ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អំពី​ការ​ឆ្លើយតប​ទៅ​នឹង​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង


រូបឯកសារ៖ ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក Jake Sullivan ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ ទីប្រឹក្សា​សន្ដិសុខ​ជាតិ​សហរដ្ឋ​អាមេរិក លោក Jake Sullivan ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២២។

សេតវិមាន​ប្រធានាធិបតី​អាមេរិក​បាន​ប្រកាស​ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​និយាយ​ដាច់​ដោយ​ឡែក​ពី​គ្នា​ជាមួយ​សមភាគី​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​អំពី​ការ​បាញ់​ម៉ីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​កាត់​ពី​លើ​ប្រទេស​ជប៉ុន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នក​នាំពាក្យ​ផ្នែក​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​អ្នកស្រី Adrienne Watson បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​ចន្ទ​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​ម៉ោង​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ថា៖ «នៅ​ក្នុង​ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នោះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទាំង​នោះ​បាន​ពិគ្រោះ​យោបល់​គ្នា​អំពី​ការ​ឆ្លើយតប​រួម​ជា​លក្ខណៈ​អន្តរជាតិ​ឱ្យ​បាន​សមស្រប​និង​ខ្លាំងក្លា [លើ​ប្រទេស​កូរ៉េ​ខាងជើង] ហើយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Jake Sullivan បាន​គូស​បញ្ជាក់​ជា​ថ្មី​អំពី​ការ​តាំងចិត្ត​ដ៏​ម៉ឺងម៉ាត់​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ការពារ​ប្រទេស​ជប៉ុន​និង​ប្រទេស​កូរ៉េ​ខាងត្បូង»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយឡែក​មួយ បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក៏​បាន​ថ្កោលទោស​ផង​ដែរ​លើ​ការ​បាញ់​សាកល្បង​ម៉ីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង​នេះ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «សហរដ្ឋ​អាមេរិក​ថ្កោលទោស​ចំពោះ​សកម្មភាព​នេះ ហើយ​អំពាវនាវ​ឱ្យ​ប្រទេស​កូរ៉េ​ខាងជើង​បញ្ឈប់​ការ​ធ្វើ​សកម្មភាព​បង្ក​អស្ថិរភាព​និង​ខុស​ច្បាប់​បន្ថែម​ទៀត»។

កាលពី​ឆ្នាំ ២០១៧ ប្រទេស​កូរ៉េ​ខាងជើង​ក៏​ធ្លាប់​បាញ់​មីស៊ីល​កាត់​ពី​លើ​ប្រទេស​ជប៉ុន​ផង​ដែរ នៅ​ចំ​ពេល​ដែល​មាន​ស្ថានការណ៍​តានតឹង​រវាង​កូរ៉េ​ខាង​ជើង​និង​សហរដ្ឋ​អាមេរិក ដោយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​លោក Donald Trump ដែល​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​ពេល​នោះ​បាន​រិះគន់​គ្នា​ខ្លាំងៗ​ទៅ​វិញ​ទៅ​មក៕

XS
SM
MD
LG