កាលពីថ្ងៃអាទិត្យម្សិលមិញ សេតវិមានប្រធានាធិបតីអាមេរិកបានគាំទ្រលោកប្រធានាធិបតី Donald Trump ដោយបានបញ្ជាក់ថា ការបញ្ជូនជនចំណាកស្រុកគ្មានក្រដាសស្នាមត្រឹមត្រូវទៅកាន់ទីក្រុងនៅសហរដ្ឋអាមេរិកណាដែលការពារជនទាំងនោះពីការបញ្ជូនចេញពីប្រទេសគឺនៅតែអាចទៅរួច ទោះបីជាក្រសួងរដ្ឋាភិបាលមួយចំនួនបានបញ្ជាក់ថា ការធ្វើដូច្នេះគឺមិនអាចទៅរួច និងគ្មានថវិកាសម្រាប់ចាត់ចែងរឿងនេះក៏ដោយ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Sarah Sanders បានបញ្ជាក់នៅក្នុងកម្មវិធីទូរទស្សន៍ «Fox News Sunday» ថា៖ «យើងប្រាកដជាមើលលើជម្រើសទាំងអស់ ប្រសិនបើគណបក្សប្រជាធិបតេយ្យនៅតែបដិសេធមិនទទួលស្គាល់វិបត្តិនៅតាមព្រំដែន»។
លោក Trump បានបញ្ជាក់កាលពីយប់ថ្ងៃសៅរ៍នៅលើ Twitter ថា៖ «គណបក្សប្រជាធិបតេយ្យត្រូវតែកែប្រែច្បាប់អន្តោប្រវេសន៍ឲ្យបានឆាប់។ បើមិនដូច្នេះទេ ទីក្រុងណាដែលការពារជនចំណាកស្រុកខុសច្បាប់ ត្រូវតែចាត់វិធានការភ្លាមៗដើម្បីមើលថែជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ ដែលក្នុងនោះមានទាំងសមាជិកក្រុមជនអន្ធពាល ពួកជួញដូរគ្រឿងញៀន ពួកជួញដូរមនុស្ស និងឧក្រិដ្ឋជនផ្សេងៗទៀត។ ប្ដូរច្បាប់អន្តោប្រវេសន៍ចេញឥឡូវនេះទៅ!»។
ទីក្រុងរាប់រយនៅក្នុងសហរដ្ឋអាមេរិក រួមទាំងរដ្ឋ California ដែលជារដ្ឋមានពលរដ្ឋច្រើនបំផុតនៅក្នុងប្រទេស បានប្រកាសខ្លួនថាជាទីសុខសម្រាប់ជនចំណាកស្រុកដែលឆ្លងចូលសហរដ្ឋអាមេរិកដោយខុសច្បាប់តាមព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិក។ ទីក្រុងទាំងនោះបដិសេធមិនជួយមន្ត្រីអន្តោប្រវេសន៍អាមេរិកនៅក្នុងការតាមដានចាប់បញ្ជូនជនអន្តោប្រវេសន៍ទាំងនោះចេញពីប្រទេស។
អាជ្ញាធរព្រំដែនសហរដ្ឋអាមេរិកបានចាប់ខ្លួនជនចំណាកស្រុកខុសច្បាប់ជាង ១ សែននាក់ ដែលភាគច្រើនមកពីប្រទេសក្វាតេម៉ាឡា ហុងឌូរ៉ាស និងអែលសាល់វ៉ាឌ័រ នៅឯព្រំដែនកាលពីខែមីនាកន្លងទៅនេះ៕