ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​ត្រាំប៉ះ​ទង្គិច​ជាមួយ​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ទាក់​ទង​នឹង​ការ​ផ្តល់​ថវិកា​សម្រាប់​សង់​ជញ្ជាំង


រូបឯកសារ៖ លោក​ប្រធានាធិបតី​ស.រ.អា ដូណាល់​ ត្រាំ
រូបឯកសារ៖ លោក​ប្រធានាធិបតី​ស.រ.អា ដូណាល់​ ត្រាំ

លោក​ប្រធានាធិបតី​ស.រ.អា ដូណាល់​ ត្រាំ និង ​មេ​ដឹកនាំ​ជាន់​ខ្ពស់នៃ​គណបក្ស​ប្រជាធិបតេយ្យ បាន​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំង កាល​ពី​ថ្ងៃ​អង្គារ ក្នុង​រឿង​ផ្តល់​ថវិកាសម្រាប់​សង់​ជញ្ជាំងមួយ​នៅ​តាម​បណ្តោយ​ព្រំដែន​ស.រ.អា ជា​មួយ​ប្រទេស​មិច​ស៊ិក។ លោក​ត្រាំ​ថ្លែងថា​លោក មាន​មោទនភាព​ក្នុង​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក នៅ​សប្តាហ៍​ក្រោយ ដោយ​សារ​ការ​ខ្វែង​គំនិត​គ្នា​នេះ។

«បើ​សិន​ជាយើង​គ្មាន​សន្តិសុខនៅ​ទល់​ដែន​ទេ យើង​នឹង​បិទ​រដ្ឋាភិបាល» នេះ​ជា​សម្តី​របស់​លោក​ត្រាំ ទៅ​កាន់​លោក Charles Schumer មេ​ដឹកនាំ​ព្រឹទ្ធសភា​នៃគណបក្ស​ប្រជាធិបតេយ្យនិង លោក​ស្រី Nancy Pelosi ដែល​បច្ចុប្បន្ន​ជា​មេ​ដឹកនាំ​នៃ​គណបក្ស​មាន​សំឡេង​ភាគតិច ក្នុង​រដ្ឋ​សភា តែ​នឹង​ក្លាយ​ជា​ប្រធានរដ្ឋ​សភា នៅ​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ កាន់​កាប់​រដ្ឋ​សភា នៅ​ខែ​ក្រោយ។

លោក​ត្រាំ បាន​ជជែកជាមួយ​លោក Schumer និង លោក​ស្រី Pelosi លើ​រឿងសង់​ជញ្ជាំង​នេះ នៅ​ពេល​ដែល​ពួក​អ្នក​យក​ព័ត៌មានឈរ​មើល ក្នុង​ការិយាល័យ​ប្រធានាធិបតី មុន​នឹង​លោក​ត្រាំ បណ្តេញពួក​អ្នក​យក​ព័ត៌មាន​ចេញ ហើយ​បន្ទាប់​មក​បាន​ពិភាក្សា​ជា​មួយ​មេ​ដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ទាំង​២​រូប ក្នុង​លក្ខណៈ​ឯកជន។ លោក​ត្រាំ​ចង់​បាន​ថវិកា​ចំនួន​៥​ពាន់​លាន​ដុល្លារ ដើម្បីសង់​ជញ្ជាំង​កំពស់​១៥​ម៉ែត្រ ដែល​នៅ​ទី​បំផុត អាចត្រូវ​ចំណាយ​អស់ ២០ពាន់​លាន​ដុល្លារ នៅ​តាម​បណ្តោយ​ព្រំដែន​ប្រវែង​៣​ពាន់​២​រយ​គីឡូម៉ែត្រ ជាមួយ​ប្រទេស​មិច​ស៊ិក។ លោក​ Schumer ថ្លែង​ថា​គណបក្ស​ប្រជាធិបតេយ្យ សុខ​ចិត្តឲ្យ​ប្រាក់​ ១ពាន់​៣​រយ​លាន​ដុល្លារ សម្រាប់​ចាយ​វាយ​ក្នុង​កិច្ចការ​សន្តិសុខ​តាម​ទល់​ដែន សម្រាប់​ឆ្នាំ​២០១៩៕

XS
SM
MD
LG