ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSEZ) នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ទី​៤​ដែល​ជួញដូរ​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា


លោកស្រី លីម ឈីវហូ ប្រធាន​ក្រុមហ៊ុន​ភ្នំពេញ​ អេស​អ៊ីហ្សិត ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ ក្នុង​កម្មវិធី​ប្រកាស​ការចាប់​ផ្តើម​លក់​ភាគ​ហ៊ុន​ដំបូង​ជា​សាធារណៈ (Initial Public Offering) ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)
លោកស្រី លីម ឈីវហូ ប្រធាន​ក្រុមហ៊ុន​ភ្នំពេញ​ អេស​អ៊ីហ្សិត ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ ក្នុង​កម្មវិធី​ប្រកាស​ការចាប់​ផ្តើម​លក់​ភាគ​ហ៊ុន​ដំបូង​ជា​សាធារណៈ (Initial Public Offering) ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

ក្រុមហ៊ុន​ ភ្នំពេញ​អេសអ៊ីហ្សិត​ នឹង​ក្លាយ​ជា​ក្រុមហ៊ុន​​ទី​បួន​នៅ​ក្នុង​ផ្សារ​មូលប័ត្រ​កម្ពុជា​​ ហើយ​ក៏​ជា​ក្រុមហ៊ុន​ទី​ពីរ​ដែល​ចេញ​ពី​វិស័យ​ឯកជន។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នឹង​ក្លាយ​ទៅ​ជា​ក្រុមហ៊ុន​ទី​៤សម្រាប់​ការ​ជួញ​ដូរភាគហ៊ុន នៅ​ក្នុង​ផ្សារ​មូលប័ត្រ​កម្ពុជា​ ដែល​បាន​ដំណើរការ​ជាង​បួន​ឆ្នាំ​មក​ហើយ។​

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ ដែល​បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​សាធារណៈ និង​ហៅ​កាត់​ថា​ ​ភ្នំពេញ​ អេសអ៊ីហ្សិត​ (PPSEZ)​ នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចាប់​ផ្តើម​លក់​ភាគហ៊ុន​ដំបូង​ជា​សាធារណៈ ​(Initial Public Offering) ​បន្ទាប់​ពី​ការធ្វើ​ប្រតិបត្តិការ​របស់​ខ្លួន​អស់​រយៈ​ពេល​ជាង​១០ឆ្នាំ​ ជាមួយ​ការ​កើន​ឡើង​នៃ​ប្រាក់​ចំណេញ​បីឆ្នាំជាប់ៗ​គ្នា។​

ក្រុមហ៊ុន​ ភ្នំពេញ​អេសអ៊ីហ្សិត​ នឹង​ក្លាយ​ជា​ក្រុមហ៊ុនទី​បួន​នៅ​ក្នុង​ផ្សារ​មូលប័ត្រ​កម្ពុជា ហើយ​ក៏​ជា​ក្រុមហ៊ុន​ទី​ពីរ​ដែល​ចេញ​ពី​វិស័យ​ឯកជន។​ ភ្នំពេញ​អេសអ៊ីហ្សិត​ គឺ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​នាំមុខ​គេ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ជាមួយ​ផ្ទៃ​ដី​ជាង​៣៥៧​ហិកតា​ និងក្រុមហ៊ុន​អន្តរជាតិ​៧៦​ក្រុមហ៊ុន។​

