លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនិងលោកជំទាវ Melania ត្រាំបានធ្វើដំណើរតាមយន្តហោះទៅកាន់រដ្ឋតិចសាសកាលពីថ្ងៃអង្គារដើម្បីពិនិត្យមើលជាលើកដំបូងរដ្ឋដែលទទួលការបំផ្លិចបំផ្លាញដោយទឹកជំនន់ ទោះបីនៅ ពេលដែលព្យុះសង្ឃរាតំបន់ត្រូពិកឈ្មោះ Harvey បន្តធ្វើឲ្យធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅក្នុងតំបន់នោះក៏ដោយ។
លោកប្រធានាធិបតីត្រាំបានប្រាប់ពួកមន្ត្រីជួយសង្គ្រោះនៅក្នុងទីក្រុង Corpus Christi នៅជិតទីកន្លែងព្យុះសង្ឃរា Harvey បក់បោកជាលើកដំបូងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា លោកមានមោទនភាពយ៉ាងខ្លាំងចំពោះការខំប្រឹងប្រែងរបស់ពួកគេដើម្បីជួយសង្គ្រោះជីវិតមនុស្ស ហើយនិងជួយមនុស្សឲ្យគេចចេញពីទឹកជំនន់ដ៏ខ្លាំងនៅក្នុងរដ្ឋនោះ។
លោកប្រធានាធិបតីត្រាំបានចាត់ទុកព្យុះសង្ឃរានោះជា «ព្យុះមិនដែលធ្លាប់មានកាលពីពេលមុន» ក៏ប៉ុន្តែ លោកប្រធានាធិបតីបានមានប្រសាសន៍ទៀតថា លោកសង្ឃឹមថា ក្នុងរយៈពេល៥ឬ១០ឆ្នាំទៀត ពួកអ្នករៀបចំចាត់ចែងមហន្តរាយធម្មជាតិនឹងពិនិត្យមើលការខំប្រឹងប្រែងជួយសង្គ្រោះរបស់រដ្ឋាភិបាលនៅសប្តាហ៍នេះថាជា «មធ្យោបាយមួយដើម្បីដោះស្រាយបញ្ហា។ យើងចង់ដោះស្រាយបញ្ហានេះឲ្យប្រសើរឡើងជាងកាលពីពេលមុន»។
ក៏ប៉ុន្តែ លោក Brock Long ប្រធានទីភ្នាក់ងាររៀបចំចាត់ចែងភាពមានអាសន្នរបស់រដ្ឋាភិបាលសហព័ន្ធបានព្រមានពីពេលវេលាដ៏លំបាកនៅពេលខាងមុខ ទោះបីនៅពេលដែលភ្លៀងចប់ក៏ដោយ។
លោក Long និយាយថា «ការងើបឡើងវិញនេះនឹងក្លាយជាការរកាំចិត្តមួយ ខណៈដែលលោកលួងលោមពលរដ្ឋក្នុងរដ្ឋនោះដឹងថា យើងនឹងស្ថិតនៅទីនេះជា មួយអ្នកទាំងអស់គ្នា»៕