ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​អះអាង​​របស់​លោក Trump អំពី​ការ​បន្លំ​​សន្លឹក​ឆ្នោត​​នាំ​ឱ្យ​​​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​និង​សមាជិក​សភា​ខ្លះ​​​ងឿង​ឆ្ងល់


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមាន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

ការ​អះអាងដោយលោក​ប្រធានាធិបតី Donald Trump ថា​ការ​ប្រើសន្លឹក​ឆ្នោតផ្ញើតាម​ប្រៃសណីយ៍សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតីក្នុង​ខែ​វិច្ឆិកា​ខាង​មុន​នេះនឹង​នាំ​ឱ្យមាន «ការ​បោះឆ្នោត​មានការ​បន្លំ​ច្រើនបំផុត» នៅ​ក្នុង​ប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក​បាន​នាំឱ្យ​អង្គការតំណាងមន្ត្រី​រៀប​ចំ​ការ​ឆ្នោត​តាម​រដ្ឋ​និង​ពួក​សមាជិកសភាអាមេរិកសំខាន់ៗ​មានការងឿង​ឆ្ងល់។​

លោក Trump ​បានធ្វើការអះអាងដូច្នេះនៅ​ក្នុង​ tweets មួយ​ចំនួន​កាលពី​ថ្ងៃ​ចន្ទ ទី២២​ ខែមិថុនា​ ដោយ​លោក​បានចោទ​ប្រកាន់​ថា​ ការ​ប្រើសន្លឹកផ្ញើតាម​ប្រៃសណីយ៍នៅ​ក្នុង​រដ្ឋ​មួយចំនួន​ដែលខ្លះ​បានត្រូវ​បោះ​ពុម្ព​នៅ​ក្នុង​ប្រទេស​ក្រៅ«នឹង​ក្លាយ​ទៅ​ជារឿង​អាស្រូវនៃ​សម័យ​នេះ​របស់​យើង‍»‍!។

ក៏​ប៉ុន្តែពួក​អ្នក​តំណាង​នៃ​សមាគម​ជាតិ​នៃក្រុមរដ្ឋមន្ត្រី​កិច្ចការ​រដ្ឋ​ហៅកាត់​ថា​ NASS និងសមាគម​ជាតិ​នៃ​ពួក​នាយកខាង​ការ​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​រដ្ឋហៅ​កាត់​ថា​ NASED និយាយ​ថា ប្រសិន​បើ​មានអ្វី​មួយនៅពី​ក្រោយ​ការ​ចោទ​ប្រកាន់ទាំង​នេះ រដ្ឋបាលលោក​ Trump គួរ​បែង​ចែក​រំលែកឱ្យ​ពួក​គេបានដឹង​ផង។

អ្នក​ស្រី​ Maria Benson ជា​នាយិកា​ខាងគមនាគមន៍​របស់​សមាគម NASS បាននិយាយ​ប្រាប់​វីអូអេ​តាម​អ៊ីម៉ែល​ថា៖ «យើង​មិនបានដឹង​អំពីភ័ស្តុតាង​ណា​មួយគាំទ្រ​ការអះអាងរបស់​លោក​ប្រធានាធិបតី Trump ទេ។​ ជានិច្ច​ជាកាល​ យើងតែង​តែ​ចង់ដឹង​អំពី​កង្វល់របស់​រដ្ឋបាល‍»។

អ្នក​ស្រី Bensen ​បាន​និយាយ​ទៀតថា៖ «ប្រជាពលរដ្ឋអាមេរិកាំងគួរ​មាន​ការ​ទុក​ចិត្តថា ​ការ​បោះឆ្នោត​របស់​យើង​មានការ​គ្រប់គ្រងប្រកប​ដោយ​យុត្តិធម៌និង​មានសន្តិសុខល្អ​ផង​ដែរ​ជាមួយការ​ថែរក្សាបែប​ប្រព័ន្ធដែលឋិត​នៅ​ក្នុង​នោះ ​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹមត្រូវ»។

អ្នក​ស្រី Amy Cohen ដែល​ជា​នាយិកា​ប្រតិបត្តិ​នៃ​សមាគម NASED បាននិយាយ​ប្រាប់​វីអូអេថា៖ «សន្តិសុខ​មានសារៈសំខាន់​ណាស់សម្រាប់​ពួក​មន្ត្រីរៀប​ចំ​ការ​បោះឆ្នោត​តាម​រដ្ឋ»។

