អាហ្វហ្គានីស្ថាននឹងក្លាយជា«រដ្ឋឥតបានការ»ប្រសិនបើក្រុមតាលីបង់ដណ្ដើមអំណាច ដោយប្រើកម្លាំងបាន។ នេះបើតាមការបញ្ជាក់របស់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។ លោកBlinken ថ្លែងដូច្នេះ ស្របពេលដែលប្រតិភូជាន់ខ្ពស់មួយក្រុមមកពីក្រុមតាលីបង់បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនដើម្បីធានាដល់ក្រុមមន្ត្រីចិននូវកាតព្វកិច្ចជាអន្តរជាតិរបស់ពួកគេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងប្រទេសចិន មេដឹកនាំក្រុមតាលីបង់បានធានាដល់រដ្ឋាភិបាលក្រុងប៉េកាំងថា ក្រុមរបស់ខ្លួននឹងមិនអនុញ្ញាតឲ្យអាហ្វហ្គានីស្ថានត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់រៀបចំផែនការប្រឆាំងនឹងប្រទេសមួយផ្សេងទៀតនោះទេ។
គណៈប្រតិភូមួយក្រុមដោយរួមមានទាំងសហស្ថាបនិកក្រុមតាលីបង់លោក Mullah Abdul Ghani Baradar ផងនោះ កំពុងស្ថិតនៅក្នុងប្រទេសចិនដើម្បីចូលរួមក្នុងកិច្ច ប្រជុំមួយចំនួន ខណៈដែលក្រុមឧទ្ទាមនេះបន្ដប្រតិបត្តិការប្រយុទ្ធនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ដោយរួមមានទាំងតំបន់មួយចំនួនដែលមានព្រំដែនរួមគ្នាផងដែរ។
ព្រំដែនរវាងប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសចិនមានប្រវែងត្រឹមតែ ៧៦ គីឡូម៉ែត្រតែប៉ុណ្ណោះ ហើយពុំមានផ្លូវថ្នល់សម្រាប់ឆ្លងកាត់គ្នាបាននោះទេ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងភ័យខ្លាចថា ប្រទេសអាហ្វហ្គានីស្ថានអាចនឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានមួយសម្រាប់ក្រុមផ្ដាច់ខ្លួន Uyghur នៅក្នុងតំបន់ Xinjiang ប្រទេសចិន។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Mohammad Naeem បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្ដីបារម្ភទាំងនោះពុំមានមូលដ្ឋានច្បាស់លាស់នោះទេ៕