ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក Trump ចាកចេញ​ពី​មន្ទីរពេទ្យ​មួយ​សន្ទុះ​ដើម្បី​ជួប​ក្រុម​អ្នក​គាំទ្រ​នៅ​ខាងក្រៅ​


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ជិះ​ក្នុង​រថយន្ដ​នៅ​កៅអី​ខាង​ក្រោយ នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​យោធា Walter Reed ​ដើម្បី​ជួប​ជាមួយ​នឹង​ក្រុម​អ្នកគាំទ្រ​លោក ខណៈ​ពេល​មាន​ជំងឺ​កូវីដ១៩ ក្នុង​ក្រុង Bethesda រដ្ឋ Maryland ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៤ ខែតុលា ឆ្នាំ​២០២០។

បន្ទាប់ពី​បង្ហោះ​សារ​ជា​វីដេអូ​តាម Twitter កាលពី​រសៀល​ថ្ងៃ​អាទិត្យ​ថា លោក​បាន «ទទួល​ព័ត៌មាន​ដ៏​អស្ចារ្យ» ពី​វេជ្ជបណ្ឌិត​របស់​លោក​មក ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​សន្យា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ភ្ញាក់ផ្អើល​បន្តិច​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​យោធា​ជាតិ Walter Reed ដែល​ជា​កន្លែង​ដែល​លោក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ១៩។

បន្ទាប់មក លោក​ប្រធានាធិបតី​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ Walter Reed មួយ​សន្ទុះ​តាម​រថយន្ត SUV ដោយ​មាន​អង្គរក្ស​អម​ជាមួយ ជិះ​កាត់​ក្រុម​អ្នក​គាំទ្រ​លោក​ដែល​ស្រែក​អបអរ​លើក​ទឹកចិត្ត និង​គ្រវី​ទង់ជាតិ​និង​បដា​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ។

លោក Judd Deere អ្នកនាំពាក្យ​សេតវិមាន​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «លោក​ប្រធានាធិបតី Trump បាន​ធ្វើ​ដំណើរ​តាម​ក្បួន​រថយន្ត​មួយ​សន្ទុះ​ដោយ​គ្រវី​ដៃ​នៅ​ក្នុង​រថយន្ត​ទៅកាន់​អ្នក​គាំទ្រ​របស់​លោក​នៅ​ខាង​ក្រៅ ហើយ​ឥឡូវ​នេះ​លោក​បាន​វិល​ត្រឡប់​ទៅកាន់​បន្ទប់​ប្រធានាធិបតី​នៅ​ខាង​ក្នុង​មន្ទីរពេទ្យ Walter Reed វិញ​ហើយ»។

ក្រុម​អ្នក​គាំទ្រប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នាំ​គ្នា​មក​លើក​ទឹក​ចិត្ត​លោក​នៅ​ខាង​ក្រៅ​មន្ទិរពេទ្យ​យោធា Water Reed ខណៈ​ដែល​លោក​កំពុងព្យាបាល​ជំងឺ​កូវីដ១៩។
ក្រុម​អ្នក​គាំទ្រប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump នាំ​គ្នា​មក​លើក​ទឹក​ចិត្ត​លោក​នៅ​ខាង​ក្រៅ​មន្ទិរពេទ្យ​យោធា Water Reed ខណៈ​ដែល​លោក​កំពុងព្យាបាល​ជំងឺ​កូវីដ១៩។

កាលពី​ថ្ងៃ​អាទិត្យ ក្រុម​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​លោក Trump បាន​បញ្ជាក់​ថា លោក​បាន​ «​ធ្លាក់​ចុះ​ខ្យល់​អុកស៊ីសែន​បណ្ដោះ​អាសន្ន​ចំនួន ២ លើក»។

លោក Sean Conley ដែល​ជា​វេជ្ជបណ្ឌិត​របស់​លោក​ប្រធានាធិបតី Trump បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ថ្វីបើ​មាន​បញ្ហា​នោះ​ក៏ដោយ ក៏ «សុខភាព​របស់​លោក​ប្រធានាធិបតី​មាន​ដំណើរការ​ល្អ»។