អង្គការ​ទាំងពីរ​នេះ​ដែល​តំណាងពួក​មន្ត្រីចាត់​ចែង​ការ​បោះឆ្នោតថ្នាក់រដ្ឋ​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យក៏​បានបង្ហាញ​អំពីសេចក្តី​ថ្លែងការណ៍​រួម​មួយ​កាល​ពី​ខែ​ឧសភា​ ដែលបាន​ធានារ៉ាប់​រង​ដល់ក្រុម​បោះ​ឆ្នោត​ថា៖ ​«រដ្ឋ​ទាំង​អស់បាន​អនុវត្ត​វិធានការ​សន្តិសុខមួយ​ចំនួនដើម្បី​ការពារភាពគួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ដល់​ការ​បោះឆ្នោត។ សមាជិក​សំខាន់​ម្នាក់​នៅ​ក្នុងគណៈកម្មាធិការខាង​ការ​ស៊ើបការ​សម្ងាត់​នៃ​ព្រឹទ្ធសភា​ស.រ.អ.​ដែល​បានចេញ​ផ្សាយរបាយការណ៍​មួយ​ចំនួន​អំពីការជ្រៀត​ជ្រែក​របស់​រុស្សី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ស.រ.អ.កាល​ពី​ឆ្នាំ២០១៦​ក៏​បានច្រាន​ចោលការនិយាយ​អះអាង​របស់​លោក​ប្រធានាធិបតី​អំពី​ការ​គៃ​បន្លំ​សន្លឹក​ឆ្នោត​ដែរ។

លោក Mark Warner ជាសមាជិក​ព្រឹទ្ធសភា​ស.រ.អ.និង​ជាអនុ​ប្រធានគណៈកម្មាធិការខាង​ស៊ើបការ​សម្ងាត់នៃព្រឹទ្ធសភា។ ​លោក​បាន​និយាយ​ប្រាប់​វីអូអេថា៖ «គណៈកម្មាធិការខាងស៊ើបការ​សម្ងាត់នៃព្រឹទ្ធសភា​មិន​គ្រាន់តែ​មិន​បានឃើញ​ភ័ស្តុតាងអំពីការ​ចោទ​ប្រកាន់នេះប៉ុណ្ណោះទេ ក៏​ប៉ុន្តែគណៈកម្មាធិការ​នេះ​ក៏​បាន​ផ្តល់​អនុសាសន៍តាម​មូលដ្ឋាននៃ​គណបក្ស​ទាំង​ពីរ​ឱ្យ​ប្រើ​សន្លឹក​ឆ្នោត​ជា​ក្រដាសពី​ព្រោះ​ជា​ការពិត​ពួកប្រទេសក្រៅ​មានអរិភាព​ដូច​ជា​ ប្រទេស​រុស្សី​ជា​ដើម​មានការពិបាកក្នុង​ការ​ជ្រៀតត​ជ្រែក​ជាងនៅ​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​អេឡិចត្រូនិច»។

ទី​ភ្នាក់​ងា​មួយ​ចំនួនរបស់​រដ្ឋាភិបាលស.រ.អ.ដែល​ទទួល​ខុស​ត្រូវដល់សន្តិសុខនៃ​ការបោះឆ្នោតក្នុង​ប្រទេសអាមេរិក ដោយមានរួម​បញ្ចូល​ទាំង​ទី​ភា្នក់ងារខាង​សន្តិសុខអ៊ីនធឺណិត និង​សន្តិសុខខាងហេដ្ឋារចនា​សម្ព័ន្ធហៅ​កាត់​ថា​ CISA ការិយាល័យ​នៃនាយកខាងការ​ស៊ើបការ​សម្ងាត់​ជាតិ​និង​ការិយាល័យសហព័ន្ធ​ខាង​ការ​ស៊ើបអង្កេតហៅ​កាត់​ថា​ FBI ​បាន​បង្វែរសំណួរ​របស់​វីអូអេ​អំពី​សន្លឹក​ឆ្នោត​ផ្ញើ​តាមប្រៃសណីយ៍​និង​ការ​គៃបន្លំសន្លឹក​ឆ្នោតទៅឱ្យ​សេតវិមាន។​

សំណួរ​របស់​វីអូអេ​ទៅ​កាន់​សេតវិមានអំពីការ​និយាយអះអាង​ទាំងនេះ​របស់​លោកប្រធានាធិបតី​គ្មាន​ចម្លើយទេ។​

ក៏​ប៉ុន្តែកាល​ពី​យប់​ថ្ងៃចន្ទ ទី២២​ ខែមិថុនា​ លោក Trump បាន​និយាយ​ជា​ថ្មី​ទៀតអំពី​ការចោទប្រកាន់​ទាំង​នេះ​នៅក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយ​ទូរទស្សន៍​ Scripps។​

នៅ​ពេល​ត្រូវ​សួរអំពី​ឧទាហរណ៍ លោក Trump បាន​និយាយ​ថា៖ «មាន​ករណី​រាប់ពាន់។​រាប់​ពាន់។​ខ្ញុំមិន​ចូល​ចិត្ត​ប្រព័ន្ធ​នេះ​ទេ‍»។

លោក​បាននិយាយ​បន្ថែមថា៖ «ជា​មួយសន្លឹក​ឆ្នោត​ផ្ញើ​តាម​ប្រៃសណីយ៍​ មនុស្សអាច​បន្លំបាន។​ ពួកប្រទេស​ក្រៅ​អាចបោះពុម្ព​សន្លឹក​ឆ្នោត​បាន។យើង​ខិតខំ​បញ្ឈប់​ការណ៍​នេះ»។

