ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស១០នាក់ ស្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​រដ្ឋ Colorado សហរដ្ឋ​អាមេរិក


ប៉ូលិស​ឈរ​នៅ​ខាងក្រៅ​ផ្សារ​ទំនើប King Soopers ដែល​ការបាញ់​ប្រហារ​បាន​កើតឡើង​នៅ​ថ្ងៃចន្ទទី២២ ខែមីនា ឆ្នាំ២០២១ នៅ​ទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋ​អាមេរិក។
ប៉ូលិស​ឈរ​នៅ​ខាងក្រៅ​ផ្សារ​ទំនើប King Soopers ដែល​ការបាញ់​ប្រហារ​បាន​កើតឡើង​នៅ​ថ្ងៃចន្ទទី២២ ខែមីនា ឆ្នាំ២០២១ នៅ​ទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋ​អាមេរិក។

ប៉ូលិស​ក្នុង​ទីក្រុង Boulder រដ្ឋ Colorado សហរដ្ឋ​អាមេរិក បាន​ឲ្យ​ដឹងថា មនុស្ស ១០ នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ឯ​ផ្សារ​ទំនើប​មួយ​កន្លែង។

អគ្គស្នងការ​ប៉ូលិស​ក្រុង Boulder អ្នកស្រី Maris Herold បាន​និយាយ​ថា អ្នក​ស្លាប់​ទាំង​នោះ​រួម​មាន​ទាំង​មន្ត្រី​ប៉ូលិស​លោក Eric Talley ផងដែរ ដែល​ជា​មន្ត្រី​ប៉ូលិស​ទៅ​ដល់​កន្លែង​កើត​ហេតុ​មុន​គេ​បង្អស់ បន្ទាប់ពី​មាន​ការ​រាយការណ៍​អំពី​ការ​បាញ់​ប្រហារ​នេះ។ អ្នកស្រី Herold បាន​ហៅ​សកម្មភាព​របស់​លោក Talley ថា​ជា «វីរភាព»។

អ្នកស្រី Herold បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ថា ជន​សង្ស័យ​ម្នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង ហើយ​ការ​ស៊ើបអង្កេត​នៃ​ការបាញ់​ប្រហារ​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ចំណាយ​ពេល​យ៉ាង​តិច ៥ ថ្ងៃ។

លោក Michael Dougherty ដែល​ជា​រដ្ឋអាជ្ញា​មួយ​រូប​នៃ​រដ្ឋ Colorado បាន​និយាយ​ថា ការ​ដាក់​ការ​សង្ស័យ​នៅ​ពេល​នេះ​លើ​មូលហេតុ​ណា​មួយ​នៃ​ការ​បាញ់​ប្រហារ​នេះ​គឺ​នៅ​ឆាប់​ពេក។

លោក Dougherty បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ជន​រងគ្រោះ​ទាំង​នេះ​ដើរ​ទិញ​ម្ហូប​អាហារ​ធម្មតា ប៉ុន្តែ​ជីវិត​របស់​ពួកគេ​ត្រូវ​បាន​កាត់ផ្ដាច់​ភ្លាមៗ​និង​គួរ​ឲ្យ​តក់ស្លុត​ដោយ​ខ្មាន់​កាំភ្លើង​ដែល​ឥឡូវ​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង។ ខ្ញុំ​សន្យា​ជាមួយ​ជន​រងគ្រោះ​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​រដ្ឋ Colorado ថា យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ស្វែងរក​យុត្តិធម៌​ឲ្យ​ទាល់តែ​បាន​នៅ​ក្នុង​រឿង​នេះ»។

អាជ្ញាធរ​បាន​និយាយ​ថា ពួកគេ​កំពុង​បន្ត​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​និង​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ៕

XS
SM
MD
LG