ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ជប៉ុន​ថា កូរ៉េ​ខាងជើង​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​កាត់​ពី​លើ​ប្រទេស​ជប៉ុន


ប្រជាជន​កូរ៉េខាងត្បូង​កំពុង​មើល​កម្មវិធី​ព័ត៌មាន​មួយ​ដែល​ចុះ​ផ្សាយ​អំពី​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២។
ប្រជាជន​កូរ៉េខាងត្បូង​កំពុង​មើល​កម្មវិធី​ព័ត៌មាន​មួយ​ដែល​ចុះ​ផ្សាយ​អំពី​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង ថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២។

រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ដែល​គេ​មិន​ស្គាល់​ប្រភេទ​មួយ​គ្រាប់​កាត់​ពី​លើ​ប្រទេស​ជប៉ុន ដែល​នេះ​គឺ​ជា​ការ​បង្ក​ហេតុ​មួយ​ដែល​គេ​មិន​ដែល​ឃើញ​ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ។ ការ​បាញ់​នេះ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ជម្លៀស​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​អាណាខេត្ត Hokkaido និង​អាណាខេត្ត Aomori នៅ​ភាគ​ខាង​ជើង​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ប្រធាន​គណៈរដ្ឋមន្ត្រី​ជប៉ុន​លោក Hirokazu Matsuno បាន​ប្រាប់​អ្នក​កាសែត​ថា មីស៊ីល​នេះ​ត្រូវ​បាន​បាញ់​នៅ​វេលា​ម៉ោង ៧ និង ២២ នាទី​ព្រឹក​នៅ​ថ្ងៃ​អង្គារ​នេះ មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល ២២ នាទី​ក្រោយ​មក។

ក្រុម​នាយសេនាធិការ​កងទ័ព​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នេះ​គឺ​ជា​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ធម្យម (IRBM) ដែល​បាញ់​ចេញ​ពី​តំបន់ Jagang នៅ​ភាគ​ខាង​ជើង​ប្រទេស​កូរ៉េ​ខាងជើង និង​ហោះ​បាន​ចម្ងាយ ៤.៥០០ គីឡូម៉ែត្រ​ក្នុង​រយៈ​កម្ពស់ ៩៧០ គីឡូម៉ែត្រ។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida បាន​ថ្កោលទោស​ខ្លាំងក្លា​លើ​ការ​បាញ់​មីស៊ីល​នេះ ដោយ​បាន​ហៅ​ការ​បាញ់​នេះ​ថា​ជា​សកម្មភាព «ហួសហេតុ»។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​លោក Yasukazu Hamada បាន​និយាយ​ថា មីស៊ីល​នេះ​បាន​ហោះ​ពី​លើ​ប្រទេស​ជប៉ុន​រយៈពេល​ប្រហែល ១ នាទី ដោយ​ហោះ​បាន​ចម្ងាយ​ប្រហែល ៤.៦០០ គីឡូម៉ែត្រ ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​កាលពី​លើក​មុនៗ មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ចម្ងាយ​ប្រមាណ ៣.២០០ គីឡូម៉ែត្រ​ពី​ភាគ​ខាង​កើត​ប្រទេស​ជប៉ុន។

កាលពី​ចុង​ខែ​មករា​កន្លង​ទៅ​នេះ ប្រទេស​កូរ៉េ​ខាងជើង​បាន​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​រយៈ​ចម្ងាយ​ធម្យម​ប្រភេទ Hwasong-12។ បន្ទាប់ពី​ការ​សាកល្បង​នេះ​មក ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​កូរ៉េ​ខាងជើង​បាន​ពន្យល់​ថា គន្លង​ហោះហើរ​នៃ​មីស៊ីល​នេះ​គឺ​ធ្វើ​ឡើង​ដោយ «គិតគូរ​អំពី​សន្តិសុខ​របស់​ប្រទេស​ជិត​ខាង»។ ប៉ុន្តែ​សម្រាប់​ការ​បាញ់​លើក​នេះ​ហាក់​ដូចជា​ខុស​ពី​ការ​លើកឡើង​នេះ ដោយ​មីស៊ីល​នេះ​បាន​ហោះ​កាត់​ពី​លើ​ប្រទេស​ជប៉ុន​ប្រហែល ១ នាទី ដូច​ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់​ខាង​លើ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG