ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​បើក​ចំហរ​ឱ្យ​មាន​កិច្ចពិភាក្សា​បន្ថែម​ស្តីអំពី​ជំនួយ​កូវីដ១៩


រូប​ឯកសារ៖ លោក Steven Mnuchin ចាកចេញ​ពី​ការ​ចរចា​អំពី​កញ្ចប់​ជំនួយ​ទាក់ទង​នឹង​វីរុស​កូរ៉ូណា កាលពី​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០។

សេតវិមាន​បានផ្តល់​សញ្ញា​កាលពី​ថ្ងៃចន្ទ​ថា​ខ្លួន​បើកឱ្យ​មាន​កិច្ចចរចា​បន្ថែម​ជាមួយ​នឹង​ក្រុម​ជំទាស់​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ស្តីអំពី​កញ្ចប់​ជំនួយ​ទាក់​ទងនឹង​វីរុស​កូរ៉ូណា ​ហើយ​មាន​បំណង​ចំណាយ​ថវិកា​បន្ថែម​ដើម្បី​ឈាន​ដល់​កិច្ច​ព្រមព្រៀង។

លោក​ Steven Mnuchin​ រដ្ឋមន្ត្រី​ក្រសួង​រតនាគារ ​បានថ្លែង​ប្រាប់​ទូរទស្សន៍ ​ CNBC​ ថា៖ «យើងត្រៀម​ចំណាយ​ថវិកា​ច្រើនទៀត​ដាក់នៅ​លើតុ ​ហើយលោក​ប្រធានាធិបតី​ប្តេជ្ញា​ចំណាយ​នូវ​ចំនួន​ថវិកា​តាម​តម្រូវការ​ដែលយើង​ត្រូវ​ចំណាយ»។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើបទ​បញ្ជា​នីតិប្រតិបត្តិ​កាលពី​ថ្ងៃសៅរ៍​ដើម្បី​បន្តប្រាក់​ឧបត្ថម្ភ​មួយផ្នែក​ដែល​បាន​ផុតកំណត់​ ជូនដល់​បុគ្គលិក​គ្មាន​ការងារ​ធ្វើរាប់​លាន​នាក់ ​និង​ពន្យារពេល​ការ​បង់ពន្ធ​ដល់​អ្នក​ធ្វើ​ការ​អាមរិកាំង​ជាច្រើន​ដែរ។

នៅ​ក្នុង​អត្ថាធិប្បាយ​តាមប្រព័ន្ធ ​Twitter ​លោក​ប្រធានាធិបតី​ពុំបាន​រារាំង​ដល់ការ​ចរចា​បន្ថែម​ទេ តែ​បាន​ស្តីបន្ទោស​ដល់​លោក ​Chuck Schumer ​មេដឹកនាំ​ក្រុម​ប្រជាធិប​តេយ្យក្នុង​ព្រឹទ្ធសភា និង ​លោកស្រី​ប្រធានសភា ​Nancy Pelosi ​ដែលថា​ជាអ្នក​ធ្វើឱ្យ​បរាជ័យ​ក្នុងកិច្ចចរចា​ស្តីអំពី​កញ្ចប់​ថវិកា​ជួយដល់​បញ្ហា​វីរុស​កូរ៉ូណា។

តែ​លោក​ស្រី ​កាលពី​ថ្ងៃចន្ទ​បានថ្លែង​ប្រាប់​ទូរទស្សន៍​ MSNBC ​ថា​បទបញ្ជា​នីតិប្រតិបត្តិ​ ជាបទបញ្ជា​មិនច្បាស់​លាស់​មួយ ​ហើយថា​កិច្ចប្រឹង​ប្រែង​របស់​លោកត្រាំ​គឺ​គ្មាន​បំណង​ជួយ​ពលរដ្ឋ​ទេ​តែ​ជួយ​ឱ្យ​មាន​កំណើន​ដល់​ទីផ្សារ​ហ៊ុន​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG