ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេត​វិមាន តតាំង​ជាមួយ​បក្ស​ប្រជាធិបតេយ្យ ដើម្បី​បង្ហាញ​ថា​ពួកគេ​ចង់បាន​សន្តិសុខ​ព្រំដែន


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

សេត​វិមាន បាន​តតាំង​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​បក្ស​ប្រឆាំង ​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​បង្ហាញថា​ពួកគេ​ចង់​បាន​សន្តិសុខ​រឹងមាំ​នៅ​តាម​ព្រំដែន​ប៉ែក​ខាង​ត្បូង​ជាប់​ប្រទេស​ម៉ិកស៊ិក ដោយ​ហេតុ​ថា​ ពេលនេះ ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ដែល​អូស​បន្លាយ​ពេល​យូរ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​នោះ បាន​ចប់​ទៅ​ហើយ ហើយ​រយៈពេល​បី​សប្ដាហ៍​សម្រាប់​ការ​ចរចាគ្នា​ ក៏​បាន​ចាប់​ផ្ដើម​ហើយ​ដែរ។

លោក Mick Mulvaney នាយក​ស្ដីទី​ទទួលបន្ទុក​ចាត់ចែង​ថវិកា​របស់​សេតវិមាន បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន Fox News កាល​ពី​ថ្ងៃ​អាទិត្យ​ថា ‍«‍នេះ​គឺ​ជា​ឱកាស​សម្រាប់​ឱ្យ​ពួក​ប្រជាធិបតេយ្យ​មើល​ឃើញ​ថា​តើ​ពួកគេ​ជឿជាក់​ទៅលើ​សន្តិសុខ​នៅ​តាម​ព្រំដែន​ដែរ​ឬ​ទេ» ដើម្បី​កុំ​ឱ្យ​មាន​ជន​អន្តោប្រវេសន៍​ខុសច្បាប់​និង​គ្រឿងញៀន​ខុសច្បាប់​ហូរ​ចូល​ក្នុង​សហរដ្ឋ​អាមេរិក។

ប៉ុន្តែ លោក Mick Mulvaney មាន​ប្រសាសន៍​ថា មេដឹកនាំ​អាមេរិក នឹង​ធ្វើ​ឱ្យ​ព្រំដែន​មាន​សន្តិសុខ «‍ទោះបីជា​មាន​ឬ​គ្មាន​សភា​ក៏ដោយ» ដោយ​រួម​ទាំង​តាម​រយៈ​ការ​ប្រកាស​ដាក់​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​អាសន្ន​ផង​ដែរ ប្រសិន​បើ​លោក​ប្រធានាធិបតី​ ត្រាំ ត្រូវ​តែ​ធ្វើ​នោះ។

​លោក Mick Mulvaney និយាយ​ថា សេតវិមាន «‍កំពុង​មើល​ឃើញ​ថា​គណបក្ស​ប្រជាធិបតេយ្យ កំពុង​ចាប់​ផ្តើម​យល់​ស្រប​ជាមួយ​លោក​ប្រធានាធិបតី​ហើយ» ទៅ​លើតម្រូវ​ការ​ជញ្ជាំង​ដែល​មាន​ប្រវែង​ជិត​៤០០​គីឡូម៉ែត្រតាម​បណ្ដោយ​ព្រំដែន​អាមេរិក​និង​ម៉ិកស៊ិក ​ដែល​មាន​ប្រវែង​សរុប​៣២០០​គីឡូម៉ែត្រ​នោះ។

លោក ត្រាំ បាន​ទាមទារ​ទឹកប្រាក់​ចំនួន​៥ពាន់​៧​រយ​លាន​ដុល្លារ ដើម្បី​សង់​របាំង​បែប​ណាមួយ​នៅ​តាម​ព្រំដែន​ប្រវែង​ជិត​៤០០​គីឡូម៉ែត្រ​នោះ។

ជម្លោះ​រវាង​លោក​ប្រធានាធិបតី​និង​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រឆាំង បាន​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ប្រមាណ​១ភាគ៣​នៃ​រដ្ឋាភិបាល​អាមេរិក​ ត្រូវ​បិទអស់​រយៈពេល​៣៥​ថ្ងៃ មុន​ពេល​ដែល​លោក​ត្រាំ បាន​យល់​ព្រម​កាល​ពី​ថ្ងៃ​សុក្រ តាម​ការ​ទាមទារ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ឱ្យ​បើក​រដ្ឋាភិបាល​ឡើងវិញ​រហូត​ដល់​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ ដោយ​គ្មាន​ថវិកា​សម្រាប់​សង់​ជញ្ជាំង​ណាមួយ​ឡើយ។

ពេលនេះ ភាគី​ទាំងពីរ កំពុង​ចរចា​គ្នា​អំពី​បញ្ហា​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​សន្តិសុខ​នៅ​តាម​ព្រំដែន៕

XS
SM
MD
LG