ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​ការពារ​រឿង​ដែល​លោក​ត្រាំ​មិន​ត្រូវ​បាន​ជូន​ដំណឹង​អំពី​​រុស្ស៊ី​ឲ្យ​រង្វាន់​ដល់​អ្នក​សម្លាប់​ទាហាន​អាមេរិក​


រូបឯកសារ៖ អ្នកនាំពាក្យសេតវិមាន អ្នកស្រី Kayleigh McEnany ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មាននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកនាំពាក្យសេតវិមាន អ្នកស្រី Kayleigh McEnany ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មាននៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រី​សេតវិមានបាន​ការពារ​ករណី​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់​ ត្រាំ (Donald Trump) មិន​ត្រូវ​បាន​គេ​ជូន​ដំណឹង​អំពី​សេចក្តី​រាយកាណ៍​ដែល​ថា​ ទី​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​បាន​ផ្តល់ប្រាក់​រង្វាន់​ដល់ជីវពល​តាលីបង់​ដើម្បី​សម្លាប់​ទាហាន​អាមេរិក​នៅ​ទី​នោះ។

ឆ្លើយ​តប​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ថា​តើ​ហេតុ​អ្វី​លោក​ប្រធានាធិបតី​មិន​ត្រូវ​គេ​ជូន​ដំណឹង អ្នក​នាំ​ពាក្យ​សេតវិមាន ​អ្នកស្រី Kayleigh McEnany កាល​ពី​ថ្ងៃ​ចន្ទ​បញ្ជាក់​ថា ព័ត៌មាន​ចារកម្ម​ត្រូវ​គេ​បញ្ជាក់​ថា ​ពិត​សិន​មុន​នឹង​ត្រូវ​ជូន​ដំណឹង​ដល់​ប្រធានាធិបតី ហើយ​ករណីមិន​ត្រូវ​បាន​បញ្ជាក់​ទេ។​

កាសែត​ New York Times បាន​រាយការណ៍​កាល​ពី​យប់​ថ្ងៃ​ចន្ទ ដោយ​ផ្អែក​លើ​ប្រភព​មន្ត្រី​ពីរ​រូប​ថា ព័ត៌មាន​អំពី​ទី​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​បាន​ផ្តល់ប្រាក់​រង្វាន់​ដល់ជីវពល​តាលីបង់​ដើម្បី​សម្លាប់​ទាហាន​អាមេរិក​នោះ​ ត្រូវ​បាន​គេ​បញ្ជូន​ក្នុងសេចក្តី​ជូន​ដំណឹងប្រចាំ​ថ្ងៃ​សម្រាប់​ប្រធានាធិបតី​តាំង​ពី​ចុង​ខែ​កុម្ភៈ​ម៉្លេះ គឺ​ជា​ច្រើន​ថ្ងៃ​ក្រោយ​លោក​ត្រាំ បាន​បណ្តេញ​ចេញ​លោក Joseph Maguire ពី​តួនាទី​ជា​ប្រធានស្តី​ទី​ខាង​ផ្នែក​ចារកម្ម​ជាតិ។

ប្រធាន​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​លោក Jonathan Hoffman បាន​ថ្លែង​ថា ក្រសួង​ការពារជាតិបន្ត​វាយតម្លៃ​ព័ត៌មាន​ចារកម្ម​នានា​អំពី​សកម្មភាពមិន​ល្អ​របស់​រុស្ស៊ី​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​និង​កងកម្លាំង​ចម្រុះ​នៅ​អាហ្វហ្គានីស្ថាន​ ​ប៉ុន្តែ​ថា ​មក​ទល់​នឹង​ពេល​នេះ លោក​មិន​មាន​ភស្តុតាង​អ្វី​ដែល​អាច​បញ្ជាក់ពី​ការ​ចោទ​ប្រកាន់​នៃ​របាយកាណ៍​នេះ​ទេ។

មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិបាល​អាមេរិក រួម​ទាំងលោក John Ratcliffe ប្រធានស៊ើបការណ៍សម្ងាត់​ និង​លោកស្រី Gina Haspel ប្រធាន​ទី​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ចន្ទកាពារ​របៀប​ចាត់ចែង​រឿង​ព័ត៌មាន​ស៊ើបការណ៍​នេះ៕

XS
SM
MD
LG