រដ្ឋាភិបាលអ៊ុយក្រែននិងរុស្ស៊ី បានវាយប្រហារគ្នាទៅវិញទៅមកក្នុងពេលរំលងអាធ្រាត្រដោយប្រើមីស៊ីលនិងដ្រូនរាប់សិបគ្រឿង ដោយបណ្តាលឲ្យរបួសមនុស្សជាច្រើននាក់នៅអ៊ុយក្រែន និងធ្វើឲ្យខូចកន្លែងស្តុងប្រេងមួយក្នុងតំបន់ព្រំដែនរបស់រុស្សី។ នេះបើផ្អែកតាមទីភ្នាក់ងារសារព័ត៌មាន AFP ដែលបានរាយការណ៍ដោយយោងលើក្រុមមន្ត្រីដែលបាននិយាយនៅថ្ងៃសុក្រនេះ។
ភាគីទាំងពីរបានបង្កើការវាយប្រហារគ្នាតាមអាកាសឆ្លងព្រំដែនទៅវិញទៅមកក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ុយក្រែនដៅលើទីតាំងថាមពលរុស្ស៊ី ហើយរុស្ស៊ីវាយសងសឹកវិញ។
រុស្ស៊ីថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៨៧ គ្រឿង ដែល ៧០ គ្រឿង បានដៅលើតំបន់ Rostov ភាគខាងត្បូងរុស្ស៊ី ដែលជាទីតាំងនៃទីបញ្ជាការដ្ឋានប្រតិបត្តិយោធារុស្ស៊ីប្រឆាំងអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ីថាដ្រូន ៧០ គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Rostov និង ៦ គ្រឿងលើតំបន់ Kursk និង Voronezh និង ២ គ្រឿងលើតំបន់ Volgograd និងតំបន់ Belgorod ជាប់ព្រំដែនអ៊ុយក្រែន។
ការវាយប្រហារនេះ ធ្វើឲ្យដាច់ភ្លើងនៅផ្នែកជាច្រើនក្នុងតំបន់ Rostov។ នេះបើយោងតាមអភិបាលតំបន់នេះ គឺលោក Vasily Golubev ដែលបានបង្ហោះសារតាមបណ្តាញសង្គម។
នៅតំបន់ Voronezh ដែលជាប់ព្រំដែនអ៊ុយក្រែន កន្លែងស្តុកប្រេងមួយបានរងការខូចខាតបន្តិចបន្តួចដោយសារកម្ទិចធ្លាក់ចុះមក។ នេះបើយោងតាមអភិបាលតំបន់នេះគឺលោក Aleksander Gusev។
ចំណែកអ៊ុយក្រែនវិញថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់ដ្រូននិងមីស៊ីលរុស្ស៊ី ២៤ គ្រឿង ក្នុងចំណោម ៣១ គ្រឿងដែលបានបាញ់ពេលរំលងអាធ្រាត្រ។
មនុស្ស ៦ នាក់ បានរងរបួសក្នុងការវាយប្រហារលើទីប្រជុំជន Selydove នៅខ្សែត្រៀមជួរមុខក្នុងតំបន់ Donetsk ដែលញាំញីដោយសារសង្គ្រាម។ នេះបើយោងតាមអភិបាលតំបន់នេះ។
មនុស្ស ៣ នាក់ បានរងរបួសក្នងការវាយប្រហារដោយដ្រូននៅតំបន់ Sumy ប៉ែកខាងកើតអ៊ុយក្រែន ហើយផ្ទះជាច្រើនខ្នងបានខូចខាតនៅតំបន់ Kharkiv ដែលនៅជាប់គ្នានោះ៕
វេទិកាបញ្ចេញមតិ