នេះមិនមែន​ជា​លើក​ដំបូង​ទេ​ដែល​លោក Trump ​បានរិះគន់ការប្រើ​សន្លឹក​ឆ្នោតតាម​រយៈ​ប្រៃ​សណីយ៍។

​លោក​បានរិះគន់ការបោះឆ្នោត​តាម​ប្រៃសណីយ៍​ជា​លើក​ដំបូងនៅ​ក្នុង​ tweet មួយ​កាល​ពី​ខែ​មេសា ដោយ​បានព្រមាន​អំពី​ការបន្លំ​សន្លឹកឆ្នោត។​

ហើយ​នៅ​ក្នុង tweet មួយ​កាលពី​ថ្ងៃ​ទី២៤​ ខែ​ឧសភា​ លោក​ Trump បានហៅការ​បោះឆ្នោត​តាម​រយៈប្រៃ​សណីយ៍​ថា​ជា​អំពើ​ទុច្ចរិត​មួយដែល​ជួយបន្លំសន្លឹក​ឆ្នោត។​

ក៏​ប៉ុន្តែការ​រិះ​គន់​ថ្មី​ៗបំផុត​របស់លោក​មានឡើងនៅក្រោយការព្រមានថ្មី​មួយ​ដោយ​លោក​រដ្ឋមន្ត្រីយុត្តិធ៌ម William Barr ដែល​បាននិយាយ​ប្រាប់​កម្មវិធី« Sunday Morning Futures‍» នៃទូរទស្សន៍​ Fox News ថាការប្រើសន្លឹក​ឆ្នោតតាមរយៈប្រៃសណីយ៍​‍«​ឱ្យ​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត‍»។

លោក Barr បាន​និយាយ​ថា៖ «នៅ​ពេល​នេះ​ ប្រទេស​ក្រៅ​មួយ​អាច​បោះពុម្ពសន្លឹកឆ្នោតក្លែងក្លាយហើយ​យើងមានការ​ពិបាក​ដឹងថាតើសន្លឹក​ឆ្នោត​ណាត្រឹម​ត្រូវ​ហើយ​សន្លឹក​ឆ្នោត​ណា​ទៀតក្លែងក្លាយ។​ ការណ៍​នេះ​អាច​បំផ្លាញ​ការទុក​ចិត្ត​ដល់​ទំនុក​ចិត្តក្នុង​ការបោះឆ្នោត​របស់យើង។ យើងគួរបន្តឹងរឿងនេះនៅ​ពេល​នេះតែ​ម្តង។»​

រដ្ឋ​ភាគច្រើន​នៅ​ក្នុង​ស.រ.អ.បាន​អនុញ្ញាតរួចស្រេច​ហើយ​នូវ​ទម្រង់ខ្លះនៃ​ការ​បោះឆ្នោត​ដោយផ្ញើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​ដែល​គេ​ហៅ​ថា​សន្លឹកឆ្នោតដែល «អ្នក​បោះឆ្នោត​អាចបោះឆ្នោតដោយ​អវត្តមាន‍»។ ​ក៏​ប៉ុន្តែ​ដោយសារ​មាន​កង្វល់​អំពី​ការ​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩​ រដ្ឋមួយ​ចំនួន​បាន​ពង្រីក​ការប្រើ​សន្លឹក​ឆ្នោត​តាម​ប្រៃសណីយ៍​សម្រាប់​ការបោះឆ្នោត​ក្នុង​ខែ​វិច្ឆិកា​ខាងមុខនេះ។

ពួក​មន្ត្រី​នៃ​ទី​ភា្នក់ងារខាង​សន្តិសុខ​អ៊ីនធឺណិត និង​សន្តិសុខខាងហេដ្ឋារចនា​សម្ព័ន្ធហៅ​កាត់​ថា​ CISA សន្យាថា ​នឹង​ជួយរដ្ឋ​ទាំង​អស់ក្នុង​ការ​ប្រើ​សន្លឹក​ឆ្នោត​ផ្ញើ​តាមប្រៃសណីយ៍​នៅ​ក្នុងការបោះឆ្នោត​ក្នុង​ខែវិច្ឆិកា​ពាក់​ព័ន្ធ​នឹង​រឿងសន្តិសុខ​ដោយ​មន្ត្រី​ម្នាក់​បានហៅ​ការ​បោះឆ្នោតបឋមមួយ​ចំនួន​ដែល​បានប្រព្រឹត្ត​ទៅ​ក្នុងខែ​មិថុនាដែល​ពឹង​ពាក់​ច្រើនលើការ​បោះឆ្នោតដោយ​ផ្ញើ​សន្លឹក​ឆ្នោត​តាមប្រៃសណីយ៍​ថា​ជា‍ «ការអនុវត្ត​ល្អ‍»៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

XS
SM
MD
LG