លោកឧត្តមនាវីរង Robert Harward ជាមនុស្សម្នាក់ដែលត្រូវបានគេរាយការណ៍ថា ជាជម្រើសរបស់លោកប្រធានាធិបតីត្រាំដើម្បីជំនួសទីប្រឹក្សាសន្តិសុខដែលបានបណ្តេញចេញពីតំណែង។ លោកជាអតីតទាហានពិសេស Navy SEAL ដែលបានសិក្សានៅវិទ្យាល័យក្នុងប្រទេសអ៊ីរ៉ង់ ហើយនិយាយភាសា Farsi យ៉ាងរលូនដែលជាភាសាផ្លូវការរបស់អ៊ីរ៉ង់។
លោក Harward ទទួលបានការគោរពនៅក្នុងសហគមន៍សន្តិសុខជាតិ។ លោកមានចំណងទាក់ទងដ៏ជិតស្និទ្ធជាមួយលោក Jim Mattis រដ្ឋមន្រ្តីការពារប្រទេស។ អស់លោកបានធ្វើការជាមួយគ្នាក្នុងអំឡុងនៃពេលដែលលោក Harward ធ្វើជាមេបញ្ជាការរងរបស់ទីបញ្ជាកណ្តាលដែលត្រួតត្រាកងទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
លោក Harward មានអាយុ៦០ឆ្នាំ ដែលបានចូលនិវត្តន៍ពីយោធានៅឆ្នាំ២០១៣ បច្ចុប្បន្ននេះកំពុងធ្វើការជានាយកប្រតិបត្តិនៅក្រុមហ៊ុន Lockheed Martin ដែលជាក្រុមហ៊ុនផលិតអាវុធ និងយន្តហោះដែលនៅទីនោះលោកផ្តោតលើប្រទេសអេមីរ៉ាតអារ៉ាប់រួម ឬ United Arab Emirates។
សេតវិមានមិនបានប្រកាសជាសាធារណៈអំពីការតែងតាំងលោក ឬថាតើលោកសុខចិត្តទទួលយកតំណែងនេះដែលមិនតម្រូវឲ្យមានទទួលការយល់ព្រមពីព្រឹទ្ធសភាទេ។
បើបានទទួលការតែងតាំង លោក Harward នឹងជំនួសលោកឧត្តមសេនីយ៍ចូលនិវត្តន៍ Michael Flynn ដែលបានចាកចេញពីតំណែងរបស់លោកនៅសប្តាហ៍នេះបន្ទាប់ពីបានបំភ័ណ្ឌពួកមន្រ្តីនៅសេតវិមានអំពីការទាក់ទងរបស់លោកជាមួយពួកមន្រ្តីរុស្ស៊ីក្នុងអំឡុងនៃអន្តរកាលប្រធានាធិបតី៕