​លោកស្រី ​លីម ឈីវហូ​ ប្រធាន​ក្រុមហ៊ុនភ្នំពេញ​អេសអ៊ីហ្សិត​ ថ្លែង​ប្រាប់​ក្រុម​អ្នក​វិនិយោគិន​ជាតិ​និង​អន្តរជាតិ​ នៅក្នុងពិធី​ប្រកាស​ការ​ចាប់​ផ្តើម​លក់​ភាគហ៊ុន​ដំបូង​ជា​សាធារណៈ​ ហៅ​កាត់​ថា​ IPO ដែល​រៀបចំ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ថា​ ភ្នំពេញ​អេសអ៊ី​ហ្សិត​ គឺ​ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ដែល​បាន​រកស៊ី​បណ្តាក់ទុន​រវាង​អ្នក​ជំនួញ​ក្នុង​ស្រុក​ និង​បរទេស​ក្នុង​វិស័យ​ឯក​ជន​នៅ​កម្ពុជា។​ អ្នក​ស្រី​បញ្ជាក់​ថា​ ការ​ដាក់​ឲ្យ​លក់​ភាគហ៊ុន​នេះ​ បាន​បង្ហាញ​ពី​ការ​ជឿនលឿន​ទៅ​មុខ​នៃ​សកម្មភាព​វិនិយោគ​ឧស្សាហកម្ម​របស់ ភ្នំពេញ​អេសអ៊ីហ្សិត។​

លោកស្រី ​លីម ឈីវហូ ថ្លែង​ថា៖

«ការ​ចាប់​ផ្តើម​របស់​ IPO របស់​យើង​នៅ​ថ្ងៃ​នេះ គឺ​ជា​សញ្ញា​ដ៏​សំខាន់​នៃ​ទំនុក​ចិត្ត​ និង​ទីផ្សារ​សម្រាប់​អាជីវកម្ម​របស់​យើង​នៅ​ក្នុង​ពេល​អនាគត​រុងរឿង​សម្រាប់​ ភ្នំពេញ​អេសអ៊ីហ្សិត​ សម្រាប់​វិនិយោគ​របស់​យើង​សម្រាប់​ប្រទេស​កម្ពុជា»។​

លោកស្រី​ លីម​ ឈីវហូ​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បន្ថែមថា​ ក្រុមហ៊ុន​ភ្នំពេញ​អេសអ៊ីហ្សិត​ បាន​ធ្វើ​ការ​វិនិយោគ​ក្នុង​ទឹកប្រាក់​សរុប​៤៦០​លាន​ដុល្លារ​អាមេរិក និង​បាន​ធ្វើ​ឲ្យ​តំបន់​សេដ្ឋកិច្ច​ពិសេសភ្នំពេញ​ ក្លាយ​ជា​ទី​កន្លែង​សម្រាប់​ការ​វិនិយោគ​ឧស្សាហកម្ម និង​ទាក់ទាញ​ដល់​ក្រុមហ៊ុន​អន្តរជាតិ។ លោក​ស្រី​បញ្ជាក់​ផង​ដែរ​ថា​ ភ្នំពេញ​ អេស​អ៊ីហ្សិត​ គឺ​ជា​ក្រុមឯកជន​ជាតិទី​មួយ​ដែល​នឹង​ដាក់​លក់​ភាគហ៊ុន​របស់​ខ្លួន​ក្នុង​ផ្សារ​ភាគហ៊ុន​កម្ពុជា។​ ​

​យោង​ទៅ​តាម​ការ​បង្ហាញ​នៃ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​អ្នក​ជំនាញ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ភ្នំពេញ អេស​អ៊ីហ្សិត​ ​បាន​បង្ហាញ​ថា​ ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ដែល​បាន​ទូទាត់​ពី​ការ​បង់​ពន្ធ​រួច​ហើយ​ បាន​កើន​ពី​១.១លានដុល្លារ​ក្នុង​ឆ្នាំ​២០១២​ ដល់​ជិត​៤លាន​ដុល្លារ​នៅដំណាច់​ខែ​កញ្ញា​ឆ្នាំ​២០១៥។​ ក្នុង​ពេល​ចាប់​ផ្តើម​លក់​ភាគហ៊ុន​ដំបូង​ជា​សាធារណៈ​ ឬ​ IPO​ ក្រុមហ៊ុន​ ភ្នំពេញ​ អេស​អ៊ី​ហ្សិត​ គ្រោង​ដាក់​លក់​ភាគ​ហ៊ុន​ជាង​១១​លាន​ភាគហ៊ុន។​ តម្លៃ​ភាគហ៊ុន​គឺ​មាន​ពី​០.៧០​ដុល្លារ (ឬ​ប្រមាណ​ ២.៨០០​រៀល) ដល់​១​ដុល្លារ​ (ឬ​ប្រមាណ​៤.០០០រៀល)​ ​ក្នុង​មួយ​ភាគហ៊ុន។​ តម្លៃក្រុមហ៊ុន​នៅ​ទីផ្សារ​សរុប​របស់​ ភ្នំពេញ​ អេសអ៊ីហ្សិត អាច​ស្ថិត​ក្នុង​ចន្លោះ​ពី​ ៤០.៥១​លាន​ដុល្លារ ​ទៅ​៥៧.៨៨​លាន​ដុល្លារ។​

