ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ចេញ​បទបញ្ជា​នីតិប្រតិបត្តិ​រឿង​កញ្ចប់​ជំនួយ​វិបត្តិ​ជំងឺ​កូវីដ១៩


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ​សម្រាប់​ជួយ​ស្ដារ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​រមណីយដ្ឋាន​របស់​លោក​ក្នុង​ក្រុង Bedminster រដ្ឋ New Jersey ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​២០២០។

កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចេញ​វិធានការ​ឲ្យ​បន្ត​ផ្ដល់​ប្រាក់​ជំនួយ​បាត់បង់​ការងារ ដែល​បាន​ផុត​កំណត់​ពីរ​សប្ដាហ៍​មក​ហើយ ដល់​ពលរដ្ឋ​អាមេរិកាំង​រាប់​សិប​លាន​នាក់ ដែល​បាន​បាត់បង់​ការងារ​ធ្វើ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ និង​លើក​ពេល​ដល់​ការ​យក​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍។

លោក Trump ចេញ​វិធានការ​ដូច្នេះ បន្ទាប់ពី​ការ​ចរចា​របស់​សេតវិមាន​ជាមួយ​នឹង​សភា​អំពី​កញ្ចប់​ជំនួយ​ថ្មី​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​បរាជ័យ។

ដោយសារ​ការ​ឆ្លង និង​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​សហរដ្ឋ​អាមេរិក នៅ​តែ​បន្ត​កើន​ឡើង លោក Trump បាន​អំពាវនាវ​ឲ្យ​មាន​ការ​បន្ថែម​ប្រាក់​ជំនួយ​សម្រាប់​អ្នក​បាត់បង់​ការងារ​ចំនួន ៤០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ដែល​តិច​ជាង​កាល​ពី​លើក​មុន​ដែល​មាន​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

លោក Trump បាន​បញ្ជាក់​ដូច្នេះ​ក្នុង​សន្និសីទ​កាសែត​នៅ​រមណីយដ្ឋាន​ឯកជន​របស់​លោក​ក្នុង​ក្រុង Bedminster រដ្ឋ New Jersey ដូច្នេះ​ថា៖ «នេះ​គឺ​ជា​ថវិកា​ដែល​ពួកគេ​ត្រូវការ។ នេះ​គឺ​ជា​ថវិកា​ដែល​ពួកគេ​ចង់​បាន។ នេះ​គឺ​ជា​ថវិកា​ដែល​ផ្ដល់​ការ​លើកទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​វិញ»។

លោក Ron Wyden សមាជិក​ជាន់ខ្ពស់​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​គណៈកម្មាធិការ​ហិរញ្ញវត្ថុ​នៃ​ព្រឹទ្ធសភា បាន​និយាយ​ថា៖ «តាម​រយៈការ​ចេញ​បទ​បញ្ជា​នីតិប្រតិបត្តិ​ខុសច្បាប់​នេះ លោក Donald Trump កំពុង​ព្យាយាម​បង្វែរ​អារម្មណ៍​សាធារណជន​កុំ​ឲ្យ​ផ្ដោត​លើ​ភាព​បរាជ័យ​របស់​លោក​រឿង​បន្ថែម​ពេល​ផ្ដល់​ប្រាក់​ជំនួយ​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​សម្រាប់​អ្នក​បាត់បង់​ការងារ​ធ្វើ»។

ជាង​នេះ​ទៀត លោក Trump បាន​ផ្អាក​ការ​យក​ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​រហូត​ដល់​ចុង​ឆ្នាំ​នេះ​សម្រាប់​អ្នក​ធ្វើការ​ណា​ដែល​រក​ចំណូល​បាន​តិច​ជាង ១ សែន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ នៅ​ទីបំផុត ពន្ធ​លើ​ប្រាក់​បៀវត្សរ៍​ចំនួន ៧% នឹង​ត្រូវ​បង់​ដដែល លុះ​ត្រា​តែ​សភា​អនុម័ត​លើ​រឿង​នេះ ប៉ុន្តែ​កន្លង​មក គេ​ឃើញ​មាន​ការ​ជំទាស់​ពី​គណបក្ស​ទាំង​ពីរ​នៅ​សភា​ចំពោះ​រឿង​នេះ។

លោក Wyden ថ្លែង​ថា៖ «ការ​កាត់​ពន្ធ​បែប​ក្លែងក្លាយ​នេះ គឺ​ជា​ការ​ភ្ញាក់ផ្អើល​ដ៏​ធំ​មួយ​ចំពោះ​អ្នក​ធ្វើការ​ដែល​គិត​ថា ពួកគេ​ទទួល​បាន​ប្រយោជន៍​ពី​ការ​កាត់ពន្ធ​នេះ ដោយ​តាមការពិត វា​គ្រាន់​តែ​ជា​ការ​ពន្យារពេល​បង់​ពន្ធ​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​ខាង​មុខ អ្នក​ធ្វើការ​ទាំង​នេះ​នឹង​ត្រូវ​បង់​ពន្ធ​ទាំងនេះ​ឡើង​វិញ​ដដែល»។

ចំណុច​ចុងក្រោយ​មួយ​ទៀត លោក Trump បាន​និយាយ​ថា លោក​បន្ថែម​ពេល​ការពារ​អ្នក​ជួល​ផ្ទះ ដែល​រង​ការ​គំរាម​បណ្ដេញ​ចេញ​ដោយសារ​គ្មាន​ប្រាក់​បង់​ថ្លៃ​ផ្ទះ និង​បាន​ពន្យារពេល​សង​កម្ចី​សម្រាប់​និស្សិត ក៏ដូចជា​មិន​យក​ការប្រាក់​លើ​កម្ចី​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​សហព័ន្ធ​ផង​ដែរ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG