ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​ព្យុះសង្ឃរា​បោក​បក់​នៅ​​ដីគោក​ម្តងទៀត​ធ្វើ​មានការ​ធ្លាក់​ភ្លៀងយ៉ាង​ខ្លាំង​នៅ​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង Houston


លំនៅស្ថាន​ត្រូវ​បាន​រុំព័ទ្ធ​ដោយ​ទឹកជំនន់​ពី​ព្យុះ​ត្រូពិក​ Harvey កាលពី​ថ្ងៃទី​២៩​ សីហា ២០១៧នៅ​រដ្ឋតិចសាស។

ព្យុះ​សង្ឃរា ហាវី ​ដែល​ជា​ព្យុះប្រកប​ដោយ​គ្រោះថ្នាក់​ដែល​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ ជំនន់​យ៉ាង​ខ្លាំង​នៅ​ក្រុង Houston ​រដ្ឋ​តិចសាស​ហើយ​បាន​បង្ខំ​មនុស្ស​រាប់​ម៉ឺន​នាក់​ចេញពីផ្ទះ​សម្បែង​របស់​ខ្លួន ​បាន​បោក​បក់​ម្តងទៀត​កាល​ពី​ថ្ងៃពុធដែល​វាបាន​ធ្វើ​ចលនា​ទៅកាន់​តំបន់​ភាគ​ខាង​កើត​ហើយ​បាន​ធ្វើ​ឲ្យមានការ​ធ្លាក់​ភ្លៀង​យ៉ាង​ខ្លាំង​នៅ​រដ្ឋ Louisiana ដែល​ជា​រដ្ឋ​ជិត​ខាង។

ប៉ុន្តែ ​មជ្ឈមណ្ឌល​ព្យុះសង្ឃរា​ជាតិ​បាន​ព្យាករណ៍​ថា ព្យុះ​នោះនឹង​ចុះ​ខ្សោយ​ជា បណ្តើរៗ​នៅពេល​ដែល​វា​ធ្វើ​ចលនា​ទៅកាន់ដីគោក​ហើយ​នឹង​ចាកចេញ​ពី​ក្រុង Houston ​ដែល​នៅ​ទីនោះ​ចំនួន​មនុស្ស​ដែលមិន​ដឹងចំនួន​បាន​នៅ​ជាប់​គាំងនៅ​ឡើយ​នៅ​ក្នុង​ផ្ទះ រត់​ទៅ​នៅព្រះវិហារ​គ្រឹស្ត​សាសនា ទឹក​សុទ្ធតែ​ភក់​មាន​ជម្រៅ​ត្រឹម​ចង្កេះ។

ព្យុះ​សង្ឃរា​តំបន់​ត្រូពិក ​ហាវី ​នៅ​មាន​ខ្យល់ខ្លាំង​ដែល​មាន​ល្បឿន​៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ឡើយ​ ​ហើយ​លោកស្រី Elaine Duke រដ្ឋ​មន្រ្តី​ក្រសួងសន្តិសុខ​មាតុភូមិ​ស្តី​ទី​បានព្រមាន​ថា «ទឹក​ជំនន់​ប្រកប​ដោយ​មហន្តរាយទំនង​ស្ថិត​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​បន្ទាប់​ពីភ្លៀង​ជាប្រវត្តិសាស្រ្ត​បាន​បញ្ចប់‍»។

លោកស្រី​រដ្ឋ​មន្រ្តី​ស្តីទី​បាន​មាន​ប្រសាសន៍ថា «​យើង​រំពឹង​ថា ការ​ស្តារ​ឡើង​វិញ​នឹង​ចំណាយ​ពេល​រាប់​សិប​ឆ្នាំ​នៅ​ក្នុង​រដ្ឋ​តិចសាស​ហើយ​រដ្ឋាភិបាល​សហព័ន្ធមាន​ការងារ​នៅ​វែងឆ្ងាយ​តទៅទៀត‍»។

នៅពេល​ឥឡូវនេះ ​លោក Brock Long ​ប្រធាន​រៀបចំ​ចាត់​ចែង​គ្រាអាសន្ន​របស់​សហព័ន្ធ​បាន​និយាយថា ​យើង​កំពុង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស‍»។

លោក Long បាន​និយាយថា ​មនុស្ស​៣ម៉ឺននាក់​បាន​ត្រូវរើ​ទៅ​កាន់​កន្លែង​ស្នាក់​នៅ​ជាង​២៣០ដោយ​មាន​មនុស្ស​១ពាន់​៨រយនាក់​បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ។មនុស្ស​ប្រហែល​២សែន​១ម៉ឺននាក់​បាន​ចុះ​ឈ្មោះ​សុំជំនួយ​រដ្ឋាភិបាល។ លោក Greg Abbott អភិបាល​រដ្ឋ​តិចសាស​និយាយថា ​ជំនួយ​ដែល​គិត​ជា​ប្រាក់​មាន​តម្លៃ​៣៧លាន​ដុល្លារ​បាន​អនុម័ត​រួច​ហើយ៕

XS
SM
MD
LG