ឯកសារ​ដែល​បង្ហាញ​ពី​សក្ដានុពល​របស់​ ក្រុម​ហ៊ុន​ ភ្នំពេញ អេសអ៊ីហ្សិត​ បាន​ឲ្យដឹង​ថា​ ភ្នំពេញ​ អេសអ៊ីហ្សិត​ គឺ​ជា​គោលដៅ​ចម្បង​ក្នុង​ការ​វិនិយោគ​ឧស្សាហកម្ម​របស់​អ្នក​វិនិយោគ​ នៅ​ក្នុង​ការផលិតផលិត​ផលសម្រេច​មេកានិច​ និង​អគ្គិសនី​សម្រាប់​ការ​នាំ​ចេញ ផលិតផល​ទំនិញ​ប្រើ​ប្រាស់​ បំណែក​រថយន្ត​ និង​បង្គំ​បំណែក​សម្រាប់​ការ​ត្រៀម​ផលិត​ និង​រហូត​ដល់​ផលិតផល​សម្រេច​ជាច្រើន។ ក្រុមហ៊ុន​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ រួមមាន​ក្រុមហ៊ុន​ Minebea របស់​ជប៉ុន​ និង​ក្រុមហ៊ុន​ Coca-Cola របស់​សហរដ្ឋ​អាមេរិក​ និង​បណ្តា​ក្រុមហ៊ុន​ផ្សេងៗ​ទៀត។​ ​

ការ​ចាប់​ផ្តើម​លក់​ភាគហ៊ុន​ដំបូង​ជា​សាធារណៈ​របស់​ ​ក្រុមហ៊ុន ​ភ្នំពេញ អេសអ៊ីហ្សិត​ កើត​មាន​ឡើង​នៅ​ស្រប​ពេល​ដែល​ សកម្មភាព​ជួញដូរ​កំពុង​រើប​ឡើង​បន្តិច​ម្តងៗ ដោយ​ទំហំ​នៃ​ការ​ជួញដូរមាន​តែ​៦.០០០​ដុល្លារ​ប៉ុណ្ណោះ​ ក្នុង​មួយ​ថ្ងៃ​នៅ​ចុង​ឆ្នាំ​២០១៣​រហូត​មក​ដល់​១០.០០០​ដុល្លារ​ក្នុង​ពេល​បច្ចុប្បន្ន។​ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប្រតិបត្តិការ​ទីផ្សារ​នៃ​ផ្សារ​មូលបត្រ​កម្ពុជា។​ ​

