កាលពីថ្ងៃពុធ សមាជិកសភាប្រទេសកូរ៉េខាងត្បូងពីររូបដែលទទួលបានដំណឹងពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសនេះបានថ្លែងថា ប្រទេសកូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈសាកល្បងនុយក្លេអ៊ែររួចរាល់ហើយ ហើយអាចធ្វើការសាកល្បងនុយក្លេអ៊ែរនេះនៅរវាងថ្ងៃទី ១៦ ខែតុលា និងថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
សមាជិកសភាកូរ៉េខាងត្បូងទាំងពីររូបនេះបាននិយាយប្រាប់ក្រុមអ្នកកាសែតបន្ទាប់ពីទទួលបានដំណឹងពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសកូរ៉េខាងត្បូងថា ការត្រៀមរៀបចំរបស់ប្រទេសកូរ៉េខាងជើងសម្រាប់ការសាកល្បងនុយក្លេអ៊ែរបានចប់សព្វគ្រប់ហើយនៅឯរូងក្រោមដី Punggye-ri ដែលនៅទីនោះ កូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរនៅក្រោមដី ៦ ដងរួចមកហើយតាំងពីឆ្នាំ ២០០៦ មក។
សមាជិកសភាទាំងពីររូបនេះបានបញ្ជាក់ថា ពេលវេលានៃការសាកល្បងនេះគឺអាស្រ័យលើព្រឹត្តិការណ៍នានាដូចជាសមាជគណបក្សនៅប្រទេសចិន និងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកជាដើម។ ពួកគេក៏បាននិយាយផងដែរថា វាក៏អាស្រ័យលើថាតើរដ្ឋាភិបាលកូរ៉េខាងជើងអាចគ្រប់គ្រងការឆ្លងរាតត្បាតជំងឺកូវីដ១៩ បានកម្រិតណា។
លោក Youn Kun-young ដែលជាសមាជិកសភាម្នាក់ក្នុងចំណោមនោះ បានលើកឡើងថា៖ «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា ពួកគេមិនអាចប៉ាន់ប្រមាណអំពីលទ្ធភាពដែលអាចកើតឡើងនៃការសាកល្បងនេះទេ តែបានសន្មតថាកូរ៉េខាងជើងអាចធ្វើការសម្រេចចិត្តដ៏ទូលំទូលាយមួយ [អំពីការសាកល្បងនេះ] ផ្អែកលើទំនាក់ទំនងអន្តរជាតិនិងស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់ខ្លួន»។
លោក Yoo Sang-bum ដែលជាសមាជិកសភាម្នាក់ទៀត បាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូងយល់ឃើញថាការអះអាងដំបូងៗរបស់កូរ៉េខាងជើងដែលថាការឆ្លងរាតត្បាតជំងឺកូវីដ១៩ បានចប់ហើយនោះគឺ «មិនអាចជឿបាននោះទេ» ពីព្រោះប្រទេសនេះបានបិទខ្ទប់ម្ដងហើយម្ដងទៀត ហើយបន្ទាប់មកបានបើកតំបន់ជិតព្រំដែនចិនជាថ្មីឡើងវិញ ដែលនៅទីនោះ «ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ» នៅកំពុងធ្វើឡើងនៅឡើយ៕
កូរ៉េខាងត្បូងថា កូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរនៅចន្លោះថ្ងៃទី ១៦ តុលានិងថ្ងៃទី ៧ វិច្ឆិកា
- Reuters
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង —