ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន និង​រដ្ឋសភា​បង្ហាញ​អំណះអំណាង​ផ្ទុយ​គ្នា​ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ក្រុង Austin រដ្ឋ Texas កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ក្រុង Austin រដ្ឋ Texas កាលពី​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​មេធាវី​សេតវិមាន​គ្រោង​នឹង​បញ្ជូន​សេចក្ដី​សង្ខេប​អំពី​អំណះអំណាង​របស់​ពួកគេ​នៅ​ក្នុង​សវនាការ​កាត់ទោស​ដើម្បី​ដក​តំណែង​លោក​ប្រធានាធិបតី Donald Trump។

នៅ​ក្នុង​ការ​ឆ្លើយតប​ខ្លី​ជាង​នេះ​កាល​ពី​លើក​មុន​ចំពោះ​បទ​ចោទ​ប្រកាន់​លោក Trump មេធាវី​សេតវិមាន​លោក Pat Cipollone និង​លោក Jay Sekulow បាន​និយាយ​ថា ព្រឹទ្ធសភា​ត្រូវតែ​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ ដោយសារតែ​បទ​ចោទ​ទាំង​នេះ «ផ្អែក​លើ​ការ​បន្លំ​ន័យ​ដ៏​គ្រោះថ្នាក់​នៃ​រដ្ឋធម្មនុញ្ញ​ដែល​អាច​ប៉ះពាល់​រយៈពេល​យូរ​ដល់​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​របស់​សហរដ្ឋ​អាមេរិក»។

ក្រុម​មេធាវី​នេះ​អះអាង​ថា រដ្ឋសភា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​អំណាច​របស់​ប្រធានាធិបតី​នៅ​ក្នុង​ការ​កំណត់​អំពី​គោល​នយោបាយ​ការបរទេស ហើយ​រដ្ឋសភា​កំពុង​តែ​ព្យាយាម​គ្រប់គ្រង និង​ដាក់​ទោស​ទណ្ឌ​លើ​អង្គ​នីតិប្រតិបត្តិ​សម្រាប់​ការណ៍​ដែល​អង្គ​នីតិប្រតិបត្តិ​នេះ​ប្រើប្រាស់​បុព្វសិទ្ធិ​របស់​ខ្លួន​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

ទាក់ទិន​នឹង​ការ​ចោទ​ប្រកាន់​របស់​រដ្ឋសភា​ដែល​ថា​លោក Trump បាន​រំលោភ​អំណាច ដោយសារ​លោក​បាន​ស្នើ​បរទេស​ឲ្យ​ស៊ើប​អង្កេត​លើ​គូ​ប្រជែង​នយោបាយ​របស់​លោក​នោះ ក្រុម​មេធាវី​ទាំង​នេះ​អះអាង​ថា រដ្ឋសភា​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​អំណាច​របស់​ប្រធានាធិបតី​នៅ​ក្នុង​ការ​កំណត់​អំពី​គោល​នយោបាយ​ការបរទេស។

ចំណែក​ឯ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា​លោក Trump បាន​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា ដោយសារ​លោក​បាន​បញ្ជា​មិន​ឲ្យ​សមាជិក​នៃ​អង្គ​នីតិប្រតិបត្តិ​របស់​លោក​គោរព​តាម​ដីកា​កោះ​ហៅ​របស់​រដ្ឋសភា​វិញ ក្រុម​មេធាវី​ទាំង​នេះ​បាន​បញ្ជាក់​ថា សកម្មភាព​ដែល​លោក Trump បាន​ធ្វើ​ទាំង​នោះ​គឺ​ស្រប​ច្បាប់ ដោយសារតែ​វា​ជា​ការ​សម្ដែង​ឡើង​នូវ «ផល​ប្រយោជន៍​រក្សា​ការ​សម្ងាត់​ដែល​មាន​ចែង​នៅ​ក្នុង​ផ្នែក​បែង​ចែក​អំណាច»។

សមាជិក​រដ្ឋសភា​ដែល​ដើរ​តួ​ជា​រដ្ឋ​អាជ្ញា​បាន​បញ្ជូន​សេចក្ដី​សង្ខេប​លើ​អង្គ​ហេតុ​នៃ​រឿង​ក្ដី​នេះ​ទៅ​កាន់​ព្រឹទ្ធសភា​រួច​ហើយ ដោយ​បាន​និយាយ​ថា «ភស្តុតាង​ជា​ច្រើន​បង្ហាញ» យ៉ាង​ច្បាស់​ថា លោក Trump មាន​កំហុស​ទាក់ទិន​នឹង​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ៕

XS
SM
MD
LG