លោក ល្មុន​ សូឡី​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​ផ្សារ​មូលបត្រកម្ពុជា (Cambodia Securities​ Exchange)​ បាន​ថ្លែង​ប្រាប់​ VOA​ កាល​ពី​ពេល​កន្លង​មក​ថា​ ទោះ​ជា​មាន​ការ​កើន​ឡើង​ទំហំ​នៃ​ការ​ជួញដូរ​ក្តី​ ដំណើរការ​ផ្សារ​ភាគហ៊ុន​នៅ​មាន​សភាព​យឺតយ៉ាវ។​ លោក​ថា​ បន្ទាប់​ពី​ក្រុមហ៊ុន​ភ្នំពេញ​ អេសអ៊ីហ្សិត ​ចុះ​បញ្ជី​ក្នុង​ផ្សារ​ភាគហ៊ុន​ ផ្សារ​ភាគហ៊ុន​នឹង​មាន​ល្បឿន​ទៅ​មុខ​បន្ថែម​ទៀត។​ លោក​បញ្ជាក់​ថា​ យ៉ាង​ណា​ក៏​ដោយ​ ផ្សារ​ភាគហ៊ុន​កម្ពុជា​ ត្រូវការ​ក្រុមហ៊ុន​ជាង​២០​ក្រុមហ៊ុន​ ដើម្បី​ឲ្យ​ការ​ជួញដូរ​មាន​សភាព​កាន់​តែ​សកម្ម​ឡើង។​ ​ ​

លោក ល្មុន​ សូឡី ពន្យល់​ប្រាប់ VOA ថា៖

«វា​ដំណើរ​វា​នៅ​យឺត​ ហើយ​ដើម្បី​ឲ្យ​ផ្សារ​យើង​វា​មាន​ការ​ជួញដូរ​លក្ខណៈ​ស្វ័យ​ទ្រទ្រង់​ ចរន្ត​ជួញដូរ​ប្រចាំ​ថ្ងៃ​ហ្នឹង​ប្រហែល​ យើង​ត្រូវ​ការ​ពី​១០ ទៅ​២០​ឡើង​ បើ​គិត​ទៅ។​ ១០​ ពី​២០​ ទៅ​ ឡើង​ទៅ​ គឺ​មាន​វិនិយោគិន​ច្រើន​ ដែល​អាច​ជួញដូរ​ មាន​ជា​ប្រចាំ»។

លោក​បន្ត​ថា​ ផ្សារ​ភាគហ៊ុន​នឹង​ចេះ​តែ​វិវត្ត​ខ្លួន​បន្ត​ទៅ​មុខ​ទៀត​ ហើយ​លោក​រំពឹង​ថា​ ក្រុមហ៊ុន​ជា​ច្រើនផ្សេង​ទៀត​នឹង​ចុះ​បញ្ជី​ក្នុង​ផ្សារ​ភាគហ៊ុន​នេះ​ ក្នុង​ពេល​ខាង​មុខ។​

ក្រុមហ៊ុន​ ភ្នំពេញ​ អេសអ៊ីហ្សិត​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦​ និង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ដែល​អាចត​ភា្ជប់​ទៅកាន់​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ គោក​ និង​អាកាស។​ ក្រុមហ៊ុន​ឯកជន​បរទេស​ ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​រួច​ហើយ​នោះ​ គឺ​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ Grand Twin International។​ ក្រុមហ៊ុន​រដ្ឋ​ចំនួន​ពីរ​ដែល​ចុះបញ្ជី​ហើយ​ដែរ​នោះ​ រួម​មាន​ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ។​

យ៉ាង​ណា​ក៏ដោយ​ អ្នក​វិភាគ​ទីផ្សារ​ក្នុង​ស្រុក​និយាយ​ថា​ ការ​ចុះ​បញ្ជី​ផ្សារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ភ្នំពេញ​ អេស​អ៊ីហ្សិត មិន​ទំនង​ជា​អាច​ផ្តល់​ជោគជ័យ​ដល់​ផ្សារ​ភាគហ៊ុន​កម្ពុជា​ ខណៈ​ដែល​អ្នក​វិភាគ​ទីផ្សារ​អន្តរជាតិ​ឲ្យដឹង​ថា​ កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​ និង​អំពើ​ពុករលួយ​ដែល​នៅ​ញាំញី​កម្ពុជា​ អាច​នឹង​ធ្វើ​ឲ្យ​ផ្សារ​ភាគហ៊ុន​កម្ពុជា​ពិបាក​នឹង​ទាក់ទាញ​ក្រុមហ៊ុន​ថ្មីៗ​បន្ថែម​ទៀត៕

XS
SM
MD
LG