ្យ​បិទ​រដ្ឋាភិបាល​អាមេរិក​២៥​ភាគរយ នៅ​ពេល​ដែល​ថវិកា​សម្រាប់​ក្រសួង​សន្តិសុខ​មាតុភូមិ​និង​ទីភ្នាក់ងារ​អាមេរិក​ដទៃទៀត​អស់​នៅ​អាធ្រាត្រ​ថ្ងៃ​សុក្រ​នេះ​ក៏​ដោយ លោក Miller បាន​ឆ្លើយតប​វិញ​ថា «ប្រសិន​បើ​ពិត​ជា​ដូច្នេះ​មែន គឺ​ចៀស​មិន​ផុត​ទេ»។

កាល​ពី​សប្តាហ៍​មុន លោក ត្រាំ បាន​និយាយ​ថា លោក​នឹង​យល់​ព្រម​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​ ប្រសិន​បើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ប្រឆាំង បន្ត​បដិសេធ​លើ​ការ​ទាមទារ​របស់​លោក​ចំពោះ​ថវិកា​៥​ពាន់​លាន​ដុល្លារ ដើម្បី​ចាប់​ផ្តើម​សាងសង់​ជញ្ជាំង​នៅ​តាម​ផ្នែក​ខ្លះ​នៃ​ព្រំប្រទល់​រវាង​សហរដ្ឋអាមេរិក​និង​ម៉ិកស៊ិក​ដែល​មាន​ចម្ងាយ​៣២០០​គីឡូម៉ែត្រ ដែល​អាច​ត្រូវ​ចំណាយ​ប្រាក់​អស់​ជាង​២០​ពាន់​លាន​ដុល្លារ។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ផ្តល់​ប្រាក់​១ពាន់​៣រយ​លាន​ដុល្លារ​ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​ព្រំប្រទល់ ប៉ុន្តែ​មិន​បាន​ផ្តល់​ថវិកា​សម្រាប់​សាងសង់​ជញ្ជាំង​នោះ​ទេ៕

XS
SM
MD
LG