ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​សេតវិមាន​អាច​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​​កូរ៉េ​ខាង​ត្បូង


រូបឯកសារ៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង Moon Jae-in។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ត្រាំ​ នឹង​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង ជាមួយ​នឹង​ទីប្រឹក្សា​របស់​លោក​នៅ​សប្ដាហ៍​ក្រោយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ បន្ទាប់​ពី​លោក​បាន​និយាយ​ជាមួយ​នឹង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In អំពី​គម្រោង​លក់​សព្វាវុធ​ចម្បាំង។

ប៉ុន្តែ ប្រភព​ខាង​រដ្ឋាភិបាល​បាន​ប្រាប់​សារព័ត៌មាន Washington Post ថា លោក ត្រាំ​ បាន​ណែនាំ​ទីប្រឹក្សា​របស់​លោក​ឲ្យ​ត្រៀម​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង។

ប្រភព​ខាង​រដ្ឋាភិបាល​ទាំង​នោះ បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Washington Post បន្ថែម​ទៀត​ថា នីតិ​វិធី​ផ្លូវការ​ក្នុង​ការ​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ អាច​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​នេះ។

រដ្ឋបាល​របស់​លោក ត្រាំ​ បាន​ចាត់​វិធានការ​នានា​ដើម្បី​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជា​ច្រើន ដែល​លោក​ប្រធានាធិបតី ត្រាំ​ បាន​និយាយ​ថា ជា​កិច្ច​ព្រមព្រៀង​ដែល​មិន​ផ្ដល់​ផល​ប្រយោជន៍​ដល់​អ្នក​ធ្វើ​ការ​អាមេរិកាំង។

កន្លង​មក​មាន​សេចក្ដី​រាយការណ៍​ថា លោក ត្រាំ​ អាក់​អន់​ចិត្ត​ចំពោះ​កិច្ច​ប្រឹង​ប្រែង​នានា​ក្នុង​ការ​ចរចា​ឡើង​វិញ​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០០៧ និង​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ ២០១២ នេះ។ កន្លង​មក លោក​បាន​ត្អូញត្អែរ​អំពី​ការ​កើន​ឡើង​នូវ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG