ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​លោក Trump មាន​សុទិដ្ឋិនិយម​ថា លោក​ប្រធានាធិបតី​នឹង​អាច​ចេញពី​មន្ទីរពេទ្យ​នៅ​ថ្ងៃចន្ទ​នេះ


លោក​ប្រធានាធិបតី Donald Trump នៅក្នុង​រថយន្ត គ្រវីដៃ​ទៅ​រក​អ្នកគាំទ្រ​ដែល​ប្រមូលផ្តុំគ្នា​នៅ​ខាងក្រៅ​មន្ទីរពេទ្យ Walter Reed ដែល​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី៤ ខែតុលា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី Donald Trump នៅក្នុង​រថយន្ត គ្រវីដៃ​ទៅ​រក​អ្នកគាំទ្រ​ដែល​ប្រមូលផ្តុំគ្នា​នៅ​ខាងក្រៅ​មន្ទីរពេទ្យ Walter Reed ដែល​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃ​ទី៤ ខែតុលា ឆ្នាំ២០២០។

នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក ​Mark Meadows និយាយ​ថា​ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ជួប​ជា​មួយ​ក្រុម​វេជ្ជ​បណ្ឌិត​ដែល​ព្យាបាល​ជំងឺ​កូវីដ​១៩​ ឲ្យ​លោក​នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​សុខភាព​របស់​លោក​ ហើយ​រដ្ឋបាល​របស់​លោក​ Trump ​មាន​សុទិដ្ឋិនិយម​ដែល​ថា​ លោក​ប្រធានាធិបតី​ នឹង​អាច​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​ចន្ទ​នេះ ម៉ោង​ក្នុង​សហរដ្ឋអាមេរិក។

លោក Mark Meadows បាន​ប្រាប់​ទូរទស្សន៍ Fox News ថា​ លោក​បាន​និយាយ​ជាមួយ​លោកប្រធានាធិបតី​នៅ​ព្រឹកមិញ​នេះ​។ ស្ថានភាព​ជំងឺ​របស់លោក​ប្រធានាធិបតី បន្ត​មាន​ភាពកាន់តែ​ប្រសើរ​ឡើងកាល​ពី​យប់​ ហើយ​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ក្នុង​ការ​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​ដូច​ដើម​វិញ​។ លោក Meadows​ បាន​និយាយ​ទៀត​ថា៖ «យើង​មាន​សុទិដ្ឋិនិយម​ដែល​ថា​ លោក​ប្រធានាធិបតី​ នឹង​អាច​វិល​មក​កាន់​សេតវិមាន​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ»។ ​

កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​បង្ហោះវីដេអូ​នៅ​លើ​ Twitter ដែល​ថា​ លោកទទួល​បានរបាយការណ៍​ពី​ស្ថាន​ភាព​សុខភាពល្អពី​ក្រុម​វេជ្ជបណ្ឌិត​របស់​លោក​មក​ លោក​ត្រាំ​បាន​សន្យា​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​តូច​មួយ​ ដល់​អ្នក​គាំទ្រ​របស់​លោក​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ ដែល​លោក​កំពុង​សម្រាក​ព្យាបាល​នោះ។

លោក​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ក្នុង​រយៈ​ពេល​ខ្លី​ ​តាម​រថយន្ត​របស់​លោក ដែល​មាន​អម​ដោយ​ក្រុម​អង្គរក្ស​ការពារផង​ដែរ ដោយ​ជិះ​រថ​យន្ត​ឆ្លង​កាត់​ក្រុម​អ្នក​គាំទ្រ​ ដែល​កំពុង​ឈរ​នៅ​ខាង​ក្រៅ​របង​មន្ទីរពេទ្យ ដោយ​មាន​កាន់​ទង់​ជាតិ​ និង​ស្រែក​គាំទ្រ​លោក។​ ​

កាល​ពី​ថ្ងៃ​អាទិត្យ​ ក្រុម​វេជ្ជបណ្ឌិត​ដែល​ព្យាបាល​លោក Trump បាន​បញ្ជាក់​ថា លោក​បាន​«ធ្លាក់​ចុះ​ខ្យល់​អុក​ស៊ី​សែន​បណ្ដោះ​អាសន្ន​ចំនួន​ ២​ លើក»។

យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោក Trump កាល​ពី​ថ្ងៃ​ពុធ ​បាន​ផ្អាក​រាល់​ព្រឹត្តិការណ៍​ទាំងអស់​ដែល​បាន​គ្រោង​ទុក​កាល​ពីមុន ដែល​គ្រោងនឹង​មាន​វត្តមាន​របស់​លោក​ប្រធានាធិបតី។

លោក Mike Pence អនុប្រធានាធិបតី​សហរដ្ឋអាមេរិក កំពុង​តែ​បង្ហាញ​ខ្លួន​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្នុង​សប្ដាហ៍​នេះ និង​ត្រៀម​សម្រាប់​ការ​ជជែក​ដេញដោល​នៅ​យប់​ថ្ងៃ​ពុធ ជាមួយ​នឹង​បេក្ខជន​អនុប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​អ្នកស្រី Kamala Harris ផង​ដែរ។

បើ​យោង​តាមស្ថិតិ​របស់​សាកលវិទ្យាល័យ Johns Hopkins​ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះជំងឺកូវីដ​១៩ បាន​សម្លាប់​មនុស្ស​ជិត ​២១០.០០០ នាក់ និង​បាន​ឆ្លង​ដល់​មនុស្ស​ប្រមាណ ៧,៤ ​លាន​នាក់​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​៕​

XS
SM
MD
LG