លោក​វេជ្ជបណ្ឌិត Sean Dooley ដែល​ជា​វេជ្ជបណ្ឌិត​មួយ​រូប​ទៀត​ព្យាបាល​លោក Trump បាន​ប្រាប់​អ្នក​កាសែត​នៅ​មន្ទីរពេទ្យ Walter Reed ថា៖ «អាការៈ​ជំងឺ​របស់​លោក​ប្រធានាធិបតី Trump បន្ត​ប្រសើរ​ឡើង។ លោក​មិន​មាន​អាការៈ​គ្រុន​ក្ដៅ​នោះ​ទេ​តាំង​ពី​ព្រឹក​ថ្ងៃ​សុក្រ​មក។ រលក​សញ្ញា​សុខភាព​របស់​លោក​មាន​លំនឹង​ល្អ»។

លោក Dooley បាន​បន្ថែម​ថា លោក Trump មិន​ត្អូញត្អែរ​ថា​មាន​ការ​ថប់​ដង្ហើម ឬ​ជួប​ប្រទះ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​ណា​មួយ​ទេ។

ការ​សម្រេច​ចិត្ត​របស់​លោក Trump នៅ​ក្នុង​ការ​ចាកចេញ​មួយ​សន្ទុះ​ពី​មន្ទីរពេទ្យ​សម្រាប់​អ្នក​គាំទ្រ​របស់​លោក​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នោះ បាន​រង​ការ​រិះគន់​ពី​គ្រូពេទ្យ​មួយ​រូប​នៅ​មន្ទីរពេទ្យ Walter Reed ថា ជា​ទង្វើ​គ្មាន​ការ​ទទួល​ខុសត្រូវ។

លោក​វេជ្ជបណ្ឌិត James Phillips នៃ​មន្ទីរពេទ្យ Walter Reed និង​ដែល​ជា​ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ​គ្រោះ​មហន្តរាយ​នៃ​សាកល​វិទ្យាល័យ George Washington ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ផង​ដែរ​នោះ បាន​បញ្ជាក់​ថា៖ «ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ខាង​ក្នុង [រថយន្ត] គឺ​ខ្ពស់​ដូច​ការ​ឆ្លង​ក្រៅ​នីតិវិធី​ផ្នែក​វេជ្ជសាស្ត្រ​ដូច្នេះ​ដែរ។ ការ​គ្មាន​ការ​ទទួល​ខុសត្រូវ​នេះ​គឺ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ ខ្ញុំ​អាណិត​ដល់​ក្រុម​អង្គរក្ស​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​បំពេញ​តួនាទី​របស់​ខ្លួន​ណាស់»។

ពេល​និយាយ​ដល់​ក្រុម​អង្គរក្ស​នោះ លោក Phillips ចង់​សំដៅ​ដល់​អ្នក​បើក​រថយន្ត និង​ភ្នាក់ងារ​មួយ​រូប​ទៀត​ដែល​អម​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី​នៅ​កៅអី​ជួរ​មុខ ដែល​គេ​មើល​ទៅ​ឃើញ​មាន​ពាក់​ម៉ាស់ របាំង​មុខ និង​វ៉ែនតា​ការពារ​ភ្នែក​ផង​ដែរ។

ប៉ុន្តែ អ្នក​នាំពាក្យ​សេតវិមាន​លោក Judd Deere បាន​បញ្ជាក់​ថា៖ «មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ត្រឹមត្រូវ​ទាក់ទិន​នឹង​ការ​ធ្វើ​ដូច្នេះ។ ...ការ​ធ្វើ​ដូច្នេះ​គឺ​អនុញ្ញាត​ដោយ​ក្រុម​វេជ្ជសាស្ត្រ​ថា​មាន​សុវត្ថិភាព»៕

XS
SM
MD
LG