កូរ៉េខាងជើងកំពុងព្រមានពីការសងសឹកឥតត្រាប្រណីអំពីការសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលធ្វើឡើងនៅលើឧបទ្វីបកូរ៉េ។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ យោធាកូរ៉េខាងជើង បានប្រាប់ឲ្យដឹងថា ខ្លួននឹងធ្វើការតបតដោយឥតត្រាប្រណីនៅក្នុងការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធនេះ សមយុទ្ធរយៈពេល១០ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទនោះលើឧបទ្វីបនោះ។
កូរ៉េខាងជើងជាធម្មតាប្រើប្រាស់វោហាសាស្ត្របង្កហេតុ ឬធ្វើការសាកល្បងអាវុធក្នុងអំឡុងនៃការធ្វើសមយុទ្ធប្រចាំឆ្នាំ ក៏ប៉ុន្តែ វោហាសាស្ត្ររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅឆ្នាំនេះ កាន់តែក្តៅគគុកឡើងជាងធម្មតា ដោយបានអះអាងថា សមយុទ្ធនេះជាឆាកសង្គ្រាមឈ្លានពានដែលរៀបចំឡើងដើម្បីធ្វើការវាយប្រហារជាមុនប្រឆាំងនឹងកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍នោះក៏បាននិយាយដែរថា កិច្ចប្រតិបត្តិការសម្ងាត់ដើម្បីដកមេដឹកនាំកូរ៉េខាងជើងជាផ្នែកមួយនៃសមយុទ្ធនោះ។
ទំនាក់ទំនងរវាងកូរ៉េខាងជើង និងខាងត្បូងជាធម្មតាមានការតានតឹង ក៏ប៉ុន្តែការតានតឹងនេះរីកកាន់តែធំឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង Kim Jong Un បានផ្លាស់ប្តូរការគំរាមកំហែងអស់រយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីការសាកល្បងកាំជ្រួចផ្លោងអន្តរទ្វីបរបស់កូរ៉េខាងជើងកាលពីខែមុន។ រដ្ឋាភិបាលក្រុងព្យុងយ៉ាងនិយាយថា កាជ្រួចមីស៊ីលរបស់ខ្លួនរចនាឡើងដើម្បីវាយប្រហារសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង និងជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក។
កម្មវិធីអាវុធរបស់កូរ៉េខាងជើងបានរំលោភការដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយរដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនអើពើការអំពាវនាវមកពីប្រទេសនានា រួមទាំងប្រទេសចិនដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន៕