អ្នកជំនាញខាងគោលនយោបាយការបរទេសនិយាយថា វាពិបាកទស្សន៍ទាយអំពីគោលនយោបាយសហរដ្ឋអាមេរិកស្តីពីអ៊ុយក្រែន ប្រសិនបើលោក Trump វិលមកកាន់តំណែងនៅសេតវិមានវិញ។ អ្នកជំនាញថា បើលោក Biden ជាប់ឆ្នោតជាថ្មី គោលនយោបាយអំពីអ៊ុយក្រែនទំនងជាមិនប្រែប្រួលដោយភាគច្រើន ហើយអាចមានការដាក់ទណ្ឌកម្មខ្លាំងជាងមុនលើរុស្សីផងដែរ។
គោលជំហររបស់លោក Trump អំពីអ៊ុយក្រែននិងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងប្រទេសនេះមានភាពស្រពិចស្រពិល ផ្ទុយគ្នាហើយប្រហែលមានការវិវត្តផងដែរ។
កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ គឺពីរថ្ងៃមុនរុស្ស៊ីលុកលុយអ៊ុយក្រែនពេញទំហឹង លោក Trump បានហៅវិធានការរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រឆាំងនឹងអ៊ុយក្រែនថាជា«ការប៉ិនប្រសប់»និង«ឈ្លាសវៃ»។
នៅឆ្នាំបន្ទាប់ នៅក្នុងការប្រជុំសាធារណៈបើកចំហមួយកាលពីខែឧសភា ឆ្នាំ២០២៣លើបណ្តាញទូរទស្សន៍ CNN លោក Trump បានប្រកែកមិននិយាយថាតើលោកចង់ចង់ឱ្យភាគីណាឈ្នះនៅអ៊ុយក្រែនទេ ហើយលោកក៏ប្រកែកមិននិយាយថាតើលោកនឹងតាំងចិត្តផ្តល់ការគាំទ្រផ្នែកយោធាថែមទៀតដល់អ៊ុយក្រែនដែរ។
តែយ៉ាងណាក៏ដោយ ក៏ក្នុងខែមេសាឆ្នាំនេះ លោក Trump បានសរសេរនៅក្នុងបណ្តាញ Truth Social របស់លោកថា៖ «ហេតុដូចម្តេចបានជាអឺរ៉ុបមិនផ្តល់ប្រាក់កាសថែមទៀតដើម្បីជួយអ៊ុយក្រែន?...ហេតុដូចម្តេចបានជាអឺរ៉ុបមិនអាចផ្តល់លុយឱ្យបានស្មើឬបន្ថែមលើទឹកប្រាក់ផ្តល់ឱ្យដោយសហរដ្ឋអាមេរិកសម្រាប់ជួយប្រទេសមួយដែលមានសេចក្តីត្រូវការខ្លាំងនោះ? ដូចមនុស្សគ្រប់គ្នាយល់ស្របគ្នាថា ការរស់រាន្តនិងកម្លាំងរបស់អ៊ុយក្រែនមានសារៈសំខាន់ដល់អឺរ៉ុបជាងដល់យើង តែវាក៏សំខាន់ដល់យើងដែរ! ចូរអឺរ៉ុបចាត់វិធានការថែមទៀត!»
នៅក្នុងខែមេសាដដែល កាសែត The Washington Post បានផ្សាយអត្ថបទលម្អិតមួយអំពីអ្វីដែលខ្លួនហៅថា«ផែនការសម្ងាត់និងរយៈពេលយូរសម្រាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន»ដោយចែងថាផែនការនេះមានរួមការជំរុញអ៊ុយក្រែនឱ្យបោះបង់តំបន់ Crimea និងតំបន់ Donbas ទៅឱ្យរុស្ស៊ី។
ក្នុងខែឧសភា សារព័ត៌មាននេះបានរាយការណ៍ថា នៅក្នុងពិធីអង្គាសប្រាក់មួយ លោក Trump «បាននិយាយថា លោកនឹងទម្លាក់គ្រប់បែកលើក្រុងម៉ូស្គូនិងក្រុងប៉េកាំងប្រសិនបើរុស្ស៊ីលុកលុយអ៊ុយក្រែនឬប្រទេសចិនលុកលុយកោះតៃវ៉ាន់»។
លោក Michael Kimmage ជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងជាប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្ត្រនៃសាកលវិទ្យាល័យកាតូលិកអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកបាននិយាយប្រាប់វីអូអេថា ជាការពិបាកទស្សន៍ទាយថាតើបើលោក Trump ជាប់ឆ្នោតជាថ្មី លោកនឹងប្រកាន់យកគោលនយោបាយបែបណាចំពោះរុស្ស៊ីនិងអ៊ុយក្រែន។
លោកបានថ្លែងថា៖ «លោក Trump ជាមនុស្សប្តូរចិត្តញឹកញាប់និងជាញឹកញាប់ឆ្លើយតបចំពោះហេតុការណ៍នានាតាមអារម្មណ៍របស់លោក ជួនកាលក្នុងជីវភាពផ្ទាល់ខ្លួនលោក ជួនកាលក្នុងនយោបាយក្នុងប្រទេសនិងជួនកាលក្នុងកិច្ចការអន្តរជាតិ។ ដូច្នេះ ខ្ញុំយល់ថា វាយុត្តិធម៌ដោយនិយាយថា ភាពជាប្រធានាធិបតីរបស់លោក Trump មានភាពឡើងចុះដូច roller coaster»។
តើអាណត្តិទីពីររបស់លោក Biden មានសភាពបែបណា?
