នៅពេលដែលការជួយសង្គ្រោះនៅក្នុងគ្រោះធម្មជាតិដោយសារខ្យល់ព្យុះ Harvey កំពុងបន្តធ្វើឡើងនៅក្នុងផ្នែកអាគ្នេយ៍នៃរដ្ឋ Texas សេតវិមានបានធានារ៉ាប់រងដល់ពួកជនរងគ្រោះដោយសារខ្យល់ព្យុះនេះថាខ្លួន «មិនទៅទីណាទេ» ហើយថាប្រាក់កាសដើម្បីជួយពួកគេនឹងបញ្ជូនទៅដល់ទីនោះ។
ខ្យល់ព្យុះ Harvey បានធ្វើឱ្យមានការខូចខាតច្រើន ខណៈដែលវាមានធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅលើរដ្ឋ Texas និងរដ្ឋ Louisiana អស់រយៈពេល៥ថ្ងៃ។
ទីក្រុង Houston ដែលជាក្រុងធំទីបួនរបស់ប្រទេសជាតិបានរងគ្រោះខ្លាំងជាងកន្លែងឯទៀតៗ។
ទោះណាជាភ្លៀងបានឈប់បង្អុរហើយមានថ្ងៃរះហើយក៏ដោយ ក៏មានការបញ្ជាឱ្យមានការជម្លៀសថែមទៀតនៅក្នុងផ្នែកខាងកើតនៃក្រុង Houston កាលពីថ្ងៃព្រហស្បតិ៍។
ចំនួនមនុស្សស្លាប់ទាក់ទិននឹងខ្យល់ព្យុះនេះមានយ៉ាងតិចណាស់៣៧នាក់ហើយលោក Tom Bossert ទីប្រឹក្សាខាងសន្តិសុខមាតុភូមិនៃសេតវិមានបាននិយាយប្រាប់ពួកអ្នកកាសែតថា ចំនួនមនុស្សបាត់បង់ជីវិតនឹងកើនឡើងច្រើនថែមទៀត។
លោក Bossert បានថ្លែងថា ពួកមន្ត្រីនៅតែរង់ចាំឆ្លើយតបនឹងការសុំឱ្យជួយស្រោចស្រង់ជីវិតមនុស្សហើយលោកមិនខិតខំប្រឹងប្រែងបង្ហាញថាស្ថានភាពនៅទីនោះល្អប្រសើរទេ។
លោកបាននិយាយថានឹងមាន «ដំណើរការស្រង់ការខូចខាចមួយយូរ និងតប់ប្រមល់»៕