ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ប្រតិបត្តិ​អង្គការ Oxfam ប្រកាស​ពី​ករណី​បៀតបៀន​ផ្លូវភេទ​២៦ករណី


ស្លាក​សញ្ញា​អង្គការ Oxfam ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ម៉ាស៊ីន​មួយ​ដែល​ប្រើប្រាស់​ដើម្បី​ចែកចាយ​ទឹក​នៅ​ក្នុង​ក្រុង Corail ប្រទេស​ហៃទី កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ស្លាក​សញ្ញា​អង្គការ Oxfam ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ម៉ាស៊ីន​មួយ​ដែល​ប្រើប្រាស់​ដើម្បី​ចែកចាយ​ទឹក​នៅ​ក្នុង​ក្រុង Corail ប្រទេស​ហៃទី កាលពី​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។

នាយក​ប្រតិបត្តិ​អង្គការ​មនុស្សធម៌ Oxfam របស់​ចក្រភព​អង់គ្លេស​ កាលពី​ថ្ងៃអង្គារ​បាន​ថ្លែង​ថា​ អង្គការ​បាន​ធ្វើ​ការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​បៀតបៀន​ផ្លូវភេទ​ចំនួន២៦​ករណី។

លោក Mark Goldringនាយក​ប្រតិបត្តិ​អង្គការ Oxfam បាន​ប្រាប់​គណកម្មាធិការ​សភា​ក្នុង​ទីក្រុង​ឡុងដ៏​អំពី​ករណី​បៀតបៀន​ផ្លូវភេទ​ថ្មីៗ​ដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ប្រតិបត្តិការ​អន្តរជាតិ​របស់​អង្គការ​មនុស្សធម៌​នេះ។

លោក Goldring បាន​ថ្លែង​បន្ថែម​ថា «យើង​បាន​រក​ឃើញ​២៦ករណី ហើយ​យើង​ពិត​ជា​ចង់​ឲ្យ​មនុស្ស​ទម្លាយ​ប្រាប់​យើង​អំពី​រឿង​នេះ»។

លោក Goldring បាន​ថ្លែង​យ៉ាង​ដូច្នេះ​ នៅ​ស្របពេល​ដែល​សភា​ចោទ​សួរ​លោក​ជុំវិញ​នឹង​របាយការណ៍ដែល​បាន​ចេញផ្សាយ​កាល​ពី​ថ្ងៃចន្ទ​ ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​ទៅ​លើ​បុគ្គលិក​ចំនួន៧នាក់​ដែល​អង្គការ​នេះ​បាន​បញ្ជូន​ទៅ​ប្រទេស​ហៃទី​ បន្ទាប់​ពី​ហេតុការណ៍​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅក្នុង​តំបន់​ការ៉ាបៀន​ ថា​បាន​នាំ​យក​ស្រី​រក​ស៊ីផ្លូវ​ភេទ​មក​ដេក​នៅ​ក្នុង​ផ្ទះ​ដែល​អង្គការ Oxfam ជួល​នៅក្នុង​ប្រទេស​ហៃទី​កាល​ពី​ឆ្នាំ២០១១ ហើយ​៣នាក់​ក្នុង​ចំណោម​ពួកគេ​ទាំងនោះ​បាន​គំរាមកំហែង​សាក្សី​នៅ​អំឡុងពេល​ស៊ើបអង្កេត។

បុគ្គលិក​ចំនួន៤នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​ដោយសារ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ហើយ​លោក Roland Van Hauwermeiren ប្រធាន​អង្គការ​នេះ​ប្រចាំ​ប្រទេស​ហៃទី​ ជាមួយ​នឹង​បុគ្គលិក២នាក់​ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លាលែង​ចេញ​ពី​ការងារ។

លោក Goldring បាន​ថ្លែង​សុំទោស​ទៅ​កាន់​សភា​ក្នុង​នាម​តំណាង​ឲ្យ​អង្គការ Oxfam និង​បាន​និយាយ​ថា​អង្គការ​មនុស្ស​ធម៌នេះ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ខ្លួន​ឯង​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ទៅនឹង​ការ​ប្រើប្រាស់​ថវិការ​ជំនួយ​ទាំងនេះ។

កាល​ពី​សប្តាហ៍​មុន​អង្គការ Oxfam បាន​ថ្លែង​សុំទោស​ទៅ​កាន់​ប្រទេសហៃទី​ និង​បាន​ប្រកាស​ពី​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បៀតបៀន​ផ្លូវភេទ​ រួម​ទាំង​ប្រព័ន្ធ​ឆែក​ប្រវត្តិរូប​ បុគ្គលិក​សំខាន់ៗ​ផងដែរ៕

XS
SM
MD
LG