ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សំណើ​ថវិកា​របស់​លោក Trump មាន​កញ្ចប់​ថវិកា​សម្រាប់​ជញ្ជាំង​ព្រំដែន និង​យោធា


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​មន្ត្រី​ថ្នាក់​រដ្ឋ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​មន្ត្រី​ថ្នាក់​រដ្ឋ​អំពី​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បញ្ជូន​សំណើ​ថវិកា​ចំនួន ៤,៤ លាន​លាន​ដុល្លារ​អាមេរិក​ទៅ​កាន់​សភា។ សំណើ​ថវិកា​នេះ​មាន​រួម​បញ្ចូល​ថវិកា​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ព្រំដែន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស និង​ការ​ពង្រឹង​កង​កម្លាំង​យោធា​ផង​ដែរ។ ប៉ុន្តែ សំណើ​ថវិកា​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​បង្កើន​ឱនភាព​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ជាង ១ លាន​លាន​ដុល្លារ​អាមេរិក។

មន្ត្រី​សេតវិមាន​នានា​ស្ទើរតែ​ទទួល​ស្គាល់​ថា សំណើ​ដែល​បាន​បង្ហាញ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ មាន​ឱកាស​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ក្លាយ​ទៅ​ជា​ច្បាប់ ដោយសារតែ​សភា​សហរដ្ឋ​អាមេរិក​តែ​មួយ​គត់​ដែល​ជា​អ្នក​គ្រប់គ្រង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ។ ប៉ុន្តែ សេតវិមាន​អះអាង​ថា សំណើ​ថវិកា​នេះ​គឺ​ជា​សារ​ដ៏​សំខាន់​មួយ​អំពី​អាទិភាព​របស់​លោក​ប្រធានាធិបតី Donald Trump។

ប្រធាន​ផ្នែក​ថវិកា​នៃ​សេតវិមាន​លោក Mick Mulvaney បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «សំណើ​ថវិកា​នេះ​គឺ​ជា​ឯកសារ​បញ្ជូន​សារ​ឲ្យ​ដឹង»។

សំណើ​ថវិកា​របស់​លោក Trump ស្នើ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ជា​ច្រើន​ចំពោះ​កម្មវិធី​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​មនុស្ស​ចាស់​និង​ជន​ពិការ​ដែល​ហៅ​ថា Medicare កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ជន​ក្រីក្រ​ដែល​ហៅ​ថា Medicaid និង​កម្មវិធី​ជំនួយ​ម្ហូប​អាហារ​សម្រាប់​ជន​ក្រីក្រ​ដែល​ហៅ​ថា food stamps ជា​ដើម។

ប៉ុន្តែ សំណើ​ថវិកា​នេះ​នៅតែ​មិន​អាច​ធ្វើ​ឲ្យ​មាន​តុល្យភាព​ចំពោះ​ថវិកា​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដដែល ដែល​មួយ​ផ្នែក​បណ្ដាល​មក​ពី​ការ​កាត់​បន្ថយ​ចំណូល​សម្រាប់​រដ្ឋាភិបាល​សហព័ន្ធ​ដោយសារតែ​ការ​កាត់​បន្ថយ​ការ​យក​ពន្ធ​លើ​ប្រាក់​ចំណូល​ដែល​បាន​អនុម័ត​កាល​ពី​ចុង​ឆ្នាំ​មុន៕

XS
SM
MD
LG