អ្នកនាំពាក្យសេតវិមានអ្នកស្រី Kayleigh McEnany និយាយថា អ្នកស្រី បានធ្វើតេស្តឃើញមានជំងឺកូវីដ១៩។
អ្នកស្រី McEnany បានប្រកាសលើបណ្តាញ Twitter ថា៖ «បន្ទាប់ពីបានធ្វើតេស្តឃើញអវិជ្ជមានជាច្រើនដងមក ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក ឥឡូវនេះ ខ្ញុំបានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃច័ន្ទ ប៉ុន្តែគ្មានរោគសញ្ញាអ្វីនោះទេ»។
អ្នកស្រីបានបន្ថែមថា អ្នកស្រីមិនបានដឹងថា អ្នកស្រី Hope Hicks បានធ្វើតេស្តឃើញវិជ្ជមានជំងឺកូវីដ១៩ នោះទេ មុនពេលដែលអ្នកស្រីធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ អ្នកស្រី Hope Hicks គឺជាទីប្រឹក្សាម្នាក់របស់លោកប្រធានាធិបតី Donald Trump ហើយលទ្ធផលតេស្តកូវីដ១៩ របស់អ្នកស្រី ត្រូវបានលាតត្រដាងកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
លោកប្រធានាធិបតី Trump បានប្រកាសថា លោក និងអ្នកស្រី Melania Trump ដែលជាភរិយា បានធ្វើតេស្ដឃើញវិជ្ជមានកូវីដ១៩ កាលពីព្រឹកថ្ងៃសុក្រ។ ឥឡូវនេះលោក Trump កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ នៅមន្ទីរពេទ្យយោធា Walter Reed។ ចំណែកឯអ្នកស្រី Melania Trump វិញ មិនត្រូវបានតម្រូវឲ្យទទួលការព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺគ្រាន់តែនៅដាច់ដោយឡែកពីគេ នៅសេតវិមានតែប៉ុណ្ណោះ។
អ្នកស្រី McEnany ថ្លែងថា៖ អ្នកស្រី «នឹងចាប់ផ្ដើមនៅដាច់ដោយឡែកពីគេ» និងបន្ដធ្វើការងារពីផ្ទះ៕