តាំងពីរុស្ស៊ីបានបើកការលុកលុយពេញទំហឹងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ មក សភាសហរដ្ឋអាមេរិកបានផ្តល់ប្រាក់ជំនួយ ១៧៥ពាន់លានដុល្លារឱ្យអ៊ុយក្រែនតាមសំណើរបស់រដ្ឋបាលលោក Biden។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានដាក់កំហិតទណ្ឌកម្មជាច្រើនលើរុស្ស៊ីនិងបានដឹកនាំក្រុមទំនាក់ទំនងការពារអ៊ុយក្រែន ដែលជាក្រុមចម្រុះមួយនៃពួកប្រទេសប្រមាណ ៥០ ដើម្បីសម្របសម្រួលជំនួយយោធា។
នៅក្នុងសុន្ទរកថារបស់លោកពីថ្ងៃទី ៦ ខែមិថុនា រំឭកខួបទី ៨០ នៃការឡើងគោករបស់កងទ័ពសម្ព័ន្ធមិត្តនៅ Normandy លោក Biden បានប្រៀបធៀបការប្រយុទ្ធប្រឆាំងនឹង Putin ថាដូចគ្នានឹងការប្រយុទ្ធប្រឆាំងនឹង Hitler ក្នុងសង្គ្រាមលោកលើកទី២ ដែរ។
លោក Biden បានមានប្រសាសន៍កាលពីខែធ្នូ ឆ្នាំមុននៅពេលលោកសុំសភាឱ្យយល់ព្រមផ្តល់ប្រាក់គាំទ្រអ៊ុយក្រែន ដោយលោកបានចែងថា ការមិនផ្តល់ជំនួយនឹងធ្វើឱ្យក្រុមអ្នកឈ្លានពានហ៊ាននិងលើកទឹកចិត្តលោក Putin ឱ្យវាយប្រហារប្រទេសណាមួយដែលជាសមាជិកអង្គការអូតង់ដែលសហរដ្ឋអាមេរិកប្តេជ្ញាការពារ។
លោក Kimmage ថានៅក្នុងអាណត្តិទីពីរ រដ្ឋបាលលោក Biden ទំនងជានឹងរក្សាគោលនយោបាយបច្ចុប្បន្នក្នុងការផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។ លោកបានថ្លែងថាដោយសាររដ្ឋបាលលោក Biden មានការពិចារណានយោបាយតិចជាងមុនក្នុងអាណត្តិចុងក្រោយរបស់ខ្លួន ខ្លួននឹងដាក់កំហិតទណ្ឌកម្មច្រើនជាងមុនប្រឆាំងនឹងរុស្ស៊ី។
លោក Kimmage បានពោលថា«វាមិនដូចថាពួកគេកំណត់គោលនយោបាយការបរទេសរបស់ពួកគេលើមូលដ្ឋាននៃការបោះឆ្នោតនោះទេ តែមានការកម្រិតនិងការរឹតត្បិតដែលខុសប្លែកខ្លាំងណាស់ក្នុងអាណត្តិទីពីរដែលលោក Biden មិនអាចឈរឈ្មោះជាថ្មីក្នុងឆ្នាំ ២០២៨។ ដូច្នេះ លោកនឹងមិនរវល់ខ្លាំងទៀតទេ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ
វេទិកាបញ្ចេញមតិ